រដ្ឋមន្រ្តីការបរទេសអាមេរិកទៅចូលរួមកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់
កាលពីថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការពារជាតិអាមេរិកបានចូលរួមជាលើកទីមួយ ក្នុងកិច្ចប្រជុំអូតង់ នៅក្នុងទីក្រុងព្រុចស៊ែលប្រទេសប៊ែលហ្ស៊ិក។ នៅថ្ងៃនេះ គឺរដ្ឋមន្រ្តីការបរទេសដែលធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រុមប្រទេស G20 ដែលបើកធ្វើ នៅក្នុងប្រទេសអាល្លឺម៉ង់។ កិច្ចប្រជុំនេះបើកធ្វើឡើង នៅក្នុងពេលដែលភាពចម្រូងចម្រាសកំពុងកើតឡើងខ្លាំង ជុំវិញទំនាក់ទំនង រវាងរដ្ឋការរបស់លោកដូណាល់ត្រាំ និងរុស្ស៊ី ហើយបណ្តាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបក៏កំពុងតែចោទជាសំណួរខ្លាំង ទាក់ទងនឹងនយោបាយការបរទេសរបស់លោកដូណាល់ត្រាំ។
ចុះផ្សាយនៅថ្ងៃ៖
គេអាចនិយាយបានថា នេះគឺជាសប្តាហ៍អាមេរិក-អឺរ៉ុប ពីព្រោះថា មន្រ្តីកំពូលៗរបស់អាមេរិកធ្វើដំណើរបន្តកន្ទុយគ្នាទៅកាន់តំបន់អឺរ៉ុប។
រដ្ឋមន្រ្តីការពារជាតិបានមកដល់ កាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអូតង់ ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងពេលដែលលោក ចេម ម៉ាទីស កំពុងប្រជុំអូតង់ថ្ងៃទី២ រដ្ឋមន្រ្តីការបរទេសក៏បានមកដល់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 នៅអាល្លឺម៉ង់ ហើយនៅថ្ងៃសុក្រស្អែក នៅក្នុងពេលដែលកិច្ចប្រជុំG20 នៅបន្តធ្វើក្នុងថ្ងៃទីពីរ មន្រ្តីកំពូលមួយរូបទៀត គឺលោកម៉ៃក៍ ផេន អនុប្រធានាធិបតីអាមេរិក ក៏នឹងធ្វើដំណើរមកអាល្លឺម៉ង់ដែរ ដើម្បីចូលរួមក្នុងសន្និសីទក្រុងមុយនិចស្តីពីបញ្ហាសន្តិសុខ។
នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃក្រុមប្រទេស G20 រដ្ឋាភិបាលអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះ បានរៀបចំរបៀបវារៈ ដែលផ្តោតសំខាន់ទៅលើការជជែកពីបញ្ហាប្រឈមមួយចំនួន រួមមានដូចជាការប្រែប្រួលអាកាសធាតុ និងសង្រ្គាមនៅស៊ីរីជាដើម។ ក៏ប៉ុន្តែ ចង់ឬមិនចង់ ក្រសែភ្នែកគ្រប់គ្នានឹងត្រូវផ្តោតលើរដ្ឋមន្រ្តីការបរទេសអាមេរិក។
លោករ៉ិច ធីល័រសុន ដែលជាអតីតមេដឹកនាំក្រុមហ៊ុនប្រេងអិចសុន (ExxonMobil) ត្រូវបានគេស្គាល់ថាជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងរុស្ស៊ី ពោលគឺ មិនខុសពីលោកដូណាល់ត្រាំនោះដែរ។ នៅក្នុងពេលដែលការសង្ស័យកំពុងតែកើតឡើងខ្លាំង ជុំវិញទំនាក់ទំនង រវាងលោកដូណាល់ត្រាំ និងមន្រ្តីសេតវិមាន ជាមួយនឹងរុស្ស៊ី (ភាពចម្រូងចម្រាសដែលរហូតបង្ខំឲ្យទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ត្រាំត្រូវលាឈប់ពីតំណែង) លោកធីល័រសុននឹងត្រូវជួបដោយផ្ទាល់ជាមួយនឹងប្រមុខការទូតនៃបណ្តាប្រទេសសម្ព័ន្ធមិត្ត ដែលកំពុងតែបារម្ភខ្លាចលោកដូណាល់ត្រាំបោះបង់ចោលអឺរ៉ុបដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំ ហើយងាកទៅស្រវាឱបរុស្ស៊ីដែលជាគូសត្រូវទៅវិញ។
ជំនួបទ្វេភាគី ដែលលោកធីល័រសុន គ្រោងធ្វើជាមួយលោកឡាវរ៉ូហ្វ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅក្នុងអំឡុងកិច្ចប្រជុំ G20 នេះ ក៏ស្ថិតក្រោមការឃ្លាំមើលយ៉ាងខ្លាំងដែរ។
បច្ចុប្បន្ននេះ អ្វីដែលធ្វើឲ្យគេបារម្ភ គឺភាពមិនច្បាស់លាស់នៃនយោបាយការបរទេសរបស់លោកដូណាល់ត្រាំ។ ភាពមិនច្បាស់លាស់ ដែលកើតឡើងដោយសារតែមានសេចក្តីថ្លែងការណ៍ខុសគ្នាច្រើន ឬរហូតដល់ពេលខ្លះផ្ទុយពីគ្នាស្រឡះក៏មាន រវាងលោកដូណាល់ត្រាំ និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់អាមេរិក។
មន្រ្តីការទូតអឺរ៉ុបម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េថា នៅពេលនេះគេនៅតែមិនអាចដឹងច្បាស់ថា តើអាមេរិកកំពុងមានផែនការអ្វី ហើយមានគោលដៅចង់បានអ្វីឲ្យពិតប្រាកដ។ ហេតុដូច្នេះហើយបានជាប្រទេសសម្ព័ន្ធមិត្តកំពុងស្វះស្វែងរកការបញ្ជាក់ឲ្យបានច្បាស់លាស់ពីសំណាក់មន្រ្តីជាន់ខ្ពស់អាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ