អានតួអត្ថបទ
អាមេរិក-វៀតណាម

លោក​John Kerry​ទៅ​វៀតណាម ដើម្បី​បញ្ជាក់​វត្តមាន​របស់​អាមេរិក​នៅ​អាស៊ី

កាលពី​ថ្ងៃសៅរ៍ ទី ១៤ ធ្នូ ប្រមុខ​ការបរទេស​អាមេរិក លោក​John Kerry បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​វៀតណាម ជាទី​ដែល​លោកធ្លាប់​ប្រយុទ្ធច្បាំង​កាលអំឡុង​សម័យ​សង្រ្គាម ឆ្នាំ​១៩៦០។ នៅទីក្រុង​ហូជីមិញ រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​មនុស្ស។

លោក​ប្រមុខការបរទេស​អាមេរិក​ជួប​និស្សិត​វៀតណាម​នៅ​ទីក្រុង​ហូជីមិញ កាលពីថ្ងៃ​សៅរ៍ ទី ១៤​ធ្នូ
លោក​ប្រមុខការបរទេស​អាមេរិក​ជួប​និស្សិត​វៀតណាម​នៅ​ទីក្រុង​ហូជីមិញ កាលពីថ្ងៃ​សៅរ៍ ទី ១៤​ធ្នូ ©REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

ពីសត្រូវ មក​ជា​មិត្ត និង​ជាដៃគូ​ពាណិជ្ជកម្ម​ជាមួយ​គ្នា។ លោកប្រមុខការបរទេស​អាមេរិក​បាន​កោតសរសើរ​ការប្រែ​មុខមាត់​ថ្មី​របស់​វៀតណាម និង​សន្ទុះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែល​មាន​ចាប់តំាង​ពី​វៀតណាម និង​អាមេរិក​បាន​ចុះសម្រុង និង​ជានា​នឹង​គ្នា​វិញ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយនេះ។

 
ប៉ុន្តែ នៅចំពោះមុខ​និស្សិត និង​អ្នកជំនួញ​អាមេរិក ក្នុង​ទីក្រុង​ហូជីមិញ លោក​ប្រមុខ​ការបរទេស​​​អាមេរិក​បាន​ក្រើន​រំលឹក​ដល់​ថ្នាក់​ដឹកនាំ​វៀតណាម​ឲ្យ​ចេះ​ឆក់​ឱកាស​ដ៏​ល្អនេះ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស។ សង្គម​ដែល​មាន​ការបើក​ទូលាយ​នឹង​ឈាន​ទៅរក​ភាពរុងរឿង​ថ្កុំថ្កើង។ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​និយាយ​យ៉ាងដូច្នេះ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ញូវយ៉ក​បាន​ទាមទារ​ឲ្យ​អាមេរិក​ដាក់គំនាប​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស។ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ត្រូវ​បាន​អង្គការ​Human Rights Watch ទទូច​សុំ​ឲ្យ​អាមេរិក​ដាក់​បញ្ចូល​ទៅក្នុង​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​វៀតណាម​គោរព មុន​នឹង​អាច​ចូល​ធ្វើ​ជាដៃគូ​ជាមួយ​អាមេរិក នៅក្នុង​កិច្ច​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក។

ដោយពិតទៅ បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម​មិនមែន​ជា​គោលដៅ​ចំបង​នៃ​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​អាមេរិក​នៅ​វៀតណាម​ទេ។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​អាមេរិក នៅក្នុង​បរិបទ​រក្សា​តុល្យភាព នៅ​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អាស៊ីអាគ្នេយ៍​ក្លាយ​ជា​ចំណុចស៊ីប​របស់​អាមេរិក។ ទស្សនកិច្ច​របស់​លោក​John Kerry នៅ​វៀតណាម ស​បញ្ជាក់​ពី​វត្តមាន បោះយុថ្កា​ដ៏​យូរអង្វែង​របស់​អាមេរិក​នៅ អាស៊ី។ បន្ទាប់ពី វៀតណាម ប្រមុខ​ការបរទេស​អាមេរិក​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ហ្វីលីពីន។ ហ្វីលីពីន​ដែល​លោក​John Kerry បាន​ខកខាន​មិន​ទៅ ធ្វើ​ទស្សនកិច្ច កាលពី​ខែ​តុលា​មុន។

តាម​អ្នកជំនាញ​អាស៊ី​នៅ​សកល​វិទ្យាល័យ​​ហុងកុង ដំណើរ​ទស្សនកិច្ច​របស់​លោក​John Kerry ធ្វើ​ឡើង​ដើម្បី​ប៉ះប៉ូវ ការខូចខាត បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ខកខាន​មិន​បាន​ទៅ​ចូល​រួម​នៅក្នុង​ជំនួបកំពូល​អាស៊ាន កាលពី​ខែ​តុលា។ លោកអូបាម៉ា​ដែល​បាន​បែរ​យុទ្ធសាស្រ្ត​យោធា​មក​អាស៊ី​ប៉ាស៊ីហ្វិក​ធ្លាប់​បាន​សន្យា​ជួយ​រក្សា​សន្តិសុខ នៅក្នុង​តំបន់​អាស៊ី ដែល​បច្ចុប្បន្ន​នេះ​កាន់​តែ​រង្គោះរង្គើ​ដោយសារ​ការងើប​កម្រើកខ្លួន ការពង្រីក​ឥទ្ធិពល​របស់​មហាអំណាច​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ