អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-អ៊ីរ៉ាក់ ៖ យុទ្ធសាស្ត្រ​​អូបាម៉ា នៅ​អ៊ីរ៉ាក់ កំពុង​បង្កើ​ត​ភាព​សង្ស័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

យន្តហោះ​ចម្បាំង យន្តហោះ​គ្មាន​មនុស្ស​បើក ឌ្រូន អាមេរិក បាន​ផ្តើម​ហោះ​ហ្វែល​ពេញ​មេឃ​អ៊ីរ៉ាក់​ផ្នែក​ខាង​ជើង។ ប្រតិបត្តិការ​ផ្លូវ​អាកាស​បានចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​មក និង​គ្មាន​ទេ​កាល​បរិច្ឆេទ​កំណត់​ថ្ងៃ​ឈប់​ធ្វើ​ប្រតិបត្តិការ​យោធា​នេះ​ទេ។ នេះ​បើ​តាម​សេតវិមាន ដែល​សន្យា​មិន​បណ្តោយ​ឱ្យ​ធ្លាក់​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​​​ទៀតទេ។ ហើយបើ​តាម​លោក​អូបាម៉ា អាមេរិក​គ្មាន​គម្រោង​បញ្ជូន​ទ័ព​ជើង​គោក​ចូលទឹក​ដី​អ៊ីរ៉ាក់​ជា​ថ្មី​ទេ។ ទន្ទឹម​នឹង​ការ​ទម្លាប់​គ្រាប់​បែក អាមេរិក​ក៏​បាន​ទម្លាក់​ស្បៀង​អាហារ​ដល់​បណ្តាជន​ស៊ីវិល អង់គ្លេស​នឹង​ចូល​ចំណែក​ក្នុង​ផែនការ​នេះ​​តាម​រយៈ​កងកម្លាំង​ឆ័ត្រយោង។

យន្តហោះ​ចម្បាំង​អាមេរិក​ F/A-18នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ មុន​ពេល​ចេញ​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់
យន្តហោះ​ចម្បាំង​អាមេរិក​ F/A-18នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ មុន​ពេល​ចេញ​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់ AFP PHOTO/US NAVY/Lorelei Vander Griend
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់​ពី​រារែក​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ មិន​ព្រម​​ប្រើ​កម្លាំង​ទ័ព​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​អ៊ីរ៉ាក់​មក ប្រធានាធិបតី​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា នៅ​ទី​បំផុត បាន​​ប្រកាស​អនុញ្ញាត​ឱ្យ​​ទាហាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​ ​លើ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដើម្បី​ធ្វើ​យ៉ាង​ណា ទប់​ស្កាត់​ពួក​​ជីហាតអ៊ីស្លាម​ជ្រុល​និយម​កុំ​ឱ្យ​រុលទៅ​មុខ​វាយ​យក​រដ្ឋធានី អែរប៊ីល​ (Erbil) របស់​តំបន់​ស្វយ័ត​គៀរឌីស្តង់​បាន ពោល​គឺ​បញ្ចៀស​អំពើ​ប្រល័យ​ពូជសាសន៍​កាប់​សម្លាប់​ជនជាតិ​ភាគ​តិច យ៉ាហ្ស៊ីឌី និង​គ្រិស្តសាសនិកជន​ ពី​សំណាក់​ពួក​រដ្ឋអ៊ីស្លាម។

យុទ្ធសាស្ត្រ​នៃ​អន្តរាគមន៍​ផ្លូវអាកាស

ក្នុង​ពេល​​ឃោសនា​បោះឆ្នោត ឆ្នាំ​២០០៨ លោក​អូបាម៉ា បាន​សន្យា​បញ្ចប់​សង្គ្រាម​នៅអ៊ីរ៉ាក់ និង​បាន​ដក​ទ័ព​ទាំង​ស្រុង​ចេញ​ពី​ប្រទេស​នៅ​ចុង​ឆ្នាំ​២០១១។ ឥលូវ​មិន​ទាន់​បី​ឆ្នាំ​ស្រួល​បួល​ផង អាមេរិក​ចេញ​ធ្វើ​ប្រតិបត្តិការ​ជា​ថ្មី​ក្នុង​ទឹកដី​ចាស់​ដដែល​នេះ ប៉ុន្តែ​បាន​កំរិត​ប្រតិបត្តិការ​ត្រឹម​ការ​វាយប្រហារ​ផ្លូវអាកាស។ យន្តហោះ​ចម្បាំង​ ប្រភេទ FA-18 ពីរគ្រឿង​បាន​ហោះ​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក​ ដៅ​ទិស​វាយប្រហារ​​លើ​តំបន់​​គ្រប់គ្រង​ទោល ដាច់​​ឆ្ងាយ​ពី​ភូមិដ្ឋាន​ជន​ស៊ីវិល។ គ្រាប់​ទម្ងន់​ ២៥០​គីឡូក្រាមបាន​ធ្លាក់​ចុះ​កន្លែង​ឈរ​ជើង​កាំភ្លើង​ធំ​របស់​ពួក​ជីហាត។ នេះ​បើ​តាម​មន្ទីរ​ប៉ង់តាហ្គោន !

ការ​ប្រើ​មធ្យោបាយ​ផ្លូវ​អាកាស​នេះ គឺ​ក្នុង​បំណង​​ជួយ​ពួក​កងទ័ព​គៀរឌីស្តង់ ដែល​ល្បី​ថា​មាន​កម្លាំង​ប្រយុទ្ធ​និង​សមត្ថភាព​ជា​អ្នក​ចម្បាំង​រក​ឃើញ​ឡើង​វិញ​នូវ​កម្លាំង​ចិត្ត និង​ជួយ​កងទ័ព​អ៊ីរ៉ាក់​ឱ្យ​មាន​ពេល​រៀប​ជើងព្រួល​​ជាមួយ​ទ័ព​គៀរឌីស្តង់ ងើប​ឡើង​ត​ទល់​ជាមួយ​នឹង​ពួក​ទ័ព​អ៊ីស្លាម​ជ្រុល​និយម​ជីហាត ដែល​មាន​កម្លាំង​ស្ទុះ​ឡើង​ខ្លាំង​បាន​រុក​រាន​ទន្ទានទី​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​អ៊ីរ៉ាក់ ក្នុង​រយៈ​ពេល​​ដ៏ខ្លី។ នេះជា​លើក​ទី​មួយហើយ ដែល​គេ​ឃើញ​ទ័ព​គៀរឌីស្តង់​និង​អ៊ីរ៉ាក់ ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា។

លោក​ប្រធានាធិបតី​អាមេរិក មិន​បាន​កំណត់​ពេល​វេលា​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​នេះ​ទេ ព្រោះ​វា​​អាស្រ័យ​ទៅ​លើ​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​ជាក់​ស្តែង​លើ​សមរភូមិ។ ហេតុ​ដូច្នេះហើយបាន​ជា​​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​អាមេរិក​មួយ​ចំនួន​ បាន​សម្តែង​ភាព​មិន​ទុក​ចិត្ត​ជា​លក្ខណៈ​ឯកជន​ ចំពោះ​កម្មវត្ថុ​​នៃ​អន្តរាគមន៍​យោធា​ផ្លូវ​អាកាស​នេះ និង​ចំពោះ​ច្រក​ចេញ។

លោក​អូបាម៉ា ប្រកាស​អនុញ្ញាត​ឱ្យ​ទាហាន​អាមេរិក​ចេញ​ធ្វើ​អន្តរាគមន៍​ផ្លូវ​អាកាស​នៅ​អ៊ីរ៉ាក់
លោក​អូបាម៉ា ប្រកាស​អនុញ្ញាត​ឱ្យ​ទាហាន​អាមេរិក​ចេញ​ធ្វើ​អន្តរាគមន៍​ផ្លូវ​អាកាស​នៅ​អ៊ីរ៉ាក់ REUTERS/Larry Downing

អាមេរិក​​មហា​អំណាច​ពិភពលោក​

លោក បារ៉ាក់​អូបាម៉ា ដែល​សម្រេច​បញ្ជូន​ទ័ព​អាកាស​ទៅ​វាយប្រហារ​លើ​អ៊ីរ៉ាក់ នៅ​ពេល​នេះ គឺ​ដើម្បី​ស្តារ​មុខ​មាត់ និង​ការពារ​ខ្លួន​ ព្រោះតាម​ពាក្យ​សន្យា​អាមេរិក មិន​ចូល​ធ្វើ​សង្គ្រាម​ទៀត​ទេ តែ​អាមេរិក​ក៏​មិនអាច​ឈរ​នៅ​ស្ងៀម​អោប​ដៃ​មើល​ពួក​ភេរវនិយម​រីក​រាលដាល​ទៅ​មុខ​ដែរ។ បន្ទាត់​ការពារ​របស់​ពួក គៀរឌីស្តង់​បាន​រលំ​មួយ​ម្តងៗ អាមេរិក​ត្រូវ​ការ​តែ​បញ្ចេញ​សកម្មភាព​អ្វី​មួយ​​ ដោយ​ខាន​មិន​បាន។

តាំង​ពីវិបត្តិ​នៅ​ដើម​បូព៌ា​បាន​ផ្ទុះ​ឡើង របប​លោក​Bachar Al Assad បាន​កន្លង​​បន្ទាត់​ក្រហម​ហើយ ក៏​អាមេរិក​មិន​ចេញ​ធ្វើ​ប្រតិបត្តិការ​យោធា​​វាយតាម​ផ្លូវ​អាកាស​នៅ​ស៊ីរី​ដែរ នៅ​អ៊ុយក្រែន​ក៏​ដូច​គ្នា​ អាមេរិកមិន​បាន​ជ្រើស​រើស​ការ​ប្រើ​កម្លាំង​បាយ​ទេ តែ​ជា​លទ្ធផល​រុស្ស៊ី​ឡើង​ដៃ ពួក​ឧទ្ទាម​ភេរវនិយម​កាន់​តែ​ស្ទុះ​ឡើង​ខ្លាំង ដូច្នេះ​អាមេរិក​ត្រូវ​តែ​​បង្ហាញ​​កម្លាំង​ជា​មហាអំណាច​ទី​មួយ​នៅ​លើ​ពិភពលោក​ឡើង​វិញ​ ដោយ​សម្រេច​ធ្វើ​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ាក់​ បង្អាក់​ដំណើរ​វិវឌ្ឍន៍​របស់​ពួក​ជីហាត។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​មាន​អត្ថន័យ​ជា​ការ​ព្រមាន​កុំ​ឱ្យ​ពួក​ជីហាត​រុល​ទៅ​មុខ​ទៀត !

គ្មាន​​ទ័ព​ជើង​គោក ?!

សម្រាប់​ពេល​នេះ គឺ​គ្មាន​ទេ ការ​បញ្ជូន​ទ័ព​ជើងគោក ដែលទើប​ដក​ចេញ​ ទៅ​កាន់​អ៊ីរ៉ាក់​ជា​ថ្មី​នោះ ! នេះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​​អាមេរិក​បាន​ប្រកាស​ឡើង និង​ត្រូវ​តែ​គោរព​សន្យា។ សម្រាប់​លោក​អូបាម៉ា គ្មានទេ​ដំណោះស្រាយតាម​ផ្លូវ​យោធា គឺ​មាន​តែ​​ការ​ទូត​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​វិភាគ​​យុទ្ធសាស្ត្រ​ខ្លះ យល់​ថា ​អាច​នឹង​មាន​​សេណារីយោ ដែល​ធ្លាប់​មាន​កើត​នៅ​ប្រទេស​ម៉ាលី ពោល​គឺ​​ទាហាន​បារាំង​ដំបូង​ឡើយ ចេញ​ធ្វើ​អន្តរាគមន៍​ផ្លូវ​អាកាស បន្ទាប់​មក​ក៏​បាន​បញ្ជូនកម្លាំង​ជើងគោក​ខ្លះ​ ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​ពិសេស​ និង​រហ័ស។

​ម្យ៉ាងទៀត បើ​តាម​អតីត​ភ្នាក់ងារ​ស៊ើងការណ៍​សម្ងាត់​អាមេរិក​ សេអ៊ីអា បេសកកម្ម​អាមេរិក​នៅ​អ៊ីរ៉ាក់​ពេល​នេះ មាន​សណ្ឋាន​ដូច​អន្តរាគមន៍​នៅ​លីប៊ី​កាលពី​ឆ្នាំ​២០១១ ដើម្បីកម្ចាត់​មូហាមេត កាដាហ្វី​ដូច្នោះ។ អាមេរិក បារាំង​និង​អង់គ្លេស​ រួម​គ្នា​ដើម្បី​បុព្វហេតុ​ការពារ​ប្រជាជន​ស៊ីវិល​ពី​ការ​កាប់​សម្លាប់​។ ដូច្នេះ ទំនង​ជា​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​សម្រាប់​ក្រសែ​ភ្នែក​អ្នក​សង្កេត​ការណ៍​នោះ ដែល​នឹង​ត្រូវ​ឃើញ​​​មាន​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ខ្លាំង​ បន្ត​ដោយ​កម្លាំង​ស្ថាបនា​តាម​ពី ក្រោយ​។

បារាំង​អបអរ​អន្តរាគមន៍​យោធា​អាមេរិក

ប្រធានាធិបតី​បារាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​អបអរ​អន្តរាគមន៍​យោធា​អាមេរិក​និង​ត្រៀម​ខ្លួន​ពិគ្រោះ​ជាមួយ​ដៃគូ ដើម្បី​ស្វែង​រក​ការ​​បិទ​បញ្ចប់​ទុក្ខ​វេទនា​របស់ពលរដ្ឋ​ស៊ីវិល​រង​គ្រោះ។​ បារាំង​ក៏​បាន​ប្រកាស​ជួយ​ផ្នែក​​ភស្តុភារ​ដល់​ទាហាន​អាមេរិក... ក្រោម​សំណើ​របស់​បារាំង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​ជំនួប​ប្រជុំ​បន្ទាន់ សម្រេច​ព្រមព្រៀង​គ្នា​ជា​ឯកឆន្ទ​ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​រដ្ឋាភិបាលនិង​ប្រជាជន​អ៊ីរ៉ាក់​​ និង​ធ្វើ​អស់​ពី​លទ្ធភាព​ជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ