អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន ចោទ​រុស្ស៊ីថាប្រកាស "ធ្វើសង្គ្រាម" អាមេរិក​បង្ខំ​រុស្ស៊ី​ឱ្យ​ដក​ថយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​អនុម័ត​​ព្រមព្រៀង ​ នៅល្ងាច​ម្សិលមិញ ឱ្យទាហាន​​រុស្ស៊ី​ អាច​ចេញ​ទៅ​​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ុយក្រែន តាម​សំណើ​របស់​លោក​ វ្លាដេមៀ ពូទីន ជា​ប្រធានាធិបតី ត្រូវ​​បាន​​​ទទួល​​ការ​ថ្កោល​ទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ មាន​ច្រើន​អនេក​និង​ភ្លាមៗ​តែ​ម្តង​ ការ​ថ្កោល​ទោស​​​រុស្ស៊ី ប៉ុន្តែមើល​ទៅ​​ដូច​ជា​គ្មាន​ឥទ្ធិពល​ ឬ​ប្រសិទ្ធិភាព​អ្វី​ទាំង​អស់ នៅ​ចំពោះ​មុខ​​​បុរសខ្លាំង​ពូទីន​ និង​ សិទ្ធិ​វេតូ ប្រឆាំងរបស់​​រុស្ស៊ី ដែល​អាច​រារះ​មិន​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​សម្រេច​ចិត្ត​អ្វី​បាន។

លោក អូបាម៉ា កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ពូទីន នៅ​សេតវិមាន
លោក អូបាម៉ា កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ពូទីន នៅ​សេតវិមាន © Reuters
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​បរិហារ ​ និងទោះ​បី​មាន​​ជំនឿ​ថា​រុស្ស៊ី​មិន​បើក​ប្រតិបត្តិការ​យោធា នៅ​គ្រីមេ​មែន ប៉ុន្តែរដ្ឋាភិបាល​​ក្រុង​គៀវ​ បាន​ទាញ​សញ្ញាអាសន្ន​ដាក់​ទាហាន​ក្នុង​ស្ថានភាព​ត្រៀម​ ប្រមូល​ទ័ព​បំរុង​ឱ្យ​ចូល​ជួរ ព្រមទាំង​បានសុំ​ជំនួយ​ការ​ពារ​បូរណភាព​ដែន​ដី​ពី​​​អង្គការ​អូតង់​​។ នៅ​ថ្ងៃនេះ​ទៀត​ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ប្រកាស​បិទ​ដែន​អាកាស​មិន​ឱ្យ​យន្តហោះ​យោធា​ហោះហើរ​ទេ ព្រោះ​យល់​ថា​សកម្មភាព​របស់​ប្រធានាធិបតី​រុស្ស៊ី​មាន​លក្ខណៈ​ប្រកាស​សង្គ្រាម។

ក្រុម​ប្រឹក្សាសន្តិសុខ​បើក​ប្រជុំ​បន្ទាន់

នៅក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ម្សិលមិញ​នេះ មហា​អំណាច​លោក​ខាង​លិច និង​រុស្ស៊ី បាន​ចោទ​គ្នា​​ដាក់គ្នា​ទៅ​វិញ​ទៅ​មក ថា​បាន​ជ្រៀត​ជ្រែក​កិច្ចការ​អ៊ុយក្រែន​។ ជំនួប​ប្រជុំ​បន្ទាន់​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​តឹង​សរសៃ​កបំផុត។ ជា​បឋម​ឡើង ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទាំង​១៥ បានជួប​ពិភាក្សា​ដោយ​បិទ​ទ្វារ។ តែ​ដោយ​យោ​ល​លើ​ទំហំ​ដ៏​ធំធេង​នៃ​វិបត្តិ សហរដ្ឋ​អាមេរិក អង់គ្លេស និងបារាំង បាន​ទាមទារ​តវ៉ា ជាមួយ​នឹង​រុស្ស៊ី ជិត​ពីរ​ម៉ោង ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ប្រជុំ​នេះ​មាន​ដំណើរការ​ជា​សាធារណៈ ពោល​គឺ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន អាច​ចូល​ស្តាប់​ និង​បញ្ចេញ​សំឡេង​បាន​ខ្លះ។

តំណាង​អ៊ុយក្រែន​បាន​ស្នើ​សុំ​អង្គការ​សហប្រជាជាតិ ឱ្យជួយ​ទប់​ស្កាត់​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ រុស្ស៊ី​ដែល​ក្រោម​គំនាប​ មិន​អាច​ផ្តល់​ចម្លើយ និង​ពន្យល់​បំភ្លឺ​អំពី វត្តមាន​ទាហាន​រុស្ស៊ី​ទៅ​គ្រីមេ ទៅ​កាន់​អង្គ​ប្រជុំ​ទេ។ តែ​បែរ​ជា​ចោទ​ប្រកាន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​រុញ​ច្រាន​ វិបត្តិ អ៊ុយក្រែន​ឱ្យ​ធ្លាក់​ដល់​កំរិត​នេះ។ សហរដ្ឋ​អាមេរិក​បាន​ស្នើ​បញ្ជូន​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ​ទៅ​គ្រីមេ តែ​ក្រុមប្រឹក្សា​មិន​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​អ្វី​ឡើយ ដោយ​ហេតុ​តែ​មាន​ការ​គំរាមកំហែង​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​រុស្ស៊ី។

នៅទីបំផុតជំនួប​ប្រជុំ​បន្ទាន់​គ្មាន​លទ្ធផល​ គ្មាន​ចេញ​ជា​សេចក្តី​ថ្លែងការណ៍ សម្រេច​ចិត្ត​អ្វី​ទេ។ សម្រាប់​សម្ព័ន្ធ​មិត្ត​អ៊ុយក្រែន ការ​ប្រជុំ​នេះយ៉ាង​ហោច​ណាស់ ក៏​បាន​បង្ហាញ​ម៉ូស្គូ​ថា​កំពុង​ស្ថិត​នៅ​ឯកា ហើយ​ស្ថានភាព​នៅ​គ្រីមេ មាន​គេ​ដឹង​ឮគ្រប់​ទិស។

ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​អូបាម៉ា និង​ពូទីន

​ការ​សន្ទនា​តាម​ទូរស័ព្ទ​​រវាង​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​នេះ មិន​មែន​ជា​​ការ​ចរចា​អ្វី​ទេ ! ហើយ​ក៏​មិន​បាន​ធ្វើ​ឱ្យ​លោក​ពូទីន​ ប្តូរ​ផ្លាស់​គំនិត​អ្វី​ដែរ ទោះ​បី​លោក​អូបាម៉ា បាន​លើក​ឡើង​អំពី​ករណី​រំលោភ​ច្បាប់ និង​កំហុស​ជា​ច្រើន​ចំណុច​របស់​រុស្ស៊ី​យ៉ាង​ណា​ក៏​ដោយ។ សម្រាប់​លោក​ពូទីន ទង្វើ​របស់​រុស្ស៊ី​ពេល​នេះ គឺ​គ្រាន់​តែ​ចង់​រក្សា​សុវត្ថិភាព សន្តិសុខ ពលរដ្ឋ​រុស្ស៊ី ប្រជាជន​រុស្ស៊ី​រស់​នៅ​គ្រីមេ និង​ផល​ប្រយោជន៍​រុស្ស៊ី ដែល​រង​​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​ថ្មី។

ប៉ុន្តែ​នា​ឱកាស​នោះ លោកអូបាម៉ា បាន​ព្រមាន​ថា​ អន្តរាគមន៍​យោធា​រុស្ស៊ី នៅ​អ៊ុយក្រែន គឺ​ពិត​ជា​នឹង​ធ្វើ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រុស្សី​អាមេរិក ជាក់​ជា​ពុំ​ខាន​ និង​ស្នើ​សុំ​ឱ្យ​រុស្ស៊ី​ដកទ័ព​ចូល​មូលដ្ឋាន​វិញ​។ មិន​ត្រឹម​ប៉ុណ្ណោះ លោក​ប្រធានាធិបតី​អាមេរិក បាន​ព្រម​រុស្ស៊ី ថា​នឹង​អាច​ជួប​ភាព​ឯកា​កាន់​តែ​ខ្លាំង នៅ​លើ​ឆាក​អន្តរជាតិ ប្រសិន​បើ​នៅ​តែ​ចចេស​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ុយក្រែន។ ផលវិបាក នយោបាយ​ សេដ្ឋកិច្ច​ នឹង​តាម​ក្រោយ​ជា​បន្ទាប់ទៅ​តាម​នោះ​ដែរ។ អ្វី​ដែល​ច្បាស់​ដំបូង​គេ គឺ​អាមេរិក បាន​សម្រេច​ផ្អាក​មិន​ចូល​រួម​ ក្នុងជំនួប​កំពូល​ប្រទេស​មហា​អំណាច​ទាំង​៨ ឬ​ហៅ​កាត់​ថា ហ្សេ៨ នៅ​ក្រុង​ស៊ុតឈី ខែ​មិថុនា​ខាង​មុខ។ ក្រោយ​ពី​ជួប​ពិភាក្សា​ជាមួយ​លោក​ពូទីន លោក​ប្រធានាធិបតី​អាមេរិក ក៏​បាន​ភ្ជាប់​ខ្សែ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​បារាំង​និង​នាយក​រដ្ឋមន្ត្រី​កាណាដា ដែល​ទាំង​ពីរ​ប្រទេស​នេះ គំរាម​មិន​ទៅ​ចូល​រួម​ប្រជុំ​ហ្សេ៨​ដែរ។

នឹង​មាន​អន្តរាគមន៍​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន ?

សភា​រុស្ស៊ី​បានអនុម័ត​​ឱ្យ​​ទាហាន​អាច​ចេញ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​គ្រីមេ មែន ប៉ុន្តែ ទាំង​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​ទាំង​រូប​លោក​ពូទីន​ផ្ទាល់​ក៏​បាន​ចេញ​មុខ​មក​និយាយ​យ៉ាង​ងើយ​ថា ក្នុងនាម​ជា​អគ្គមេបញ្ជាការ​កងទ័ព លោក​ពូទីន មិន​ទាន់​បាន​សម្រេចចិត្ត​ ថា​បញ្ជូន​ទ័ព​ទៅ​គ្រីមេ ឬ​បញ្ជា​ប្រយុទ្ធ​នៅ​ឡើយ​ទេ។ នេះ​គ្រាន់​តែ​ការស្នើ​សុំ​ បង្ការ​ប៉ុណ្ណោះ ព្រោះ​តាម​បែប​បច្ចេកទេស​ប្រធានាធិបតីរុស្ស៊ី​ ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ព ត្រូវ​សេចក្តី​អនុម័ត​យល់ព្រមពី​សភា​សិន បន្ទាប់​ទើប​មាន​ការ​សម្រេច​ប្រតិបត្តិ​ តាម​ក្រោយ​ដែល​ជា​សិទ្ធិ​របស់​អគ្គ​មេបញ្ជាការ។

ចំណែក​ខាង​អាជ្ញាធរ​អ៊ុយក្រែន​ផ្ទាល់​ ក៏​មាន​ជំនឿ និង​អារម្មណ៍​ថា​រុស្ស៊ី មិន​ធ្វើ​អន្តរាគមន៍​យោធា​ ដែល​មាន​ន័យ​ស្មើ​នឹង​បើក​ធ្វើ​សង្គ្រាម​ កាត់​ផ្តាច់​ទាំង​ស្រុង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នោះ​ដែរ។ នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​បានអះអាង​ថា​បាន​ជួន​​សន្ទនា​ជាមួយ​សមភាគី​រុស្ស៊ី លោក ឌីមីទ្រី​ មេតវេដេវ តាម​ទូរស័ព្ទ ស្នើ​សុំ​រុស្ស៊ី​បញ្ជូល​ទ័ព​ចូល​ក្នុង​លេនដ្ឋាន​វិញ។

ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​មាន​ឡើង​ខ្លាំង។ សំណើ​សុំ​ជំនួយ​ការពារ​សុវត្ថិភាព និង​បូរណភាព​ដែន​ដី​បាន​បញ្ជូន​ទៅ​អង្គការ​អូតង់​ពិចារណា​ហើយ។ អូតង់​បាន​កោះ​ហៅ​សមាជិក​ទាំង​២៨​ ​មក​ជួប​ជុំ​ពិភាក្សា​គ្នា​ នៅ​ថ្ងៃ​អាទិត្យ​នេះ។ ប្រធានាធិបតីស្តី​ទី​អ៊ុយក្រែន​ បាន​ប្រកាស​ដាក់​កងទ័ព​ក្នុង​ភាព​អាសន្ន​ត្រៀម​ប្រយុទ្ធ ពង្រឹង​សុវត្ថិភាព​​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ អាកាសយានដ្ឋាន និង​តាម​ចំណុច​យុទ្ធសាស្ត្រ​សំខាន់​របស់​ប្រទេស។ សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន ហ្សូលីយា ទីម៉ូឆេងកូ វិញ​ បាន​អំពាវនាវឱ្យមាន​ភាព​ស្ងប់​ស្ងាត់ ដើម្បី​កុំ​ឱ្យ​​​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ឬល្បែង​របស់​លោក​ពូទីន។

ជា​ល្បែង​ ព្រោះ​ថា​ពេល​នេះ​គេ​មិន​ដឹង​ពិត​ប្រាកដ​មាន​នរណា​នៅ​គ្រីមេ អ្នក​ណា​ជា​ស៊ីវិល អ្នក​ណា​ជា​ទាហាន កងទ័ព​ជំនួយ​មក​ពី​ណា ប្រភព​ព័ត៌មាន​ខ្លះ​និយាយ​ថា ៦ពាន់​នាក់​បញ្ជូន​មក​ពី​រុស្ស៊ី​ ដើម្បី​ពង្រាយ​​នៅ​គ្រីមេ តែ​តាមការពិត​ទៅនោះ​ក្នុង​សភា​ព​ធម្មតា​ រុស្ស៊ីមាន​វត្តមាន​ទ័ព​ជិត​២​ម៉ឺន​នាក់​ឈរ​ជើង​នៅគ្រីមេ​ស្រាប់ទៅ​ហើយ គ្រាន់​ពេល​មុន​ ពេល​ចេញ​ដើរ​ហើយ​ រុស្ស៊ី ប្រាប់​អាជ្ញាធរ​ជា​មុន។ ការ​ពិត​ណាស់ ថា​ជា​សភា​ព្រម​ឱ្យ​យោធា​រុស្ស៊ី​ចេញ​ធ្វើ​ប្រតិបត្តិការ អ៊ុយក្រែន​ប្រកាស​អាសន្ន ចុះ​បើ​សិន​នេះ​គ្រាន់​តែ​ជា​ការ​ដាក់​គំនាប ឬ​តេស្ត​ សាកល្បង​លើ​អ្នក​កាន់​អំណាច​ថ្មីនៅ​ក្រុង​គៀវ​ រុញ​ច្រាន​ ​ទាហាន​អ៊ុយក្រែន​​ឱ្យ​ប្រព្រឹត្ត​កំហុស ? ​រុស្ស៊ី​ទំនង​កំពុង​ស្ទង់​លោក​ខាង​លិច! ហើយម្យ៉ា​ង​ទៀត រុស្ស៊ី​ពេល​នេះ​មិន​ទាន់​បញ្ចេញ​កាំ​ភ្លើង​ធំ រុស្ស៊ី​​កំពុង​ស្ថិត​ក្នុង​ទម្រង់​ជា “ចាំទប់ទល់” នេះ​បើ​គេ​ជឿង​លើ​​​ពាក្យ​អះអាង​របស់​លោក​ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ