អានតួអត្ថបទ
អ៊ីរ៉ង់-អារ៉ាប៊ី សាអូឌីត

អ៊ីរ៉ង់​ព្រមាន​ប្រទេស​ផលិតប្រេង ដែល​គាំទ្រ​ក្រុមភេរវនិយម

ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រូហានី បាន​ព្រមាន​ប្រទេស​នានា​ដែលប្រើ​លុយបាន​មក​ពី​ការលក់ប្រេង ដើម្បី​ឧបត្ថម្ភ​ក្រុមភេរវជន។ ប្រមុខដឹកនាំ​អ៊ីរ៉ង់​ទំនង​ចង់សំដៅ​ក្រុមប្រទេស​អារ៉ាប់​ផ្សេងទៀត ដូចជា​អារ៉ាប៊ី សាអូឌីត និង​កាតា ដែល​បើ​តាមអ៊ីរ៉ង់ កំពុង​ផ្គត់ផ្គង់ ជួយ​គាំទ្រ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ជីហាត ឲ្យ​ធ្វើ​សង្រ្គាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ កាលពី​ថ្ងៃ​អាទិត្យ ក្រុមជីហាត មក​ពី រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ និង​ឡឺវ៉ង់ ទើប​វាយ​ដណ្តើម​បានទីក្រុង​បីទៀត នៅ​ភាគ​ខាង​លិច​អ៊ីរ៉ាក់។ 

ក្រុមប្រជាជន​អ៊ីរ៉ាក់​នៅ​អាមេរិក​តតវ៉ា​នៅមុខ​សេតវិមាន​ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់។ រូបត្លុក​បង្ហាញថា មេដឹកនាំ​អារ៉ាប៊ី សាអូឌីត​ជា​អ្នកនៅពីក្រោយ​ក្រុមជីហាត​ដែល​កំពុង​វាយ​ដណ្តើម​ក្រុង​នៅ​អ៊ីរ៉ាក់
ក្រុមប្រជាជន​អ៊ីរ៉ាក់​នៅ​អាមេរិក​តតវ៉ា​នៅមុខ​សេតវិមាន​ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់។ រូបត្លុក​បង្ហាញថា មេដឹកនាំ​អារ៉ាប៊ី សាអូឌីត​ជា​អ្នកនៅពីក្រោយ​ក្រុមជីហាត​ដែល​កំពុង​វាយ​ដណ្តើម​ក្រុង​នៅ​អ៊ីរ៉ាក់ ©REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពេល​ថ្លែង​តាមទូរទស្សន៍ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រូហានី មិន​បាន​និយាយ​ចំៗ ពី​ឈ្មោះ​ប្រទេស​ទេ ប៉ុន្តែ លោកគ្រាន់​តែ​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ទាំងនោះ​ឈប់​ជួយ​ឧបត្ថម្ភ​ក្រុមភេរវជន​ជាមួយ​នឹង​លុយ​ដុល្លារ​ដែល​គេ​បាន​មក​ពី​ការលក់ប្រេង តទៅទៀត។ ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​បាន​និយាយ​ក្រើនរំលឹកថា នៅថ្ងៃ​ណាមួយ ប្រទេស​ដែល​ផ្តល់​លុយ​ដើម្បី​ជួយ​ក្រុមភេរវជន​នឹង​ដឹងថា ក្រុមភេរវជន​នឹង​ត្រលប់ បែរក្បាល​មក​បង្ក​អសន្តិសុខ​ដល់​ខ្លួន​​វិញ​មិនខាន។

 
អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត​ជា​ប្រទេស​ផលិត​ប្រេង​ដូចគ្នា និង​កំពុង​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា​ធ្វើ​ជា​មហាអំណាច​នៅក្នុង​តំបន់។ ប្រទេស​អារ៉ាប៊ី សាអូឌីត ​សំបូរ​ដោយ​ក្រុមអ៊ីស្លាម​និកាយ​ស៊ុននីត ផ្ទុយ​​ពី​របប​អ៊ីស្លាម​អ៊ីរ៉ង់​ដែល​នាំមុខ​ដោយ​និកាយ​ស្ហីអ៊ីត និង​ដែល​បាន​ចេញ​មុខ​គាំទ្រ​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ មក​ពី​និកាយ​ស្ហីអ៊ីត។

នៅប៉ុន្មាន​ថ្ងៃ​នេះ មន្រ្តីជាន់ខ្ពស់ និង​ប្រព័ន្ធផ្សព្វផ្សាយ​របស់​អ៊ីរ៉ង់​ជាច្រើន​បាន​និយាយ​ថា ក្រុម​ជីហាត​មក​ពី​រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និង​ឡឺវ៉ង់​បាន​វាយដណ្តើម​ទីក្រុង​ជាច្រើន​របស់​អ៊ីរ៉ាក់។ ក្រុមជីហាត​អាច​លុកលុយ​អ៊ីរ៉ាក់ ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្រ្តី​អាល់​ម៉ាលិគិ ពី​និកាយ​ស្ហីអ៊ីត ដោយ មកពី​ពួកគេ​បាន​ទទួល​ជំនួយ ទាំង​ហិរញ្ញវត្ថុ និង​យោធា ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត និង​កាតា។

នៅ​ដើម​សប្តាហ៍នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ក៏ធ្លាប់​បាន​ចោទប្រកាន់​អារ៉ាប៊ី សាអូឌីត និង​កាតា​ថា ជាអ្នកនៅពីក្រោយ​ក្រុមជីហាត​ដែល​កំពុង​វាយយក​ទីក្រុង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ។ នៅមួយថ្ងៃ​មុន​ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ អារ៉ាប៊ី សាអូឌីត​បាន​ទម្លាក់​ទទួល​ខុសត្រូវ​ទៅលើ​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ ថា ជាមេភ្លើង ជំរុញ​ឲ្យ​ក្រុមជីហាត​បង្ក​សកម្មភាព​លុកលុយ​នៅ​អ៊ីរ៉ាក់។

នៅចំពោះមុខ​ការរុល​ទៅមុខ​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម​​នៅ​ទឹកដី​អ៊ីរ៉ាក់ អាមេរិក​នៅបន្ត​រារែក មិន​ទាន់​អន្តរាគម​ភ្លាមៗ​ទៅតាម​ការស្នើសុំ​របស់​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់។ កាលពី​ថ្ងៃ​អាទិត្យ ប្រមុខ​ការបរទេស​អាមេរិក លោក​ចន ឃែរី​បាន​ផ្តើម​ទស្សនកិច្ច នៅ​តំបន់​ដើម​បូព៌ា ក្នុង​ទិសដៅ​ជំរុញ​ឲ្យ​ប្រទេស​នៅក្នុង​តំបន់​ដាក់​សម្ពាធ​លើ​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ ឲ្យ​រៀបចំ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ថ្មីមួយ។

ដំបូង​ឡើយ អាមេរិក​ធ្លាប់​បាន​ប្រកាស​ចង់​សហការ​ជាមួយ អ៊ីរ៉ង់ក្នុង​រឿង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៅ​អ៊ីរ៉ាក់។ ប៉ុន្តែ ដោយសារ​ការព្រមាន​ និង​ការបារម្ភ​ពី​ពី​ក្រុមប្រទេស​សម្ព័ន្ធ​មិត្ត ដូចជា​អារ៉ាប៊ី សាអូឌីត និង​អ៊ីស្រាអែល (​​សត្រូវ​របស់​អ៊ីរ៉ង់) ​ទាក់ទង​នឹង​អន្តរាគមន៍​របស់​​អាមេរិក​ជាមួយ​អ៊ីរ៉ង់ នៅ​ទឹកដី អ៊ីរ៉ាក់ អាមេរិក​បាន​ដកឃ្លា​បន្តិច មិន​ទាន់​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ីរ៉ាក់ និង​ផ្ទុយទៅវិញ អំពាវនាវ​ឲ្យ​មាន​ឯកភាព​ក្រុម​​សាសនា ស្ហីអ៊ីត និង​ស៊ុននីត ដើម្បី​បញ្ចប់​បញ្ហា និង​ការលុកលុយ​របស់​ក្រុមជីហាត​នៅអ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ