អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សកម្មជន​វៀតណាម​នាំគ្នា​រំឭកខួប​៣៥ឆ្នាំ​នៃ​សង្រ្គាម​វៀតណាម-ចិន​ឆ្នាំ​១៩៧៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ​នេះ ​សកម្មជន​វៀតណាម​ប្រមាណ​ជា ១០០នាក់ បាន​ប្រមូលផ្តុំគ្នា នៅក្នុង​ទីក្រុង​ហាណូយ ដើម្បី​រំឭកខួប ៣៥ឆ្នាំ នៃ​សង្រ្គាម រវាង​ចិន និង​វៀតណាម ដែល​បាន​ផ្ទុះឡើង កាល​ពី​ឆ្នាំ​១៩៧៩ ក្រោយ​ពី​វៀតណាម​បាន​បញ្ជូន​កងទ័ព​ចូល​ទៅ​វាយ​បណ្តេញ​ពួកខ្មែរក្រហម​ចេញ​ពី​អំណាច។

សកម្មជន​ប្រឆាំង​ចិន​នាំគ្នា​ធ្វើ​បាតុកម្ម​រឭក​ខួប ៣៥ឆ្នាំ នៃ​សង្រ្គាម​វៀតណាម-ចិន ឆ្នាំ​១៩៧៩
សកម្មជន​ប្រឆាំង​ចិន​នាំគ្នា​ធ្វើ​បាតុកម្ម​រឭក​ខួប ៣៥ឆ្នាំ នៃ​សង្រ្គាម​វៀតណាម-ចិន ឆ្នាំ​១៩៧៩ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ការជួបជុំគ្នា​​រំឭកខួប ៣៥ឆ្នាំ នៃ​សង្រ្គាម​ចិន-វៀតណាម នៅថ្ងៃ​អាទិត្យ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិនមាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នោះទេ។ ក៏ប៉ុន្តែ សកម្មជន​វៀតណាម​បាន​បង្ហាញ​នូវ​ការ​មិនសប្បាយចិត្ត ដែលរដ្ឋាភិបាល​វៀតណាម​មិនបាន​រៀបចំ​ពិធី​ផ្លូវការ​ណាមួយ ដើម្បី​រំឭក​ខួប​សង្រ្គាម​នេះ។

សង្រ្គាម​ចិន-វៀតណាម នៅ​ឆ្នាំ​១៩៧៩ គឺ​ជា​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា​ “សង្រ្គាម​ឥណ្ឌូចិន​លើកទី៣” (សង្រ្គាម​ឥណ្ឌូចិន​លើកទី១​ គឺ​សង្រ្គាម​ប្រឆាំង​នឹង​អាណានិគម​បារាំង នៅ​វៀតណាម ហើយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី២ គឺ​សង្រ្គាម​អាមេរិក​នៅ​វៀតណាម ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ហៅ​ដោយ​ខ្លី​ថា សង្រ្គាមវៀតណាម)។

ដើមហេតុ​សំខាន់បំផុត ដែល​នាំ​ឲ្យ​ផ្ទុះសង្រ្គាម​ រវាងចិន និង​វៀតណាម នៅ​ឆ្នាំ​១៩៧៩ គឺ​អន្តរាគមន៍​យោធា​របស់​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តួលរំលំ​របបខ្មែរក្រហម។ នៅ​ពេលនោះ ពិភពលោក​កំពុង​ស្ថិត​ក្នុង​​សង្រ្គាម​ត្រជាក់ ហើយ​ចិន និង​សហភាព​សូវៀត ក៏​​ជា​គូប្រជែងគ្នា​ដ៏ធំ​មួយដែរ។ ​វៀតណាម គឺ​ជា​សម្ព័ន្ធមិត្ត​របស់​សូវៀត។ ចំណែក​​ខ្មែរក្រហម គឺ​ជា​សម្ព័ន្ធមិត្ត​របស់​ចិន។

នៅ​ពេល​ដែល​វៀតណាម​បញ្ជូន​កងទ័ព​ចូល​ទៅ​​បណ្តេញ​ខ្មែរក្រហម​ពី​អំណាច ហើយ​កាន់កាប់​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ​១៩៧៩ មេដឹកនាំ​ចិន​នៅពេលនោះ គឺ​លោក​តេង ស៊ាវភីង គិត​ថា នេះ​គឺ​ជា​យុទ្ធសាស្រ្ត​របស់​សូវៀត ក្នុងគោលដៅ​វាតទី​​ពង្រីក​ឥទ្ធិពល នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រើ​វៀតណាម​ជា​កូនជឹង ដើម្បី​មក​ទប់ទល់​នឹង​ចិន។

នៅថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ជាងមួយខែ​ក្រោយ​ពី​កងទ័ព​វៀតណាមវាយចូលដល់​ភ្នំពេញ ហើយ​ផ្តួលរំលំ​របបខ្មែរក្រហម ចិន​ក៏​បាន​បញ្ជូន​ទ័ព​ប្រហែល​ជា ២ម៉ឺននាក់ អមដោយ​រថក្រោះ​ ២០០គ្រឿង ព្រមទាំង​កងកាំភ្លើងធំ​ផង ​បើក​ការវាយប្រហារ​ទៅលើ​ខេត្ត​ប៉ែក​ខាង​ជើង​ប្រទេស​វៀតណាម ដើម្បី​ជាការ​សងសឹក​ចំពោះ​អន្តរាគមន៍​យោធា​វៀតណាម​នៅ​កម្ពុជា។

ក៏ប៉ុន្តែ ប្រតិបត្តិការ​យោធា​ចិន នៅ​វៀតណាម មិនបាន​ប្រព្រឹត្ត​ទៅ​ដូច​ដែល​ចិន​រំពឹង​ទុក​នោះទេ ដោយសារ​តែ​ទាហាន​វៀតណាម​​មិនចេញ​មក​ប្រយុទ្ធ​តទល់​នឹង​ទាហាន​ចិន។ ផ្ទុយទៅវិញ វៀតណាម​បាន​ប្រើ​​យុទ្ធសាស្រ្ត​ឧទ្ទាម​ទ័ព​ព្រៃ​ ដូចដែល​វៀតណាម​ធ្លាប់ធ្វើ​ជាមួយ​អាមេរិក ក្នុង​សង្រ្គាម​វៀតណាម។

នៅថ្ងៃ​ទី៦ មីនា ក្រោយ​ពី​ការ​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ ១៧ថ្ងៃ ចិន​ក៏​បាន​​ចាប់ផ្តើម​ដក​ថយ​បន្តិចម្តងៗ រហូត​ដក​កងទ័ព​ទាំងអស់​ចេញ​ពី​វៀតណាម នៅថ្ងៃ​ទី១៦​ មីនា។ ការ​ដកថយ​របស់​ចិន​បាន​​​​ធ្វើ​ឲ្យ​វៀតណាម​ប្រកាស​ថា ខ្លួន​គឺ​ជា​អ្នក​ឈ្នះ​សង្រ្គាម ដោយ​អាច​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន ដូច​ជា​វៀតណាម​ធ្លាប់​ធ្វើ​ជាមួយ​អាមេរិក និង​បារាំង។

ចិនវិញ​​បាន​អះអាង​ថា ចិន​ដក​កងទ័ព​ចេញ​ពី​វៀតណាម​វិញ គឺ​ដោយសារ​តែ​​ចិន​បានសម្រេច​តាម​គោលដៅ​ពីដំបូង គឺ​ផ្តល់មេរៀន​មួយ​ដល់​វៀតណាម ដែល​ហ៊ាន​ចូល​ឈ្លានពាន​លើ​របប​ខ្មែរក្រហម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន។ ក៏ប៉ុន្តែ អ្នក​ប្រវត្តិសាស្រ្ត និង​អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ត​ទ័ព គេ​យល់ឃើញ​ថា មាន​ហេតុផល​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ចិន​ដក​ថយ​ចេញ​ពី​វៀតណាម គឺ ទីមួយ ចិន​ក៏​មិនមានចង់​ឲ្យ​សង្រ្គាម​ជាមួយ​វៀតណាម រាលដាល​កាន់តែ​ធំ​ដែរ ដោយសារ​តែ​ខ្លាច​ផ្ទុះ​សង្រ្គាម​ជាមួយ​នឹង​សហភាព​សូវៀត។ ម្យ៉ាងទៀត ទាហាន​ចិន​ក៏​​ត្រូវ​រងការ​ខូចខាត​ខ្លាំង​ផងដែរ ដោយសារ​តែ​យុទ្ធសាស្រ្ត​ទ័ព​ព្រៃ​របស់​វៀតណាម។

ដូច្នេះ​ហើយ​បាន​ជា​គេ​គិត​ថា នៅ​ក្នុង​សង្រ្គាម​ជាមួយ​វៀតណាម នៅ​ឆ្នាំ​១៩៧៩​នេះ ថ្វីដ្បិត​តែ​គេ​មិន​អាច​និយាយ​ថា ជាបរាជ័យ​របស់​ចិន ព្រោះ​ចិន​មិនមែន​ត្រូវ​កងទ័ព​វៀតណាម​វាយបង្រ្កាប​​ឲ្យ​ដកថយ ក៏ប៉ុន្តែ គេ​ក៏​មិន​អាច​និយាយ​ពី​ជ័យជម្នះ​របស់​ចិន​ដែរ ពីព្រោះ​ថា ចិន​ដែល​ជា​ប្រទេស​មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង ជា​អ្នក​បើក​ការ​វាយប្រហារ​ទៅលើ​វៀតណាម​មុន ក្នុង​គោលដៅ​ថាចង់​ផ្តល់​មេរៀន​ដល់​វៀតណាម ក៏ប៉ុន្តែ នៅ​ទីចុងបំផុត​ទៅ កងទ័ព​ចិន​ខ្លួនឯង​ក៏​ទទួលរងនូវ​ការ​ខូចខាត​មិនតិច​ដែរ។

ទាហាន​ចិន ត្រូវ​ស្លាប់​​ជាង ៨ ៥០០នាក់ និង​របួស ជាង ២ម៉ឺននាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​ចិន។ ខាង​វៀតណាម​វិញ អះអាង​ថា ទាហាន​ចិន​ស្លាប់​រហូតដល់​ទៅ ៦ម៉ឺន ២ពាន់នាក់​ឯណោះ។ ខាងវៀតណាមវិញ រដ្ឋាភិបាល​វៀតណាម​មិនបាន​ផ្តល់​តួលេខ​អំពី​​ការខូចខាត​ខាង​កងទ័ព​ទេ ក៏ប៉ុន្តែ ចិន​អះអាង​ថា មាន​ទាហាន​វៀតណាម​ស្លាប់ ប្រមាណ​ជា ៤ម៉ឺន ២ពាន់នាក់​ ក្នុង​សង្រ្គាមនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ