អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​ជីហាត​នៅ​អ៊ីរ៉ាក់​បង្ហាញ​មុខ​ឲ្យ​ឃើញ​ជា​សាធារណៈ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​សៅរ៍​ទី ៥ កក្កដា រូបភាព​វីដេអូរមួយ ដែល​បង្ហាញ​តាម​​បង្ហាញ​សង្គម បាន​បង្ហាញ​មុខ​មេដឹកនាំ​ក្រុមជីហាត​នៅ​អ៊ីរ៉ាក់​។ ក្នុង​សំលៀកបំពាក់​​អាវ​ខ្មៅ បុរស​ម្នាក់​នោះ​ត្រូវ​​គេជឿថា ជា​អាប៊ូ បាក់ អាល់ បាកដាឌី​ មេដឹកនាំ​ក្រុម​ជីហាត​ ដែល​កំពុង​វាយដណ្តើម​យក​បាន​ទីក្រុង​នៅ​អ៊ីរ៉ាក់។ បាក់ អាល់ បាកដាឌី កម្រនឹង​​បង្ហាញ​មុខ​ណាស់។ តាំង​ពី​ដើម​មក​គេ​ស្គាល់​ អាប៊ូ បាក់ អាល់ បាកដាឌី តាមរយៈ​​រូបថត​តែ​ពីរសន្លឹក​ប៉ុណ្ណោះ។  

អាប៊ូ បាក់ អាល់ បាកដាឌី​មេដឹកនាំ​ជីហាត​ដែល​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើកដំបូង កាលពី​ថ្ងៃ​សុក្រ​ទី ៤ កក្កដា
អាប៊ូ បាក់ អាល់ បាកដាឌី​មេដឹកនាំ​ជីហាត​ដែល​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើកដំបូង កាលពី​ថ្ងៃ​សុក្រ​ទី ៤ កក្កដា ©REUTERS/Social Media Website via Reuters TV
ផ្សាយពាណិជ្ជកម្ម

អាប៊ូ បាក់ អាល់ បាកដាឌី មេដឹកនាំ​ក្រុម​ជីហាត មក​ពី​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ និង​ឡឺវ៉ង់​ បង្ហាញ​មុខ​បន្ទាប់​ពី​មាន​​ពាក្យ​ចចាម​ អារ៉ាម ដែល​ថា ខ្លួន​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​កងទ័ព​ជើងអាកាស​អ៊ីរ៉ាក់។ ទាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​មន្រ្តីអាមេរិក​បាន​អះអាង​ថា គេ​កំពុង​សិក្សា​មើល​ទៅលើ​ភិនភាគ​ ដើម្បី​បញ្ជាក់​ថា ​បុរសម្នាក់នោះ​ជា​​ អាប៊ូ បាក់ អាល់ បាកដាឌីមែន​ឬទេ។

 
អាប៊ូ បាក់ អាល់ បាកដាឌីបាន​បង្ហាញ​មុខ​នៅ​មួយថ្ងៃ​ក្រោយ ក្រុម​ជីហាត​នៅ​អ៊ីរ៉ាក់​បាន​តែងតាំង​​មេដឹកនាំ​របស់ខ្លួន​ជា​Calif មានន័យថា អ្នកបន្តវេន​ពី​ព្យាការី មូហាម៉េដ។ គេ​ជឿ​ថា អាប៊ូ បាក់ អាល់ បាកដាឌី បង្ហាញមុខ​នៅពេលនេះ ក៏​ព្រោះតែ អាប៊ូ បាក់ អាល់ បាកដាឌី ​ចង់​សំដែង បង្ហាញ​ជាផ្លូវការ ថា ខ្លួនគឺ​​ជាអ្នក​ដឹកនាំ​ក្រុម​កងទ័ព​ជីហាត ដែល​រហូតមក​ដល់​ពេល​នេះ បាន​វាយ​យកឈ្នះ គ្រប់គ្រង​ទីក្រុង និង​ខេត្ត​ភាគ​ខាង​ជើង អ៊ីរ៉ាក់។

កាលពីថ្ងៃអាទិត្យ​សប្តាហ៍មុន ក្រុម​ជីហាតនៅ​អ៊ីរ៉ាក់​​ទើប​បាន​ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាមមួយ ដែល​លាតសន្ធឹង​លើ​ទឹកដី​ភាគខាងជើង របស់​អ៊ីរ៉ាក់​ចូល​ទៅដល់​ទឹកដី​មួយផ្នែក​ភាគ​ខាងកើត​​របស់​ស៊ីរី ដែល​រហូតមកដល់​ពេលនេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ប្រដាប់អាវុធ ជីហាត​អ៊ីរ៉ាក់។ គឺ​បន្ទាប់​ពី​ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម​តែមួយ នោះហើយ ដែល​​ក្រុម​ជីហាត​ពេលនេះ ត្រូវ​បង្ហាញមុខ​មេដឹកនាំ​របស់​ពួកគេ។ តាម​អ្នកវិភាគមក​ពី​ប្រទេស​លោកខាងលិច អាប៊ូ បាក់ អាល់ បាកដាឌី បាន​បង្ហាញ​មុខ ​ជាមួយ​នឹង​​ជឿជាក់ដែល​ថា ក្រុមជីហាត​គាំទ្រ ស្មោះស្ម័គ្រ​នឹង​ខ្លួន លើក​ខ្លួន​ជាមេកើយ។

នៅក្នុង​ពេល​ថ្លែង ទៅកាន់​អ្នកគោរព​សាសនា​អ៊ីស្លាម នៅក្នុង​វិហារ​ មេដឹកនាំ​ជីហាត​នៅ​អ៊ីរ៉ាក់ ចង់​ឆ្លៀត​យក​ជ័យជំនះ​របស់ខ្លួន​ទៅលើ​កងទ័ព​អ៊ីរ៉ាក់ ទៅផ្សព្វផ្សាយ ​អូសទាញ​ក្រុម​យុវជន​ជីហាត​នៅលើ​ពិភពលោក និង​ជាពិសេស​ប្រជាជន​មក​ពីនិកាយ​ស៊ុននីត ដើម្បី​ឲ្យ​មកចូលរួម​​ជាមួយ​នឹង​​ក្រុមខ្លួន។ នៅក្នុង​រូបភាព​ដែល​គេ​ជឿថា ថត​នៅ​ក្នុង​ពិធីថ្វាយបង្គំព្រះ កាល​ពីថ្ងៃ​សុក្រ​ នៅទីក្រុង​មូស៊ូល អាប៊ូ បាក់ អាល់ បាកដាឌី​បាន​អំពាវនាវ​ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​ទាំងអស់​គោរព​គាត់ ក្នុង​នាម​ជាមេដឹកនាំ​តែ​មួយ​របស់ពួកគេ។ “អ្នក​ទាំង​អស់​​គ្នា​ត្រូវ​គោរព​ខ្ញុំ។ ខ្ញុំ​ជាអ្នកជឿព្រះ ដែល​គេ​បាន​ជ្រើសរើស​ឲ្យ​មក​ដឹកនាំ​អ្នក។ ល្គឹកណា ខ្ញុំ​លែង​ដើរតាមព្រះ នោះ​អ្នក​អាច​ឈប់​គោរព ជឿតាមខ្ញុំ។ ខ្ញុំ​មិនមែន​ល្អ​ប្រសើរ​ជាង​អ្នកណា​ទេ។ បើអ្នក​ឃើញ​ខ្ញុំ​ធ្វើ​ត្រូវ​ ត្រូវ​បន្ត​ជួយ​ខ្ញុំ តែ​បើ​ឃើញ​ខ្ញុំ​ធ្វើ​ខុស ត្រូវ​ជួយ​ផ្តល់​យោបល់​ដល់​ខ្ញុំ។”

 
អាប៊ូ បាក់ អាល់ បាកដាឌីជាមេដឹកនាំ​ជីហាត​ដែល​មាន​លុយ​ និង​អំណាច​ច្រើនជាង​មេភេរវជន​ដទៃទៀត
អាប៊ូ បាក់ អាល់ បាកដាឌី ​មាន​កំណើត​មក​ពី​ខេត្ត​ភាគខាងកើត​អ៊ីរ៉ាក់ ជាទី​ដែល​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​មក​ពី​និកាយ ស៊ុននីត និង​ស្ហីអ៊ីត​ឈ្លោះប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា​រហូតមក។ អាប៊ូ បាក់ អាល់ បាកដាឌីធ្លាប់​បាន​ចូលរៀន នៅ​សាលា​អ៊ីស្លាម​នៅ​ទីក្រុង​បាកដាត។ គាត់​មិន​ដែល​បាន​រៀន​ទាហាន​អ្វីទេ ប៉ុន្តែ បាន​​ចូលរួម​ក្នុង​ចលនា​ជីហាត​អ៊ីរ៉ាក់ នៅពេល​​អាមេរិក​ធ្វើ​សង្រ្គាម​​វាយលុក​ចូល​អ៊ីរ៉ាក់។ បាកដាឌី​ត្រូវ​បាន​អាមេរិក​ចាប់ខ្លួន និង​ដោះលែង នៅឆ្នាំ​២០០៩។ បាកដាឌី​បាន​ដឹកនាំ​ក្រុមជីហាត មក​ពី​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់ ដែល​ធ្លាប់​ត្រូវ​ធ្លាក់​ចុះ​អំណាច ដោយសារ​តែ​ ​មេដឹកនាំ​ចាស់​របស់​ចលនា​នេះ​ត្រូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិកបាញ់​សម្លាប់​កាលពី​ឆ្នាំ ២០១០។

អាប៊ូ បាក់ អាល់ បាកដាឌី​មាន​ឈ្មោះ​ល្បី​ខាង​ចិត្ត​ដាច់ និង​ហិង្សា។ បាកដាឌី ជាមេគំនិត រៀបចំ​អំពើភេរវកម្ម​បំផ្ទុះគ្រាប់​នៅ​អ៊ីរ៉ាក់ ដែល​មាន​ពេលខ្លះ អាច​សម្លាប់​ជាង​១០០​នាក់ ក្នុងមួយថ្ងៃ។ បាកដាឌី​ពេលនេះ​ត្រូវ​គេ​ជឿថា ជាមេដឹកនាំ​ជីហាត​ដែល​មាន​អំណាច និង​ឥទ្ធិពល​ជាង​ក្រុម​ជីហាត​ណាៗ​ទាំងអស់ នៅក្នុង​ពិភពលោក។ បាកដាឌី ពេលនេះ មាន​ ​ទាហាន​ប្រយុទ្ធ​ជាង ១ម៉ឺននាក់ និង​មាន​លុយ​ជាង​ពីរពាន់​លាន​ដុល្លារ ដែល​បាន​មក​ពីការចាប់ជំរិត ក្រុមមនុស្ស​មក​ពី​ប្រទេស​លោកខាងលិច និង​បាន​មក​ពី​ការលក់​ជួញដូរ​ប្រេង​ពី តំបន់​ដែល​ខ្លួន​វាយ​កាន់កាប់​បាន នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ អាប៊ូ បាក់ អាល់ បាកដាឌី គឺ​មនុស្ស​ទីពីរ បន្ទាប់ពី​មេដឹកនាំ​អាល់កៃដា អាល់ ហ្សាវ៉ាអ៊ីរី ដែល​អាមេរិកកំពុង​តាមចាប់ខ្លួន។ អាមេរិក​​បាន​ប្រកាស​ផ្តល់​ថ្នូរ​១០​លាន​ដុល្លារ សម្រាប់​អ្នកដែល​ផ្តល់​ព័ត៌មាន​ ឈាន​ទៅដល់​ចាប់ខ្លួន អាប៊ូ បាក់ អាល់ បាកដាឌី ដែល​អាមេរិក​ចាត់ទុក​ជា​មេភេរវជន​ដ៏គ្រោះថ្នាក់​មួយ​សម្រាប់​អាមេរិក។

អាប៊ូ បាក់ អាល់ បាកដាឌី​ ជា​អូសាម៉ា បិនឡាដិន​សម័យថ្មី
អាប៊ូ បាក់ អាល់ បាកដាឌី​ត្រូវ​បាន​អ្នកវិភាគ​លោកខាងលិច​ចាត់ទុក​ជា​មេភេរវជន​ដែល​មាន​យុទ្ធសាស្រ្ត​ ​ខុសប្លែក​ពី​ក្រុមអាល់កៃដា​។ គេ​ជឿថា អាប៊ូ បាក់ អាល់ បាកដាឌី​មិន​សូវត្រូវគ្នា​ជាមួយ​មេដឹកនាំ​អាល់កៃដា​បច្ចុប្បន្ន ដែល​បន្តតំណែង​ពី​អូសាម៉ា បិនឡាដិន ដែល​ត្រូវ​អាមេរិក ចាប់ និង​បាញ់ាសម្លាប់​កាលពី​ឆ្នាំ ២០១១។

ខុសពី​មេដឹកនាំ​អាល់កៃដា ដែល​ផ្តល់​សារ​ភាគច្រើន​អំពាវនាវ​ឲ្យ​មាន​ការប្រឆាំងតែទៅ​​នឹង​អាមេរិក និង​បង្រួបបង្រួម​ក្រុមអ៊ីស្លាម បាកដាឌី មេដឹកនាំ​ជីហាត​នៅ​អ៊ីរ៉ាក់ ផ្តោត​សំខាន់​ទៅលើ​ការបោសសម្អាត​នៅក្នុង​ចំណោម អ្នកកាន់​សាសនា​អ៊ីស្លាម ដោយ​សម្លាប់​ក្រុម​អ្នកដែល​ប្រឆាំង​នឹង​ខ្លួន នោះ​បើទោះបី​ជា​ពួកគេ​មក​ពី​និកាយ​ស៊ុននីត ឬ​ស្ហីអ៊ីត​ក្តី។ ក្រុមនេះ​បាន​ប្រើ​ប្រព័ន្ធផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ដើម្បី អូសទាញ ក៏ដូចជា​គំរាមកំហែង​ដល់​ក្រុម​ប្រឆាំង​នឹង​ខ្លួន។ បំណង​របស់​ក្រុមជីហាត​អ៊ីរ៉ាក់ គឺ​បង្កើត​រដ្ឋអ៊ីស្លាម​មួយ​ដែល​សុទ្ធ គ្មាន​អ្នកប្រឆាំង​ និង​គោរពអនុវត្ត​ច្បាប់​តឹងរ៉ឹង​របស់​ព្រះអាឡា។ រដ្ឋអ៊ីស្លាម​នេះ​ទៀតសោត គឺ​មាន​តែ​អ្នកដឹកនាំ​តែម្នាក់ដែល​ជាមេសាសនា ឬ​កាលីហ្វ អ្នកបន្តវេន​ពី​ម៉ូហាមេដ។ របៀបគ្រប់គ្រង​បែបនេះ ចុងក្រោយ​មាន​ នៅក្នុង​ប្រទេស​តួកគីត ដែល​ត្រូវ​គេ​លុប​បំបិទ​ចោល នៅ​ឆ្នាំ ១៩៤២ បន្ទាប់​ពី​ការដួល​រលំ​​នៃ​ចក្រភព​អូតូម៉ាន៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ