អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក៖ ក្រុម​​ជំនាន់​ក្រោយ​របស់​​អាល់កៃដា​​មាន​​ចរិត​​កាន់​តែ​​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បណ្តាញ​​​ក្រុមភេរវជន​នៅតែ​ជា​គ្រោះថ្នាក់​សំខាន់ គំរាមកំហែង​សន្តិសុខ​របស់​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ភេរវកម្ម​ក្នុង​ពិភពលោក ឆ្នាំ ២០១៣ ចេញផ្សាយ កាលពីថ្ងៃ​ពុធ ទី ៣០ ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ថា អំពើហិង្សា បំផ្ទុះគ្រាប់បែក សម្លាប់​មនុស្ស​របស់​ក្រុមភេរវជន​បាន​កើនឡើង ជាង​៤០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១២។

ក្រុម​ជ្រុលនិយម​របស់​បណ្តាញ​អាល់កៃដា ចូលរួម​ប្រយុទ្ធ​ជាមួយ​ពួកប្រឆាំង​ស៊ីរី ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី
ក្រុម​ជ្រុលនិយម​របស់​បណ្តាញ​អាល់កៃដា ចូលរួម​ប្រយុទ្ធ​ជាមួយ​ពួកប្រឆាំង​ស៊ីរី ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី ©REUTERS/Rasem Ghareeb
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម​អាមេរិក​ទំនង​អាច​ធូរទ្រូង បន្ទាប់ពី​អូសាម៉ា បិនឡាដិន មេបណ្តាញ​អាល់កៃដា ក្រុមភេរវកម្ម ត្រូវ​កងកុម្មង់ដូរ​អាមេរិក​បាញ់​សម្លាប់ នៅប៉ាគីស្ថាន កាលពី​ឆ្នាំ ២០១១។ ប៉ុន្តែ មិនមែន​ដូច្នោះ​ឯណា។ អាមេរិក មហាអំណាច​ដឹកនាំ​ប្រឆាំង​ភេរវកម្ម ក្នុង​ពិភពលោក មិនអាច​សម្រាក​ស្រួលខ្លួនឡើយ នោះ​បើទោះបី​ជា​បណ្តាញ​អាល់កៃដា​បាត់បង់​មេកើយ​ដ៏ល្បីឈ្មោះ ហើយ​បណ្តាញ​នេះ​ចាប់ផ្តើម​ចុះខ្សោយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក៏ដោយ។

 
អាល់កៃដា​បាត់មេកើយ បណ្តាញ​ភេរវកម្ម​អាល់កៃដា ចុះខ្សោយ ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នានោះ អ្នកជំនាញ​អាមេរិក​រកឃើញថា ក្រុមភេរវជន​តូចៗ​ក៏​បានកើតឡើង ​រីកដុះដាល​ដូចផ្សិតដែរ ជាពិសេស នៅ​តំបន់​ដើមបូព៌ា នៅ​អាហ្រ្វិក និង​នៅ​អាស៊ី។ តាម​ក្រសួង​ការបរទេស​អាមេរិក សង្រ្គាម​ស៊ីវិល​ នៅ​ស៊ីរី រឹតតែ​ផ្តល់​អំណោយផល ដល់​ការរីកដុះដាល​ក្រុមភេរវកម្ម។ ក្រុមមនុស្ស​ជ្រុលនិយម ​ជាច្រើន ជាពិសេស​យុវជន​អ៊ីស្លាម បាន​យកគំរូ ដើរតាម​មនោគមវិជ្ជា​របស់​ក្រុម​អាល់កៃដា ដោយ​បាន​ស្មោះស្ម័គ្រ​ចូល​ទៅ​ប្រយុទ្ធជាមួយ​ក្រុមប្រឆាំង​ស៊ីរី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ ជាមួយ​គ្នានោះ អភិបាលកិច្ច​ទន់ខ្សោយ​របស់​ប្រទេស​មួយ​ចំនួន ដូចជា​ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់​ក៏​ជួយ​ជំរុញ​ឲ្យ​ក្រុម​ភេរវជន​មាន​កាន់តែច្រើន និង​រីក​ឥទ្ធិពល​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់។ នៅក្នុង​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក រដ្ឋាភិបាល​មួយចំនួន​បាន​លើកផងដែរ​ពីក្តីព្រួយ​បារម្ភ​របស់​គេ ដែលថា ក្រុមយុវជន​ដែល​ចូល​ទៅ​ច្បាំង​ជាមួយ​ក្រុម​ជ្រុលនិយម ក្រុមបណ្តាញ​អាល់កៃដា នៅបរទេស នឹង​អាច​ត្រលប់មក​បង្ក​អំពើ​ហិង្សា ឬ​ភេរវកម្ម នៅក្នុង​ប្រទេស​កំណើត​របស់ខ្លួន វិញ។

ជារួម ដោយ​យក​តាម​គំរូ​របស់​អាល់កៃដា ក្រុមប្រដាប់អាវុធ​ទាំងនោះ​បាន​បង្កើត​ក្រុម​​មួយ និង​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង ឯករាជ្យ ពី​អាល់កៃដា។ ក្រុមភេរវកម្ម​ថ្មីៗ ជា​ច្រើន មិន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង របស់​មេអាល់កៃដា​ទេ។ មេអាល់កៃដា​ថ្មី​គ្មាន​អំណាច ឥទ្ធិពល​ទៅលើ​ក្រុមទាំងនោះទៀត​ទេ។

តាមរបាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ក្រុម​ទាំងនោះ​មាន​ដូចជា​ក្រុម​តាលីបង់​ប៉ាគីស្ថាន ក្រុម​បូកូហារ៉ាម នៅ​នីហ្សេរីយ៉ា អាល់កៃដា អ៊ីរ៉ាក់ ក្រុម​សេបាប់​ពី​ប្រទេស​សូម៉ាលី។ បណ្តាញ​អាល់កៃដា​កើតឡើង​ថ្មីនេះ មិនពឹង​ផ្អែក​ទៅលើ​ហិរញ្ញវត្ថុ​របស់​មេ​អាល់កៃដា​​ទេ។ ពួកក្រុមនេះ​បាន​ទទួល​ថវិកា​ដោយផ្ទាល់​ពី​ក្រុម​អ្នកមាន​អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​ជះលុយ ញុះញង់​ឲ្យ​គេ​ចូល​ប្រយុទ្ធ​នៅក្នុង​សង្រ្គាម​ស៊ីវិល​ស៊ីរី។ មួយវិញទៀត ពួកគេ​អាច​រកថវិកា​ដោយ​ខ្លួន​ឯង តាមរយៈ ការចាប់ជំរិត ចាប់​ចំណាប់ខ្មាំង​ជន​បរទេស ឬ ក៏ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម បន្លំ​កាត​ធនាគារ ដើម្បី​យក​លុយទៅ​ផ្គត់ផ្គង់​បេសកកម្ម​ភេរវកម្ម​របស់ខ្លួន។

តាមរបាយការណ៍​របស់​អាមេរិក ក្រុមភេរវជន​ថ្មីៗ ភាគច្រើន មាន​ចរិត​ឃោឃៅ ហិង្សា និង​ឧស្សាហ៍ បង្ក​ភេរវកម្ម​ប្រឆាំង ក្រុម​និកាយ​សាសនា។ មុខសញ្ញា​របស់​ក្រុមភេរវជន​គឺ ជនស៊ីវិល អ្នកកាន់សាសនា​ផ្ទុយពីខ្លួន មន្ទីរពេទ្យ ទីតាំង​រដ្ឋបាល។ ក្នុង​ឆ្នាំ ២០១៣ អំពើ​ភេរវកម្ម​បាន​កើនឡើង​៤៣​ភាគរយ នៅក្នុង​ពិភពលោក។ នៅឆ្នាំ ២០១៣ អំពើភេរវកម្ម​បាន​កើតឡើង ដល់​ទៅ ៩៧០០​លើក ក្នុង​ពេល​ដែល​ភេរវកម្ម​មាន​ចំនួន​តែ ៦៧០០​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០១២។ ក្នុង​ចំណោម​ជនរងគ្រោះ ដែល​ស្លាប់ នៅក្នុង​អំពើភេរវកម្ម ជាង ១ម៉ឺន ៧ពាន់នាក់ មាន​ផងដែរ ជនជាតិ​អាមេរិកាំង ១៦នាក់។ ក្រៅពីនោះ គឺ​ជា​ប្រជាជន​របស់​ប្រទេស​ធំៗ ចំនួន​១០​ដែល​អំពើ​ភេរវកម្ម​ច្រើនជាងគេ ដែល​មាន​ដូចជា អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន នីហ្សេរីយ៉ា ថៃ ហ្វីលីពីន សូម៉ាលី យេម៉ែន ឥណ្ឌា ស៊ីរី។

របាយការណ៍​របស់​អាមេរិក​បាន​បង្ហាញថា បើមើលទៅ​គោលដៅ​ដែល​រង​អំពើ​ភេរវកម្ម កម្រិត​គំរាមកំហែង​របស់​ក្រុមភេរវជន​មាននៅត្រឹម​ថ្នាក់​មូលដ្ឋាន នៅក្នុង​តំបន់ ប៉ុន្តែ មិនមាន​លក្ខណៈ​ជា​អន្តរជាតិ​នោះ​ទេ។ ថ្វីបើ​យ៉ាងនោះក្តី ក៏អាមេរិក​នៅ​តែ​បារម្ភ និង​ចាត់ទុក​ថា ក្រុមភេរវកម្ម​នៅ​តែ​ជាគ្រោះថា្នក់ សម្រាប់​សន្តិសុខ​របស់​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ