អានតួអត្ថបទ
ចិន

ប៉ូលិសចិន​​បាញ់ស្លាប់​៨​នាក់​នៅស៊ីងជាំង ក្នុង​ពេល​វាយ​ប្រហារ​ស្នងការ​ប៉ូលិស

ប៉ូលិស​ស៊ីងជាំង​ ​ដែនដី​​ភាគ​ខាងលិច​ប្រទេស​ចិន បាន​បាញ់​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់ ដែល​បាន​វាយលុក នៅ​ថ្ងៃចន្ទ​ទី ៣០​ធ្នូនេះ​​ ចូល​ស្នង​ការ​ដ្ឋាន​ប៉ូលិស ប្រដាប់​ដោយ​ កាំបិទ​ពូថៅ​នឹង​ដៃ អាវុធ​ និង​ ​​បាន​គ្រប់​គ្រាប់​បែកដុត​បំផ្លាញ​រថយន្ត​ប៉ូលិសទៀត។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​​របស់​រដ្ឋាភិបាល​ស្វយ័ត​ស៊ីងជាំង។

ប៉ូលិស​ចិន​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ ដោយ​សង្ស័យ​ខ្លាច​បង្ក​ភេរវកម្ម
ប៉ូលិស​ចិន​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ ដោយ​សង្ស័យ​ខ្លាច​បង្ក​ភេរវកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

“ម៉ោង​៦​និង​៣០​នាទី គត់ ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជនពាល​៩នាក់ កាន់​កាំបិត​នឹង​ដៃ នាំគ្នា​សម្រុក​ចូល​ស្នង​ការ​ប៉ូលិស រួច​គប់​គ្រាប់​ផ្ទុះ” ទើប​ប៉ូលិស​សម្រេច​ប្រើវិធានការ​ធ្ងន់​បាញ់​តប​វិញ​ ស្លាប់​ជន​ដៃដល់​៨​នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់” ! នេះ​ជា​ការ​ផ្សព្វផ្សាយ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​យ៉ាង​ខ្លី ដែល​មិន​បាន​បញ្ជាក់​អំពី​ស្ថានភាព​រងគ្រោះ​ក្នុង​ចំណោម​ ភ្នាក់ងារ​ប៉ូលិសទេ។

កាលពី​ពីរ​សប្តាហ៍​មុន អាជ្ញាធរ​តំបន់​ស៊ីងជាំង​នេះ ក៏​ធ្លាប់​បានជូន​ដំណឹង​ថា ប៉ូលិស​បាន​បាញ់​កម្ចាត់​មនុស្ស​ឱ្យ​ស្លាប់​១៤នាក់ បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​​ក្បែរ​ក្រុង កាសហ្ការ ស្លាប់​ប៉ូលិស​២នាក់។ ក៏​ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​បដិសេធ​ច្រាន​ចោល​ដោយ​ក្រុម​ជនជាតិ​អ៊ុយហ្គួរ និង​បក​ស្រាយ​ថា​ គឺ​ក្រុមប៉ូលិស​បាន​តម្រង់​ទិស​វាយ​ប្រហារ​យ៉ាង​ងងុល​លើ​ក្រុមគ្រួសារ​មួយ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​កូន។

ក្នុង​ក្រុង​ដដែល​នៃ​តំបន់​ស៊ីងជាំងនេះ កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ ក៏​ធ្លាប់​មាន​កើត​ហេតុ​ក្រុម​មនុស្ស​កាន់​កាំបិទ​ពូថៅ ស្ទុះ​ទៅ​វាយ​លុក​ប៉ូលិស​បង្ក​ឱ្យ​មាន​ស្លាប់​១១នាក់​ ក្នុងនោះ​ពីរ​នាក់​ជា​កង​កម្លាំង​រក្សា​សន្តិសុខ។ នេះ​បើ​តាម​ប្រភព​ព័ត៌មានផ្លូវការ​របស់​អាជ្ញាធរ។

អាជ្ញាធរ​ចិន​ដែល​តែង​ចោទ​ប្រកាន់​​ក្រុម​ជ្រុល​និយម​អ៊ុយហ្គួរ កាន់​សាសនា​អ៊ីស្លាម មាន​ដើម​កំណើតនិង​ភាសា​តួកគី​ ជាពួក​ភេរវនិយម ចង់​បង្ក​សង្គ្រាម​សាសនា ដោយ​លេស​អ៊ីស្លាម។ តែ​​សម្រាប់​សហគម​ន៍​និរទេស​ខ្លួន​ ឬ​ក្រុមអ្នក​ការពារសិទ្ធិ​មនុស្ស ​អ៊ុយហ្គួរ​ ប៉ូលិស​ចិន​តែង​រើស​អើង​ប្រើ​អំណាច​គាប​សង្កត់​បំបិទ​សេរីភាព​​សាសនា​វប្បធម៌​លើ​សហគមន៍​នេះ។

វិធានការ និង​ការពង្រឹង​សន្តិសុខ​បាន​រឹត​បន្តឹង​មួយ​កំរិត​ទៀតជុំ​វិញ​តំបន់​ស្វយ័ត​ស៊ីនជាំង​ តាំង​ពី​មាន​ផ្ទុះ​ភេរវកម្ម​អត្តឃាត​ នៅទីលាន​ធានអាន់មៀន កណ្តាល​ទី​ក្រុង​ប៉េកាំង កាលពី​ខែ​តុលាដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​អ៊ុយហ្គួរ​បី​នាក់​។ ក្រៅ​ពីនោះ​អំពើ​ហិង្សា​តែ​អង្រួន​តំបន់​ស៊ីនជាំង​នេះ ព្រោះ​តែ​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​ជនជាតិ​ចិន​ភាគ​ច្រើន ជា​​ហាន និង​ពួក​ដើម​អ៊ុយហ្គួរ​ ជាអ្នក​ភាគ​តិច។ អំពើ​ហិង្សា​ខ្លាំង​បំផុត​ផ្ទុះ​ឡើង​នៅ​កណ្តាល​រដ្ឋធានី​អ៊ូរ៉ុមជី កាលពី​ឆ្នាំ​២០០៩។ កាលណោះ​មាន​ស្លាប់​ប្រមាណ​២០០​នាក់ និង​របួស​ជាង​១៦០០​នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ