អានតួអត្ថបទ
ថៃ

អាមេរិក​ព្រមាន​ថៃ​កុំឲ្យ​រៀបចំ​រដ្ឋប្រហារ​ថ្មីទៀត

នៅថ្ងៃ​អង្គារ​នេះ ក្រុមប្រឆាំង​ថៃបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ទាមទារ​ឲ្យ​ធ្វើ​មោឃភាព​លើ​ការ​បោះឆ្នោត​សភា កាល​ពីថ្ងៃ​អាទិត្យ ព្រមទាំង​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​ភឿថៃ​របស់​លោក​ស្រី​យីងឡាក់។ កាលពីថ្ងៃចន្ទ​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថៃ​ថា​កុំ​ឲ្យ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ណាមួយ​ជា​ថ្មី​ទៀត ប៉ុន្តែ ត្រូវ​ដោះស្រាយ​វិបត្តិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក​ស៊ូថេប ធឿកស៊ូបាន មេដឹកនាំ​ក្រុមប្រឆាំង​ថៃ (រូបថតឯកសារ)
លោក​ស៊ូថេប ធឿកស៊ូបាន មេដឹកនាំ​ក្រុមប្រឆាំង​ថៃ (រូបថតឯកសារ) REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការព្រមាន​​កុំ​ឲ្យ​ថៃ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ជាថ្មី ត្រូវ​បាន​ធ្វើឡើង ដោយ​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក។ ចាប់តាំង​ពី​ផ្ទុះវិបត្តិ​នយោបាយ​នៅថៃ​មក នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​រដ្ឋាភិបាល​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​របស់​ថៃ​បាន​ចេញមុខ​ព្រមាន​ដោយ​ប្រើ​ពាក្យសម្តី​ខ្លាំងៗ​បែបនេះ។

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ក៏​បាន​បញ្ជាក់ផងដែរ​ថា អាមេរិក​មិន​កាន់ជើង​ភាគី​ណាមួយ​នោះទេ ក៏ប៉ុន្តែ អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​​ធ្វើការ​ចរចា​គ្នា ប្រកបដោយ​ភាព​ស្មោះត្រង់ ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​​ដោយ​សន្តិវិធី និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

ការព្រមាន និង​ការ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក​បាន​កើតមាន​ឡើង នៅ​ក្នុង​ពេល​ដែល​​វិបត្តិ​នយោបាយ​ថៃ​កំពុងធ្លាក់​ក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​ការ​បោះឆ្នោត​​កាល​ពីថ្ងៃ​អាទិត្យ។

នៅថ្ងៃ​អង្គារ​នេះ ក្រុមប្រឆាំង​ថៃ​បាន​ដាក់ពាក្យ​បណ្តឹង​​សុំ​ឲ្យ​​តុលាការ​ធម្មនុញ្ញ​ថៃ​ធ្វើ​មោឃភាព​ការបោះឆ្នោត​ កាល​ពីថ្ងៃ​អាទិត្យ ព្រមទាំង​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​ភឿថៃ និង​ចេញ​បម្រាម​​ហាម​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​កុំ​ឲ្យ​ធ្វើ​នយោបាយ។

ក្រៅ​ពី​បណ្តឹង​របស់​ក្រុមប្រឆាំង រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ក៏​កំពុងជាប់​ក្តីក្តាំ​ផ្សេងទៀត​ផងដែរ នៅ​ក្នុង​តុលាការ ជាពិសេស ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ។

នៅ​ពេល​នេះ គេ​កំពុងតែ​នាំគ្នា​រំពៃ​មើល​សកម្មភាព​របស់​តុលាការ​ថៃ ដែល​ជាទូទៅ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តុលាការ ដែល​តែងតែ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍ ក្នុង​កិច្ចការ​នយោបាយ ជាពិសេស តាមរយៈ​ការ​ចេញ​សេចក្តីសម្រេច​​រំលាយ​គណបក្សនយោបាយ​ ដែល​ស្និទ្ធិ​នឹង​លោក​ថាក់ស៊ីន កាល​ពី​ពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ