អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​លង់​ខ្លួន​នឹង​បេសកកម្មទ្វេ​គ្រោះ​នៅ​​អ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​ជីហាត និកាយ​ស៊ុយនីត នៅ​អ៊ីរ៉ង់​ ឬ ក្រុម EIIL បាន​និង​កំពុង​ ពង្រឹង​ទីតាំង និង​រុល​ទៅ​មុខ​ជា​និច្ច​ ក្នុង​ភាគ​ខាង​លិច​​ប្រទេស និង​តំបន់​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី។ ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង​ចុងក្រោយ​នេះ ក្រុង​បី​ថ្មី​ទៀត បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ជីហាត​។ ក្រុមយោធា​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​ថា​ពិត​ជា​បាន​ដក​ទ័ព​ថយ​ចេញ​ពី​​ក្រុង​ទាំង​បី​នោះ ដោយ​មូលហេតុ​តាកទិច មុន​នឹង​សម្រុក​ចូល​ទៅ​វិញ។ បើ​តាម​នាយ​ទាហាន​ និង​ក្រុមគ្រូពេទ្យ​ ពួក​ឧទ្ទាម​អ៊ីស្លាម​ ទំនង​ជា​បាន​សម្លាប់​អ្នក​ទទួល​ត្រូវ​​ក្នុង​ក្រុង​នោះ អស់​ប្រមាណ​២០​នាក់។គឺ​ក្នុង​បរិបទ​ដ៏​ហិង្សា​នេះ​ ដែល​ លោក​ប្រមុខ​ការទូត​អាមេរិក ចន​ឃែរី បាន​ប្រមូល​គ្រប់​កម្លាំង​ដើម្បី​ដោះស្រាយ​វិបត្តិ។ តាំង​ពី​ថ្ងៃ​អាទិត្យ​ទី ២២​មិថុនា មក​លោក​​ ចន ឃែរី បាន​ចេញ​​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ដើម​បូព៌ា នៅ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ថ្ងៃ​ចន្ទ​នេះ និង​បន្ទាប់​មក​នឹង​បន្ត​ដំណើរ​ទៅ កាន់​អឺរ៉ុប​ ដើម្បី​បាន​ជួប​ពិគ្រោះ​ជាមួយ​ប្រទេស​ជា​ដៃគូ​និង​សម្ព័ន្ធមិត្ត។

កង​កម្លាំង​យោធា​អ៊ីរ៉ាក់ ទប់​ទល់​យ៉ាង​ត្រដាប​ត្រដួស​ការ​រុល​ទោ​មុខ​របស់​ពួក​ជីហាត
កង​កម្លាំង​យោធា​អ៊ីរ៉ាក់ ទប់​ទល់​យ៉ាង​ត្រដាប​ត្រដួស​ការ​រុល​ទោ​មុខ​របស់​ពួក​ជីហាត REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់ បានទទួល​ស្គាល់​ថា​ បាន​​​​ដក​ថយ​​មែន ប៉ុន្តែ​ជា​តាកទិច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ស្តាប់​មើល​ទៅ​គឺ​មិន​ដូច្នោះ​ទេ ! នៅ​ថ្ងៃ​សៅរ៍​ ពួក​ជីហាត បាន​ដណ្តើម​គ្រប់គ្រង​តំបន់​ប៉ុស្តិ៍​ត្រួតពិនិត្យ​​ព្រំដែន​ជាមួយ​​ស៊ីរី បន្ទាប់​មក​ក៏​វាយ​យក​បាន​ក្រុង​ រ៉ូតបា ចម្ងាយ​ប្រមាណ​តែ​១៥០​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​ហ្ស័កដានី​។ ហើយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប៉ុស្តិ៍​ព្រំដែន​ហ្ស័កដានី​ ក៏​យក​បាន ក្រុង​ពីរ​ទៀត ក៏​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ជីហាត ពោល​គឺ​តំបន់​អាល អាន់បា ភាគ​ខាងលិច​ប្រទេស​ទាំង​មូលដែល​ជា​តំបន់​​ប្រមូល​ផ្តុំ​ដ៏​សំខាន់​របស់​ពលរដ្ឋ​អ៊ីរ៉ាក់​​និកាយ​ស៊ុននីត​រស់​នៅ។

 
យុទ្ធសាស្ត្រ​របស់​ពួក​ជីហាត EIIL
 
ពួក​ជីហាត​នៅ​ពេល​នេះ នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រដ្ឋធានី ប៉ុន្តែ​ការ​រុល​ទៅ​ដណ្តើម​យក​ក្រុង​បាតដាដ​ហាក់​ដូច​ជា​បន្ថយ​ល្បឿន​បន្តិច។ ទំនង​ដោយ​បញ្ហា​យុទ្ធសាស្ត្រ​ក៏​មិន​ដឹង ​ជួន​កាលពួក​​ជីហាត​នេះ​ត្រូវ​ការ​ពង្រឹង​មូលដ្ឋាន​ជើង​ក្រោយ​ឱ្យ​បាន​រឹង​ម៉ាំ​ខ្លាំង​សិន។ ​អ្នក​វិភាគ​ខ្លះ​យល់​ថា​ ពួក​ជីហាត​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ចង់​បង្កើ​ត​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់ និង​ឡឺវ៉ង់ នៅ​​ត្រង់​ចន្លោះ​រវាង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ឬ​ក៏​ចង់​ប្រែ​ក្លាយ​តំបន់​ ខាង​លិច​ ប្រទេស​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​និកាយ​ស៊ុននីត ចាំ​តំបន់​ស្វយ័ត ដូច​តំបន់​ប៉ែក​ជើងជា​របស់​ជនជាតិ​គួដ។

រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ
 
លោក​ចន ឃែរី ​ ចង់​ចំណាយ​ពេល​​មួយ​សប្តាហ៍​នេះ ដើម្បី​ពិគ្រោះ​ជាមួយ​ប្រទេស​ជា​ដៃគូ ប្រទេស​ជា​សម្ព័ន្ធមិត្ត​ រក​ដំណោះស្រាយ​​តាម​ផ្លូវ​នយោបាយ​ឱ្យ​វិបត្តិ​អ៊ីរ៉ាក់។ លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ និង​តំណាង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ក្នុង​ពេល​រសៀល​នេះ។ ម្យ៉ាង​ទៀត តំណាង​អាមេរិក មក​លើក​នេះ មក​ជាមួយ​នឹង​សម្ពាធ ៖ អាមេរិក​​ ចង់​បញ្ចុះ​បញ្ចូល​ឱ្យ​នាយក​រដ្ឋមន្ត្រី​​អ៊ីរ៉ាក់ នូរី អាល់​ម៉ាលិគិ បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ។ ពីព្រោះ​សហរដ្ឋ​អាមេរិក តាម​រយៈ​សំឡេង​​របស់​លោក​ប្រធានាធិបតី បារ៉ាក់​អូបាម៉ា វិបត្តិ​អ៊ីរ៉ាក់ មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​យោធា​បាន​ឡើយ !

​អាមេរិក​មិន​មែន​ជា​ដើម​ហេតុ​នៃ​វិបត្តិ

ដោយ​មិន​ប្រើ​ពាក្យ​បន្ទោស​ចំៗ ឬ​ក៏​បង្ខំ​ដោយ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង លោក​ប្រមុខ​ការ​ទូត​អាមេរិក បាន​បង្ហើរ​ពាក្យ​ព្រមាន ឱ្យ លោក នូរី អាល់ម៉ាលិគិ បង្កើត​រដ្ឋាភិបាល​រួម មាន​សមាភាព​​នយោបាយ​ជា​​និកាយ​ស៊ុននីត ស៊ីអ៊ីត គួដ និង​គ្រិស្ត ដើម្បី​ផ្សះផ្សា​ជាតិ។ ពី​ទីក្រុង​គែរ លោក​ឃែរី បាន​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ជំនះ​ឱ្យអស់​នូវ​ការ​រើង​អើង និង​ការ​បែង​ចែក​សាសនា​ ដោយ​មិន​ឈរ​ស្ងៀម​រង់ចាំ​ជំនួយ​ ឬ​អន្តរាគមន៍​យោធា​ពី អាមេរិក​ឱ្យ​សោះ។ វិបត្តិ​អ៊ីរ៉ាក់​ពេ​ល​នេះ ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​ពួក​ឧទ្ទាម​ជីហាត​និកាយ​ស៊ុននីត មិន​មែន​ជា​កំហុស របស់​សហរដ្ឋ​អាមេរិក​ឡើយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាមេរិក​រិះគន់​រដ្ឋាភិបាល​អ៊ីរ៉ាក់​កំពុង​កាន់​អំណាច​នោះ។ វ៉ាស៊ីនតោន​ធ្លាប់​​ធ្វើ​ការ​រិះគន់​ជា​ញឹក​ញយ​​​ប្រមុខ​រដ្ឋាភិបាល នូរី អាល់ម៉ាលិគិ ជា​និកាយ​ស៊ីអ៊ីត​ ​​ ថា​ជា​អ្នក​​បង្ក​បង្កើត​ឱ្យ​មាន​គម្លាត និង​ភាព​ប្រេះឆា​ជាតិ ដោយ​សារ​មូលហេតុ​សាសនា។

នៅ​យប់​មិញ លោក​អូបាម៉ា ដែល​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី បារាំង តាម​ទូរស័ព្ទ ក៏​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ស៊ីអិនអិន ថា​ មិន​មែន​មហិទ្ធិរិទ្ធិ​គ្រាប់​កាំភ្លើង​អាមេរិក​ទេ ដែល​ជា​អាច​​ថែ​រក្សា​ប្រទេស​អ៊ីរ៉ាក់​ឱ្យ​មាន​ការ​រួប​រួម​គ្នា​​នោះ។

អាមេរិក​ដែល​ធ្លាប់​បាន​ចូល​លុក​លុយ​ ដោយ​ប្រើ​កម្លាំង​យោធា​សន្ធឹក​សន្ធាប់​ ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣រហូត​ទម្លាក់​លោក​ សាឡាំហូសេន​បាន ​​ហាក់​កំពុង​ប្តូរ​សំឡេង​ ប្តូរ​នយោបាយ គ្មាន​គំនិត​ចង់​បញ្ជូន​ទ័ព ទៅ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ទឹក​ដី​អ៊ីរ៉ង់​ទៀត​ទេ តែ​ព្រួយ​បារម្ភ​ខ្លាំង​ ខ្លាច​ក្រែង​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​ អាច​ជា​ការ​គំរាម​កំហែង​​សហរដ្ឋ​អាមេរិក ក្នុង​ពេល​អនាគត​ មិន​ថា​អនាគត​វែង​ឬ​ខ្លី​ទេ។

ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​ កំពុង​ល្បួង​អ៊ីរ៉ាក់​ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ នៅ​អឺរ៉ុប​នេះ​ក៏​មាន​ការ​ជួប​ប្រជុំ​​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប ដែល​មួយ​ភាគ​ធំ​​គឺ​ឧទ្ទិស​ដល់​វិបត្តិ​អ៊ីរ៉ាក់ ដោយ​មាន​​តំណាង​តំណង​ពិសេស​របស់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​កិច្ចការ​អ៊ីរ៉ាក់​ចូលរួម​ផង។

អ៊ីរ៉ង់​ថា​អាមេរិក​គ្មាន​ឆន្ទៈ
 
តាំង​ពី​ចលនា​ជីហាត​បាន​ស្ទុះ​ឡើង​ខ្លាំងនៅ​អ៊ីរ៉ាក់​មក អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​​បាន​និយាយ​ចូល​គ្នា​ ព្រោះ​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម​គឺ​ពួក​ភេរវនិយម ! ប៉ុន្តែ​តាម​ការពិត​ អ៊ីរ៉ង់​ ដែល​មាន​រដ្ឋាភិបាល​ជា​អ្នក​ស៊ីអ៊ីត​ដូច​នៅអ៊ីរ៉ាក់​ដែរ មិន​ដែល​មាន​ជំហរ​ជាក់លាក់​ជាមួយ​នឹង​​អាមេរិក ជុំ​វិញ​វិបត្តិ​នៅ​អ៊ីរ៉ាក់​ទេ។ ពេល​ខ្លះ​គេ​ឮ​រដ្ឋាភិបា​ល​នេះ ឬ​ប្រមុខ​ដឹកនាំ​ប្រទេស​ ប្រកាស​ហៅ​សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ដើម្បី​ជួយ​អ៊ីរ៉ង់​ជា​មិត្ត​ ជួន​ទៅ​ប្រមុខ​ដឹកនាំ​សាសនា​បញ្ជូន​សារ​​ មិន​ច្បាស់​លាស់​ ចង់ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​អាមេរិក បណ្តេញ​ពួក​អ៊ីស្លាម​ជីហាត​​លើ​ទឹក​ដី​អ៊ីរ៉ង់​។ ដូច្នេះ​ប្រតិកម្ម​ថ្មី​នេះ​ ក៏​គ្មាន​គួរ​ភ្ញាក់​ផ្អើល​ដែរ។ អាមេរិក​ចង់​ធ្វើ​អន្តរាគមន៍​ ក៏​អ៊ីរ៉ង់​រិះគន់ អាមេរិក​ហៅ​ឱ្យ​ដើរ​តួ​សំខាន់​ក្នុង​ការ​ជួយ​ស្ថាបនា​អ៊ីរ៉ាក់​ឱ្យ​រួម​រស់​ចម្រុះ​ជាតិសាសនា​ ក៏​ត្រូវ​រង​ការ​រិះគន់​ថា​អាមេរិក​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកភេរវនិយម។

សូម្បី​តែ​អ៊ីស្រាអែល​ដែល​ធ្លាប់​ជា​មិត្ត​ ចាក់​ទឹក​មិន​លិច​ក៏​ឆ្លៀត​ព្រមាន​អាមេរិក​ដែរ​នៅ​យប់​មិញ ថា បើ​អាមេរិក​ចូល​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់ គឺ​បាន​ត្រឹម​តែ​ពង្រឹង​ឥទ្ធិពល​អ៊ីរ៉ង់​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ។ សម្រាប់​អ៊ីស្រាអែល ទាំង​ស៊ុននីត ទាំង​ស៊ីអ៊ីត សុទ្ធ​ជា​សត្រូវ​នឹង​អាមេរិក​ទាំង​អស់ បើ​ជួយ​មួយ​ណា​ក៏​មិន​រួច​ដែរ។

►ផលវិបាក​នៃការ​ដក​កងទ័ព​ដ៏​ប្រញេបប្រញាប់​ចេញ​ពី​អ៊ីរ៉ាក់

នៅ​ក្នុង​សំណុំ​រឿង​អ៊ីរ៉ាក់​នេះ ត្រូវ​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​មហា​លំបាក ! ប្រធានាធិបតី​អាមេរិក​ កំពុង​ជាប់​ផុង​នឹង​ជម្រើស​មិន​អាច​ទៅ​រួច​ពីរ ៖ ទី​មួយ​ការ​ធ្វើ​អន្តរាគមន៍ បន្ទាប់​ពី​ដក​ចេញ​បាន​ជាង​ពីរ​ឆ្នាំ និង​ទីពីរ​គឺ​ការ​នៅ​ស្ងៀម​ ឈរ​មើល​ពួក​ជីហាត​​ឡើង​ដៃ។​ ជា​ជម្រើស​ដ៏​មហា​លំបាក​ ! នៅ​ទី​បំផុត​គឺ​ផ្លូវ​កណ្តាល អាមេរិក​ដាច់​ខាត​មិន​បញ្ជូន​ទ័ព​ថ្មើរ​ជើង​ទៅ​ធ្វើ​អន្តរាគមន៍​ទេ តែ​បញ្ជូន​កម្លាំង​៣០០​នាក់​ ដែល​សុទ្ធ​ជា​ទាហាន​ជើង​ឆើត​ទៅ​ជួយបំពាក់បំប៉ន​ទាហាន​អ៊ីរ៉ាក់ និង​មិន​ចុះ សមរភូមិ​ទេ។ ហើយ​ក៏​មិន​ច្រាន​ចោល​ទាំង​ស្រុង​ ការ​ធ្វើ​​អន្តរាគមន៍​ផ្លូវ​អាកាស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ