អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ស្ហ៊ីនហ្សូ អាបេ​និង​លោក​ស៊ី ជីនពីង​បើកធ្វើ​ជំនួបកំពូល​ជាលើកទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ និង​ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង បាន​​ជួបគ្នា​នៅថ្ងៃ​ចន្ទ​នេះ នៅ​ក្រៅ​ជំនួបកំពូល APEC នៅ​ប៉េកាំង។ នេះ​គឺ​ជា​ជំនួបកំពូល​លើកទី១ ចាប់តាំង​ពី​មេដឹកនាំ​ទាំងពីរ​បាន​ឡើង​កាន់អំណាច និង​ចាប់តាំង​ពី​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចុះ​ដុនដាប​ខ្លាំង កាល​ពីឆ្នាំ​២០១២។

លោក​ស្ហ៊ីនហ្សូ អាបេ (ឆ្វេង) និង​លោក​ស៊ី ជីនពីង ចាប់ដៃ​គ្នា នៅ​ក្នុង​ជំនួបកំពូល នៅប៉េកាំង ថ្ងៃ​ចន្ទ ១០វិច្ឆិកា ២០១៤
លោក​ស្ហ៊ីនហ្សូ អាបេ (ឆ្វេង) និង​លោក​ស៊ី ជីនពីង ចាប់ដៃ​គ្នា នៅ​ក្នុង​ជំនួបកំពូល នៅប៉េកាំង ថ្ងៃ​ចន្ទ ១០វិច្ឆិកា ២០១៤ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​ស៊ី ជីនពីង បាន​ឡើង​កាន់អំណាច​នៅ​ក្នុង​ពេល​ប្រហាក់​ប្រហែលគ្នា។ លោក​ស្ហ៊ីនហ្សូ អាបេ ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ចុង​ឆ្នាំ​២០១២ ចំណែក​លោក​ស៊ី ជីនពីង បាន​ឡើង​កាន់​តំណែង​ជា​​​ប្រធានាធិបតី​ចិន នៅ​ដើម​ឆ្នាំ​២០១៣។ ចាប់តាំង​ពី​ពេល​ឡើង​កាន់តំណែង​មក ប្រមុខដឹកនាំ​ទាំងពីរ​មិនដែល​បើក​ធ្វើ​ជំនួបកំពូល​ជាផ្លូវការ​នោះទេ ហើយ​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន ចេះតែ​ធ្លាក់ចុះ​ដុនដាប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង រវាង​ចិន និង​ជប៉ុន រួមមាន ការ​ខ្វែង​គំនិត​គ្នា​ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​សម័យសង្រ្គាម និង​​ជម្លោះ​ដណ្តើម​ប្រជុំកោះ ដែល​ជប៉ុន​ហៅថា “សេនកាគូ” ហើយ​ដែល​ចិនហៅថា “ទៀវយូ”។

ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត ចំណុច​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​ជាងគេ គឺ​វិហារ​យ៉ាស៊ូគូនី។ ចាប់តាំង​ពី​លោក​ស្ហ៊ីនហ្សូ អាបេ និង​គណបក្ស​អភិរក្ស​និយម​ជាប់ឆ្នោត​ឡើង​កាន់អំណាច​មក សមាជិក​សភា និង​សមាជិក​រដ្ឋាភិបាល​ជប៉ុន​ តែងតែ​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​បន់ស្រន់​ នៅ​វិហារ​យ៉ាស៊ូគូនី​​ជា​ញឹកញាប់។ សូម្បីតែ​លោក​ស្ហ៊ីនហ្សូ អាបេ ខ្លួនឯង​ផ្ទាល់ ដែល​ជា​ប្រមុខរដ្ឋាភិបាល ក៏​ធ្លាប់​ទៅ​បន់ស្រន់​នៅ​វិហារ​យ៉ាស៊ូគូនី​នេះ​ដែរ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ សម្រាប់​ចិន ការណ៍​ដែល​មេដឹកនាំ​ជប៉ុន​ទៅ​ធ្វើ​ការ​បន់ស្រន់​នៅ​វិហារ​យ៉ាស៊ូគូនី គឺ​ប្រៀបដូច​ជា​ការ​ប្រមាថ​ដល់​ប្រជាជន​ចិន ជាពិសេស ដល់​ជនរងគ្រោះ សម័យ​សង្រ្គាម ពីព្រោះ នៅវិហារ​យ៉ាស៊ូគូនី​នេះ​មាន​ចារឈ្មោះ​អតីត​មេដឹកនាំ​ជប៉ុន​ក្នុង​សម័យសង្រ្គាម​លោកលើកទី២ ហើយ​ដែល​ជាប់ទោស​ជា​ឧក្រិដ្ឋជន​សង្រ្គាម​។

ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​ប្រជុំកោះវិញ បញ្ហា​បាន​ផ្ទុះឡើង​ កាល​ពី​ឆ្នាំ​២០១២ ក្រោយ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រមូល​ទិញ​ដី​​ទាំងអស់​​នៅលើ​ប្រជុំកោះ​ជាប់ជម្លោះ​​​មក​ដាក់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ខឹង​សម្បារ។ ចាប់ពីពេលនោះមក  ​ចិនតែងតែ​បញ្ជូន​នាវាល្បាត​ចូល​ទៅ​ក្នុង​តំបន់​កោះ​ជាប់ជម្លោះ​ជាញឹកញាប់។ លើស​ពីនេះ​ទៅទៀត ចិន​បាន​ប្រកាស​បង្កើតតំបន់​ការពារដែន​អាកាស ដែល​គ្រប់​ដណ្តប់​លើ​តំបន់​សមុទ្រ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន ដែល​ធ្វើ​ឲ្យ​ភាពតានតឹង​កាន់តែ​កើនឡើង រហូត​មាន​អ្នក​វិភាគខ្លះ​បង្ហាញ​នូវ​ការបារម្ភ​ថា ចិន និង​ជប៉ុន អាច​នឹង​ប៉ះទង្គិចគ្នា​ដោយ​អាវុធ ដោយសារ​តែ​ជម្លោះ​ដណ្តើម​ប្រជុំកោះ​នេះ។
 
ក្តីបារម្ភ​នេះ​ហាក់ដូចជា​បាន​ធូរស្បើយ​ទៅវិញ​បន្តិច នៅ​ក្រោយ​ពេល​ដែល​លោក​ស៊ី ជីនពីង យល់ព្រម​បើក​ធ្វើ​ជំនួបកំពូល​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃ​ចន្ទ​នេះ។ ​​លោក​ស្ហ៊ីនហ្សូ អាបេ បាន​លើកឡើង​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​ស៊ី ជីនពីង​ថា ជំនួបនេះ​ ​គឺ​ជា​ជំហានដំបូង ដែល​ឈាន​ទៅ​ស្តា​រ​ទំនាក់ទំនង​ចិន-ជប៉ុន​ឡើងវិញ។

បើ​ទោះបី​ជា​មាន​ជំនួបកំពូល​នៅថ្ងៃ​ចន្ទ​នេះ​ក៏ដោយ មេដឹនាំ​ចិន និង​ជប៉ុន នៅ​តែ​បន្ត​ប្រកាន់​ជំហរ​តឹងរ៉ឹង​រៀងៗ​ខ្លួន ​​ ជាពិសេស ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​ប្រជុំកោះ ក៏ប៉ុន្តែ មេដឹកនាំ​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជម្លោះ​នេះរាលដាល​កាន់តែ​ធំ​ជាង​នេះ​ទៅទៀត ដែល​នាំ​ឲ្យ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី ក្នុង​វិស័យ​ផ្សេងៗ​ទៀត។

គួរបញ្ជាក់ថា ចិន និង​ជប៉ុន ថ្វីដ្បិត​តែ​មាន​ប្រវត្តិ​ជូរចត់​នឹងគ្នា​កាល​ពី​អតីតកាល ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ​កំពុងតែ​ត្រូវការ​គ្នា​ទៅវិញ​ទៅមក​ខាង​ផ្នែក​សេដ្ឋកិច្ច។ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ សុទ្ធតែ​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​នាំចេញ​ដូចគ្នា​ ហើយ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ចិន និង​ជប៉ុន មាន​ទំហំ​ជាទឹកប្រាក់​រហូត​ដល់​ទៅ ៣៣៤ពាន់លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១២។

ក្រោយ​ពី​មាន​​ជម្លោះ​ ការដោះដូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចុះ​រហូតដល់​ទៅជាង ១០% នៅ​ឆ្នាំ​២០១៣។ នៅចិនវិញ វិនិយោគ​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​រហូត​ដល់​ទៅ ២៥% នៅ​ឆ្នាំ​២០១៣ ហើយ​បន្តធ្លាក់ចុះ ៤០% ទៀត ​នៅ​ដើម​ឆ្នាំ​២០១៤។ ទាំងនេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ភាពតានតឹង​​ចាប់តាំង​ពី​ឆ្នាំ​២០១២​មក បាន​ធ្វើ​ឲ្យ​ចិន និង​ជប៉ុន ត្រូវ​ខាតបង់​ទាំងសងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ