អានតួអត្ថបទ
ចិន

ប្រធានាធិបតី​ចិន​ចុះទៅ​ទស្សនកិច្ច​តំបន់​ស្វ័យត​ស៊ីនជាំង​

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ម្សិលមិញ ​សារព័ត៌មាន​រដ្ឋចិន​បាន​ចុះផ្សាយ​ពីដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ នៅតំបន់​ស្វ័យតស៊ីនជាំង ស្ថិត​នៅ​​ភាគ​ខាងលិច​ប្រទេស​ចិន។ នៅ​ស៊ីនជាំង​​ អាជ្ញាធរ​តែង​ចោទ​​ជនជាតិ​​អ៊ុយហ្គួ កាន់​សាសនា​អ៊ីស្លាម​ថា ​បាន​បង្ក​ហិង្សា​ផ្តាច់ទឹកដី។ក្នុង​ទស្សនកិច្ច​នៅស៊ីនជាំង​ លោក​ស៊ី ជីនពីង​បាន​សង្កត់​ធ្ងន់​លើ​តួនាទី​របស់ប៉ូលិស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើភេរវកម្ម និង​សុំអោយ​ប៉ូលិស​​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ ​ដើម្បី​ប្រយុទ្ធ​អំពើ​ភេរវកម្ម។ ​​​

នៅ​ស៊ីនជាំង ប្រធានាធិបតីចិនបាន​សង្កត់​ធ្ងន់ពីតួនាីទី​ប៉ូលិស ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។
នៅ​ស៊ីនជាំង ប្រធានាធិបតីចិនបាន​សង្កត់​ធ្ងន់ពីតួនាីទី​ប៉ូលិស ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​​នៅតំបន់​ស្វ័យត​ស៊ីនជាំង ភាគខាងលិច​ប្រទេស​ចិន​ ​ជា​ទស្សនកិច្ច​លើក​​​ទី១​ របស់​ប្រធានាធិបតី​​ ស៊ី ជីនពីង គិត​ចាប់​ពី​ពេល​​ដែល​​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​​ បាន​សម្រេច​ចិត្ត​បង្កើត​គណៈកម្មាធិការ​មួយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ប្រយុទ្ធ​នឹង​ការគំរាមកំហែង​សន្តិសុខ​ផ្ទៃក្នុង និង​ក្រៅប្រទេស។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ស៊ីនជាំង ប្រធានាធិបតីចិន​បានសុំអោយ​ប៉ូលិស​​​ចាត់​វិធានការ​មាន​​ប្រសិទ្ធភាព​ដើម្បីប្រយុទ្ធ​អំពើភេរវកម្ម។ លោក​ស៊ី ជីនពីង​ លើកឡើងទៅកាន់​ប៉ូលិស​​ថា អ្នកទាំងអស់​គ្នា​ត្រូវតែ​​មាន​មធ្យោបាយ​ដ៏​មានប្រសិទ្ធភាព​បំផុត ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​​ឃោរឃៅ។

គួរ​រំលឹក​ថា អាជ្ញាធរ​​តំបន់​ស្វ័យត​ស៊ីនជាំង ​តែង​ចោទ​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​ អ៊ុយហ្គួ​ ថា​បាន​បង្ក​ហិង្សា​ផ្តាច់ទឹកដី។ ​កាលពី​ខែ​មិនា ​តំបន់​ភាគខាងលិច​​​បាន​រង​អំពើហិង្សា​​​​​គួរអោយ​កត់សម្គាល់។ នៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង មនុស្ស​មួយក្រុម​បាន​​ប្រើ​កាំបិត​ ​វាយប្រហារ​អ្នកដំណើរ​​ សម្លាប់​​មនុស្ស​២៩នាក់ និង​ធ្វើអោយ​របួស​១៤០នាក់។

នៅស៊ីនជាំង គិត​​មួយឆ្នាំ​មកនេះ ភាព​ចលាចល​បាន​ធ្វើអោយ​​​មនុស្ស​ជាង​មួយរយនាក់​​ ​ស្លាប់បាត់បង់​ជីវិត។ រដ្ឋាភិបាល​​ទំលាក់​កំហុសទៅលើ​ក្រុមអ្នកកាន់សាសនា​អ៊ីស្លាម​ជនជាតិ​អ៊ុយហ្គួរ ​​ផ្តាច់ទឹកដី​និយម​នៅទីនោះ។ ​ជនជាតិ​អ៊ុយហ្គួរ​តែង​​ចោទ​រដ្ឋាភិបាល​ចិន​ថា​​មិនបាន​​រាប់បញ្ចូល​ពួកគេ​ក្នុង​​ទិសដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងប្រទេស អោយ​បាន​ដូច​ជា​ជនជាតិ​ហានចិននោះទេ។

ដោយឡែក ក្នុង​ទស្សនកិច្ច​នៅ​ស៊ីនជាំង ប្រធានាធិបតី​ចិន ហាក់​បានបង្ហាញបំណង​ផ្សះផ្សា​​រួបរួម​​ជាតិ​ ដោយ​បាន​ជំរុញ​លើកទឹកចិត្ត​អោយ​និស្សិត​ទាំងឡាយ ​រៀនពីរភាសា គឺ​ភាសា​ជនជាតិ​អ៊ុយហ្គួ និង​ភាសា​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ