អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់៖ តើ​ប្រធានាធិបតី​ថ្មី​អាច​ផ្លាស់ប្តូរ​នយោបាយ​ស្តីពី​នុយក្លេអ៊ែរ​និង​វិបត្តិស៊ីរី​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធផល​​​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ប្រកាស​ជាផ្លូវការ​ហើយ គឺ​លោក​ហាសាន រ៉ូហានី (Hassan Rohani) ដែល​ជា​អ្នក​បាន​ទទួល​ជ័យជម្នះ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី។ លោក​ហាសាន រ៉ូហានី ត្រូវបាន​គេ​ពិពណ៌នា​ជាទូទៅ​ថា ជា​អ្នក​នយោបាយ​កណ្តាលនិយម ហើយ​ជ័យជម្នះ​របស់​លោក​​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​​នាំគ្នា​អបអរ​សាទរ ដោយ​គេ​រំពឹង​ថា ក្រោម​អាណត្តិ​ប្រធានាធិបតី​ថ្មី ដែល​ជា​អ្នក​កណ្តាល​និយម​នេះ អ៊ីរ៉ង់​អាច​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​របស់ខ្លួន។

លោក​ហាសាន់ រ៉ូហានី (Hassan Rohani) ប្រធានាធិបតី​អ៊ីរ៉ង់​ដែល​ទើប​នឹង​ជាប់ឆ្នោត​ថ្មី
លោក​ហាសាន់ រ៉ូហានី (Hassan Rohani) ប្រធានាធិបតី​អ៊ីរ៉ង់​ដែល​ទើប​នឹង​ជាប់ឆ្នោត​ថ្មី REUTERS/Yalda Moayeri
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តើ​​លោក​ហាសាន់ រ៉ូហានី ជា​នរណា?

លោក​រ៉ូហានី គឺ​ជា​ឥស្សរជន ដែល​ធ្លាប់​កាន់តំណែង​សំខាន់ៗ ក្នុង​រដ្ឋាភិបាល​អ៊ីរ៉ង់ ជាពិសេស គឺ​តំណែង​ជា​ប្រមុខដឹកនាំ​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ កាល​ពី​ក្នុង​សម័យ​លោក​ប្រធានាធិបតី​មហាម៉ាត់ ខាតាមី។

លោក​ គឺ​ជា​មន្រ្តី​សង្ឃ។ មន្រ្តី​សង្ឃ​នៃ​សាសនា​អ៊ីស្លាម និកាយ​ស្ហ៊ីអ៊ីត។ ក៏ប៉ុន្តែ លោក​ជា​​មន្រ្តី​សង្ឃ និង​ជា​អ្នក​នយោបាយ ដែល​ប្រកាន់​នូវ​ជំហរ​កណ្តាល​និយម ទាំង​ខាង​នយោបាយ និង​ខាង​សាសនា។

“កណ្តាលនិយម” នេះ គឺ​មានន័យថា មិនដូចជា​​អ្នក​អភិរក្ស​និយម​តឹងរ៉ឹង​ហួសហេតុ ដែល​ចង់​ឲ្យ​អ៊ីរ៉ង់​ដើរ​តាម​គន្លងចាស់ ប្រកាន់​យក​នូវ​នយោបាយ ទំនៀមទម្លាប់ និង​ការ​គោរព​សាសនា​ តាម​របៀប​តឹងរ៉ឹង។ ក៏ប៉ុន្តែ ក៏​មិនដូច​ទាំងស្រុង​ដែរ​នឹង​គំនិត​​​អ្នក​នយោបាយ​​កំណែទម្រង់​និយម​មួយចំនួន ដែល​ចង់​ឲ្យ​អ៊ីរ៉ង់​ដើរ​ចាក​ពី​គន្លង​ដើម​ទាំងស្រុង។

ក៏ប៉ុន្តែ យ៉ាងណា ក៏​លោក​រ៉ូហានី ទទួលបាន​នូវការ​គាំទ្រ​ពី​សំណាក់​អ្នក​នយោបាយ​កំណែទម្រង់​និយម ពីព្រោះ លោក​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ ពី​របៀបរបបដឹកនាំ និង​នយោបាយ​របស់​ប្រធានាធិបតី​ចាស់ គឺ​លោក​ម៉ះមូដ អះម៉ាឌីនចាត ដែល​ជា​អ្នក​អភិរក្ស​និយម​ប្រកាន់តឹង។ លោក​រ៉ូហានី ចង់​ឲ្យ​អ៊ីរ៉ង​បញ្ឈប់​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព​ដល់​ស្រ្តី បង្ខំ​ឲ្យ​ស្រ្តីពាក់​របាំងមុខ បង្កើន​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន និង​បញ្ឈប់កា​ររាំង​ខ្ទប់​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

ខាង​នយោបាយ​ការបរទេស​វិញ លោក​ហាសាន់ រ៉ូហានី ចង់​ឲ្យ​អ៊ីរ៉ង់​ប្រកាន់​យក​នូវ​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ គឺ​ទន់ភ្លន់​ជាង​កាល​ពី​កន្លងទៅ ក្រោម​អាណត្តិ​របស់​លោក​អះម៉ាឌីនចាត។ លើសពីនេះ​ទៅទៀត លោក​រ៉ូហានី ធ្លាប់​បាន​ប្រកាស​ថា លោក​ចង់​ឲ្យ​អ៊ីរ៉ង់​ភ្ជាប់ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយ​អាមេរិក។ ទំនាក់ទំនង​ការទូត ដែល​កាត់ផ្តាច់​តាំង​ពី​ក្រោយ​បដិវត្តន៍​អ៊ីរ៉ង់ ឆ្នាំ​១៩៧៩។

សំណួរ-តើ​លោក​ហាសាន់ រ៉ូហានី ពិត​ជា​អាច​​បន្ទន់​ឥរិយាបថ ឈាន​ទៅ​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​ជាមួយ​នឹង​លោកខាងលិច​​បានមែន​ឬ​ក៏យ៉ាងណា?

ជាទូទៅ គេ​រំពឹង​ថា លោក​ហាសាន់ រ៉ូហានី អាច​នឹង​ផ្លាស់ប្តូរ​ជំហរ ក្នុ​ងសំណុំរឿង​នុយក្លេអ៊ែរ​ ទីមួយ គឺ​ដោយសារ​តែ​លោក​រ៉ូហានី​ខ្លួន​លោក​ផ្ទាល់ ដែល​ជា​អ្នក​បង្ហាញ​ពី​គោលជំហរ​ចង់​បន្ទន់​ឥរិយាបថ ក្នុង​ការ​ចរចា​ជាមួយ​នឹង​លោក​ខាងលិច។

ទីពីរ ដោយសារ​តែ​គេឃើញ​ថា កាល​ពី​ពេល​កន្លងមក នៅ​ចន្លោះ ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៥ ដែល​លោក​ហាសាន់ រ៉ូហានី ធ្វើ​ជា​ប្រមុខដឹកនាំ​ការចរចា​នុយក្លេអ៊ែរ កិច្ចចរចា​ក្នុង​សំណុំរឿង​នេះ មាន​ការ​ជឿនលឿន​ទៅមុខ​​ មិនជាប់គាំង ដូច​ក្នុង​សម័យកាល​លោក​អះម៉ាឌីនចាត។ គឺ​នៅ​ក្រោម​ការដឹកនាំ​របស់​លោក​រ៉ូហានី​នេះ​ហើយ ដែល​នៅ​ឆ្នាំ​២០០៤ អ៊ីរ៉ង់​បាន​ព្រមព្រៀង​​ផ្អាក​កម្មវិធី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម ហើយ​ឲ្យ​មន្រ្តី​អធិការកិច្ច​របស់​ទីភ្នាក់ងារ​ AIEA ចូល​ទៅ​ត្រួតពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ដូច្នេះ គេរំពឹង​ថា ក្រោយ​ពី​លោក​ហាសាន់ រ៉ូហានី ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​អ៊ីរ៉ង់ ការចរចា​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ជាប់គាំង​រាប់ឆ្នាំ​មកហើយ​នេះ អាច​នឹង​មាន​ការ​ជឿនលឿន​ទៅមុខ​ ហើយ​អ៊ីរ៉ង់​អាច​នឹង​បន្ទន់​ឥរិយាបថ​ជាមួយ​នឹង​មហាអំណាច​លោកខាងលិច​ក្នុង​រឿងនេះ។

ក៏ប៉ុន្តែ គេ​មិនរំពឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​ហាសាន់ រ៉ូហានី អ៊ីរ៉ង់​អាច​បន្ទន់​ឥរិយាបថ រហូត​ដល់​បោះបង់​ចោល​ទាំងស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​​​របស់​ខ្លួន​នោះទេ។

ទីមួយ គួរបញ្ជាក់ថា នៅ​អ៊ីរ៉ង់ ​អំណាច​ធំបំផុត ជាពិសេស អំណាច​កំណត់​នយោបាយ​ការបរទេស និង​សំណុំរឿង​នុយក្លេអ៊ែរ​ ស្ថិត​ក្នុង​ដៃ​ប្រមុខដឹកនាំ​សាសនា គឺ Ayatollah Ali Khamenei ។ ដូច្នេះ លោក​ហាសាន់ រ៉ូហានី មិនប្រាកដ​​ជា​អាច​សម្រេច​អ្វី​តាមតែ​ចិត្ត​ចង់​បានទេ។

ម្យ៉ាងទៀត លោក​រ៉ូហានី​ខ្លួនឯង ក៏មិនមែន​ជា​អ្នក​ដែល​មាន​គំនិត​ចង់​ឲ្យ​អ៊ីរ៉ង់​​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង​នោះដែរ។ នៅ​ក្នុង​សុន្ទរកថា កាល​ពី​ឆ្នាំ​២០០៤ នៅពេល​​អ៊ីរ៉ង់​សុខចិត្ត​ផ្អាក​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ លោក​ហាសាន់ រ៉ូហានី ធ្លាប់​បាន​លើក​ឡើង​ថា ការ​សុខចិត្ត​​ផ្អាក​កម្មវិធីនេះ មិនមែន​មានន័យថា ជា​ការ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​ទាំងស្រុង​ទេ។ ផ្ទុយទៅវិញ ការ​ផ្អាក​កម្មវិធី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​នេះ គឺ​គ្រាន់តែ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​បន្ធូរ​សម្ពាធ និង​ទណ្ឌកម្ម ​ពី​ប្រទេស​លោកខាងលិច បង្កើត​ជា​បរិយាកាស​ស្ងប់ស្ងាត់​មួយ ឲ្យ​អ៊ីរ៉ង់​អាច​​បន្ត​​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅមុខ​ទៀតបាន។ ដូច្នេះ បើ​តាម​​ស្តាប់​សម្តីនេះ លោក​រ៉ូហានី មិនមែន​ចង់​ឲ្យ​អ៊ីរ៉ង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​ទេ គឺចង់​​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​តទៅទៀត គ្រាន់តែ​បន្ត​ធ្វើ​តាម​ផ្លូវ​ត្រជាក់។

សំណួរ-តើ​លោក​ហាសាន់ រ៉ូហា​នី​អាច​ផ្លាស់ប្តូរ​​នយោបាយ​អ៊ីរ៉ង់ បញ្ឈប់​ការ​​គាំទ្រ​ដល់​​លោក​បាស្ហា អាល់អាសាដ ក្នុង​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​ដែរ​ឬទេ?

រឿងនេះ​មើលទៅ ទំនង​ជា​ពិបាក​នឹង​ទៅរួច ដោយសារ​មូលហេតុច្រើន​យ៉ាង ទាំង​ខាង​ភូមិសាស្រ្តនយោបាយ សាសនា និង​របៀបរបបដឹកនាំ​របស់​អ៊ីរ៉ង់។

នៅ​អ៊ីរ៉ង់ ស្ទើរតែ​គ្រប់​អ្នក​នយោបាយ​ទាំងអស់ មិនថា អ្នក​អភិរក្ស​និយម អ្នក​កណ្តាល​និយម ឬ​អ្នក​កំណែទម្រង់​និយម​ទេ សុទ្ធតែ​កំណត់​យក​ប្រទេស​ស៊ីរី ជា​ប្រទេស​គន្លឹះ​សំខាន់​មួយ ដើម្បី​ឲ្យ​អ៊ីរ៉ង់​រក្សា​តុល្យភាព​អំណាច នៅ​ក្នុង​តំបន់​ដើមបូព៌ា ទល់​នឹង​ក្រុម​ប្រទេស​កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ុននីត។

នៅ​ស៊ីរី ប្រជាជន​ភាគច្រើន គឺ​ជា​អ្នក​កាន់​និកាយ​ស៊ុននីត ក៏ប៉ុន្តែ អ្នក​ដែល​កាន់​អំណាច​រដ្ឋ គឺ​ក្រុម​របស់​លោក​បាស្ហា​ អាល់អាសាដ គឺ​ជា​អ្នក​កាន់​និកាយ​អាឡវីត។ និកាយ​អាឡាវីត មាន​ទំនាក់ទំនង​ជិត​​ស្និទ្ធិ​នឹង​និកាយ​ស៊ុននីត ហើយ​លោក​អាសាដ​ផ្ទាល់ គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាងជិតស្និទ្ធិ​បំផុត​របស់​របបដឹកនាំ​អ៊ីរ៉ង់។

ដូច្នេះ នៅ​អ៊ីរ៉ង់ មិន​ថា​អ្នក​នយោបាយ​ណា​ទេ ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​មាន​ជំហរ​ចង់​បន្ត​ជួយ​​លោក​បាស្ហា អាល់អាសាដ ឲ្យ​នៅ​បន្ត​កាន់អំណាច ពីព្រោះ បើ​សិន​ជា​​អ៊ីរ៉ង់​ទុក​បណ្តោយ​ឲ្យ​លោក​អាសាដ​ធ្លាក់​ពី​អំណាច គេ​ដឹង​ប្រាកដ​ថា ខាង​ក្រុម​និកាយ​ស៊ុននីត​នឹង​ត្រូវ​ឡើង​មក​កាន់អំណាច ហើយ​ស៊ីរី ប្រាកដ​ជា​នឹង​ត្រូវ​ក្លាយ​ជា​ប្រទេស​ស៊ុននីត ដែល​កំពុង​តែ​មាន​ចំនួន​ច្រើន​ស្រាប់ នៅ​ក្នុង​តំបន់​ដើមបូព៌ា​បច្ចុប្បន្ន​នេះ។

កាលណា​អ៊ីរ៉ង់​របូត​ស៊ីរី​ពីដៃ ជំហាន​បន្ទាប់​មកទៀត គឺ​អាច​របូត​លីបង់​ពីដៃ​មួយទៀត ពីព្រោះ​​សព្វថ្ងៃ​នេះ អ៊ីរ៉ង់​ពឹងលើ​ស៊ីរី​ ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​លើ​នយោបាយ​លីបង់ ព្រោះ ស៊ីរី​ធ្លាប់​ដាក់​អាណានិគម​លើ​លីបង់។ ម្យ៉ាងទៀត​ ​អ៊ីរ៉ង់​ត្រូវ​​ការ​ប្រទេស​​ស៊ីរី ដើម្បី​ជា​ច្រក​ឆ្លងកាត់ ក្នុង​ការ​​ដឹកគ្រឿង​សព្វាវុធ​​​ទៅ​ឲ្យ​ក្រុម​ស្ហ៊ីអ៊ីត Hezbollah នៅ​លីបង់។

ដូច្នេះ គេ​មិនរំពឹង​ថា ក្រោម​ការដឹកនាំ​របស់​លោក​ហាសាន់ រ៉ូហានី អ៊ីរ៉ង់​នឹង​ផ្លាស់ប្តូរ​ជំហរ លែង​ជួយ​លោក​អាសាដ ក្នុងការ​វាយប្រយុទ្ធតទល់​នឹង​ក្រុម​ឧទ្ទាម​នោះទេ។ ម្យ៉ាងទៀត អ្នក​ដែល​មាន​អំណាច​ធំបំផុត នៅ​ក្នុង​ការ​កំណត់​នយោបាយ​ការបរទេស​អ៊ីរ៉ង់​ គឺ​​ Ayatollah Ali Khamenei ដែល​ជា​អ្នក​ប្រកាន់​ជំហរ​តឹងរ៉ឹង​បំផុត​ក្នុង​សំណុំរឿង​ស៊ីរីនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ