អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

លោក​ពូទីន​ទទួល​មែន ភ្លើង​ខៀវ​ពី​ព្រឹទ្ធសភា​ឲ្យ​គាត់​ប្រើ​កងទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន

លោកប្រធានាធិបតី​ពូទីន​ចង់​បញ្ជូន​ទ័ព​ទៅ​ប្រើ នៅ​សាធារណរដ្ឋ​ស្វយ័ត​គ្រីមេ នៃ​ដែនដី​អ៊ុយក្រែន ជាទី​ដែល មាន​ជនជាតិ​រុស្ស៊ី រស់នៅ ក្នុងភាគ​ច្រើន​ដាច់ខាត ហើយ​ដែល​ជីវិតគេ ស្ថិតនៅ ក្រោម​គំនាប គ្រោះថ្នាក់​ខ្លាំង​ឡើងៗ ពីខាង អាជ្ញាធរ​ថ្មី នៅក្រុងគៀវ ដែល​រុស្ស៊ី​មិន​ទទួល​ស្គាល់។ សំនើ​របស់​លោក​ប្រធានាធិបតី​ពូទីន គឺជា​ចម្លើយ​ជាក់លាក់ តប​នឹង​សំណូមពរ អំណាច​តំបន់​ស្វយ័តនោះ ដែល​ទទូច​ឲ្យ​ក្រុងម៉ូស្គូ ជួយ​ពាំនាំ​សន្តិភាព និង​ភាពស្ងប់សុខ​ស្រួល ដល់​តំបន់​នេះវិញ។

ក្រុមមនុស្ស​ប្រដាប់​អាវុធ​ដែល​ឈរ​នៅ​ជិត​រថយន្ត​រុស្ស៊ី ក្នុង​ទីក្រុង​សាំងហ្វេរ៉ូប៉ូល
ក្រុមមនុស្ស​ប្រដាប់​អាវុធ​ដែល​ឈរ​នៅ​ជិត​រថយន្ត​រុស្ស៊ី ក្នុង​ទីក្រុង​សាំងហ្វេរ៉ូប៉ូល ©REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ជា​ការកត់សម្គាល់ ស្រប​នឹង​រដ្ឋធម្មនុញ្ញ ការអនុញ្ញាតិ​ឲ្យ​ប្រើ​កងទ័ព​រុស្ស៊ី នៅបរទេស គឺ​ស្ថិតនៅ ក្នុង​សមត្ថកិច្ច​នៃ​សភា​ជាន់លើ ហៅ​ថា “ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​រដ្ឋសភា​រុស្ស៊ី “ ពោល គឺ​ព្រឹទ្ធសភា។ ហើយ ការអនុញ្ញាតិ​នេះ​ត្រូវ​ព្រឹទ្ធសភា​អនុម័ត គឺលុះណា​តែ​មាន​សំនើ ពី​ខាង​ប្រធានាធិបតី​ដែល​ត្រូវ​រដ្ឋធម្មនុញ្ញ​ចែង​ថា ជា អគ្គមេបញ្ជា​ជាន់ខ្ពស់​បំផុត​នៃ​ប្រទេស។

 
ក្នុង​ពាក្យសុំ​របស់​លោក​ប្រធានាធិបតី​ពូទីន ដាក់​ជូន​ព្រឹទ្ធសភា ប្រកាស​ដោយ​វិមាន​ក្រេមឡាំង ល្ងាច​ថ្ងៃ​ទី១​មីនា មាន​លើកឡើង​ថា៖ “ដោយមក​ពី​ស្ថានការណ៍​វិសាមញ្ញ​កើត​ឡើង នៅអ៊ុយក្រែន ដែល​បង្កើត​ជា​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាពលរដ្ឋ​នៃ​សហព័ន្ធ​រុស្ស៊ី ជីវិត​ជនរួម​ឈាម​រុស្ស៊ី ជីវិត​អង្គភាព​ទ័ពរុស្ស៊ី ដែល​ស្រប​នឹង សន្ធិសញ្ញា​អន្តជាតិ វត្តមាន​នៅ តំបន់​ស្វយ័ត​គ្រីមេ នៃ​រដ្ឋអ៊ុយក្រែន ហើយ​ដោយយោង​ទៅលើ មាត្រា ទី១០២ នៃ​រដ្ឋធម្មនុញ្ញ ខ្ញុំ​សូមសេចក្តី​អនុញ្ញាតប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី នៅលើ ដែនដី​អ៊ុយក្រែន លុះ​រហូត​ដល់​ស្ថានការណ៍​សង្គម-នយោបាយ​ក្នុង​ប្រទេសនេះ មាន​ប្រក្រតីភាព ស្រួលបួល​ឡើងវិញ។

គឺយប់មិញ​តែម្តង ដែល​ព្រឹទ្ធសភា ក្នុង​អង្គប្រជុំ​ជាបន្ទាន់ ដោយ​សម្លេង ជាឯកច្ឆន្ទ បាន​អនុម័ត សេចក្តីសម្រេច បើកផ្លូវ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី ប្រើ​កងទ័ព​ជាតិ នៅក្រៅ​ព្រំដែន​រុស្ស៊ី។ ទោះបី លោកស្រី​ប្រធាន​ព្រឹទ្ធសភា Valentina Matvienko បាន​ប្រកាសថា ឯកសារនេះ​ចូល​ជា​ធរមាន ភ្លាម​ទៅហើយ ក៏អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង ថ្លែងថា លោកពូទីន នៅមិនទាន់​អារកាត់ ក្នុងចិត្ត នៅឡើយ តើទ័ព​ចំនួន​ប៉ុន្មាន ដែល​ត្រូវបញ្ជូន​ទៅ ហើយ​បញ្ជូន​ពេលណា​នោះ ដោយ​នៅ​រង់ចាំ​មើល ដំណើរ​វិវឌ្ឍ​នៃស្ថានការណ៍ នៅអ៊ុយក្រែន។

អស់​ប៉ុន្មាន​ថ្ងៃមក​ហើយ បស្ចិមលោក​សង្ស័យ​ថា រុស្ស៊ី អាច​ធ្វើ​អន្តរាគមន៍​យោធា ចូល​អ៊ុយក្រែន ក្នុង​ផ្ទៃ​នៃ​សមយុទ្ធ​កងទ័ព​រុស្ស៊ី ដែល​ឥត​ប្រកាស​ឲ្យដឹង ជាមុន នៅលើ​ដែនដី ជិត​ព្រំដែន​អ៊ុយក្រែន​ផ្ទាល់ តាំងពី​ថ្ងៃ ២៧ កុម្ភៈមក ហើយ​ដែល នឹង ចប់ នៅថ្ងៃចន្ទ ទី៣មិនា ដោយមាន ដាក់​ឲ្យសកម្ម គឺ​យោធា ១៥០.០០០នាក់, យន្តហោះ ៩០គ្រឿង, ឧទ្ធម្ភាគចក្រ ១២០គ្រឿង រថក្រោះ៨៧០គ្រឿង យានយន្តប្លែកៗ ១.០០០គ្រឿង, និង​នាវាចំបាំង ៨០គ្រឿង។ តំបន់គ្រីមេ ជាទី​ដែលមាន កងនាវា​រុស្ស៊ី​វត្តមាន នៅ​ក្រុងផែ Sebastopol មាត់​សមុទ្រខ្មៅ សព្វថ្ងៃ​រស់នៅ ដោយ បណ្តាជន ២លាន៤សែននាក់ ពីក្នុងនោះ ដល់ទៅ ៦០% ជាជាតិរុស្ស៊ី រីឯ ជាតិ​អ៊ុយក្រែន​ផ្ទាល់ មាន​តែ២៤% ហើយ១២% ជាជាតិ Tatare កាន់សាសនា អ៊ីស្លាម។ ជាតិរុស្ស៊ី មានចំនួន ច្រើនយ៉ាងនេះ ដ្បិត ទឹកដី​គ្រីមេ ជាទឹកដី​រុស្ស៊ី តាំងពីបុរាណកាល មក ប៉ុន្តែ ៦០ឆ្នាំមុន ក្នុងឆ្នាំ១៩៥៤ មេដឹកនាំសូវៀត ឈ្មោះ Nikita Khroutchev ជាជាតិ អ៊ុយក្រែន​ស្រាប់ ដោយអត្តនោម័ត បាន​ដកទឹកដី​នេះ​ចេញ​ពី​រុស្ស៊ី ហើយធ្វើ​ជាកាដូ ទៅឲ្យ អ៊ុយក្រែន តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ