អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើហេតុអ្វី​បាន​ជា ​​ប្រមុខ​ដឹកនាំ​​កួគឌីស្ថាន​នៅអ៊ីរ៉ាក់ លា​ឈប់​ពីតំណែង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំ​​កួគឌីស្ថាន​​នៅអ៊ីរ៉ាក់ លោក Massoud Barzani បាន​ប្រកាស​ឈប់​កាន់​តំណែង ហើយ​បាន​ស្នើសុំ​​សភា កុំ​ឲ្យ​បន្ត​អាណត្តិ​ឲ្យ​រូប​លោក​តទៅទៀត។ នៅ​ចុង​សប្តាហ៍នេះ សភា​កួគឌីស្តាន​ បាន​បោះឆ្នោត ដោយ​សំឡេង​ភាគច្រើន ​​​​អនុម័ត​យល់​ព្រម​តាម​សំណើ​។ជាអ្នក​ជាតិនិយម​​កួគឌីស្ថាន លោក Massoud Barzani បាន​កាន់អំណាច​ជិត​១៥ឆ្នាំ ហើយ​​សភា​ ធ្លាប់​បាន​ផ្តល់​សេចក្តី​ទុក​ឲ្យ​លោក​បន្តកាន់​​តំណែង​កាល​ពីឆ្នាំ​២០១៣​ ដោយ​មិន​ចាំបាច់​បោះឆ្នោត។ លោកគឺ​ជាអ្នក​ជំរុញផ្តួច​ផ្តើម​​ឲ្យ​មាន​បោះឆ្នោត​ប្រជាមតិផ្តាច់​ទឹក​ដី​យក​ឯករាជពី​អ៊ីរ៉ាក់​​ រហូត​ដល់​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើស​លុប​ កាលពី​ខែ​កញ្ញា​កន្លងទៅ​នេះ​។ ចុះ​ហេតុអ្វីបា​នជា ​នៅពេល​នេះ​ ​លោក​​បាន​សម្រេច​ចិត្ត​ប្រកាស​លាឈប់​ពី​តំណែង​កំពូល​​ទៅវិញ​?

ប្រមុខរដ្ឋអំណាច​កួតឌីស្ថាននៅអ៊ីរ៉ាក់ ប្រកាស​លាឈប់​ពីតំណែង
ប្រមុខរដ្ឋអំណាច​កួតឌីស្ថាននៅអ៊ីរ៉ាក់ ប្រកាស​លាឈប់​ពីតំណែង REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

មូលហេតុដែលបណ្តាលឲ្យលោក បាហ្សានី លាឈប់​ពី​តំណែង

ចាប់​ថ្ងៃ​ទី​១វិច្ឆិកា​​ ស្អែក​នេះទៅ ថ្នាក់​ដឹកនាំ​កំពូលរបស់​ក្រុម​​​កួគឌីស្តាន​នៅអ៊ីរ៉ាក់ លោក Massoud Barzani នឹង​លែង​កាន់​តំណែង​ត​ទៅ​ទៀត​ហើយ។ មាន​អាយុ​៧១ឆ្នាំ លោកគឺជា​មេដឹកនាំ​ចលនា​ទាមទារ​ប្រកាស​ឯករាជ​ សម្រាប់ជន​ជាតិ​កួគឌីស្ថាន​ នៅភាគ​ខាង​ជើង​អ៊ីរ៉ាក់។ ​ Massoud Barzani បាន​ក្លាយ​ជា​មេដឹកនាំ​តំបន់​ស្វ័យត​ តាំងពី​ឆ្នាំ​២០០៣ នៅ​ពេល​ដែល​របបដឹកនាំរបស់​ អូស្មា ប៊ិនឡាដិន នៅ​អ៊ីរ៉ាក់ ​បាន​ផុតរលត់​ទៅ។

តាម​ពិត​ទៅ អាណត្តិ​កាន់​តំណែង​របស់​លោក Massoud Barzani បាន​ត្រូវ​ផុត​តាំងតែ​ពី​ឆ្នាំ​២០១៣មក​ម្ល៉េះ​ តែ​សភា សម្រេច​លុប​ចោល​ការ​បោះឆ្នោត​ និង​​បាន​ផ្តល់​សេចក្តីទុក​ចិត្ត​ឲ្យ​លោក​បន្ត​កាន់​អំណាច​តទៅទៀត រហូត​មក​ដល់​ពេល​នេះ។

គ្មានការ​គាំទ្រ​ពី​អាមេរិក និងអន្តរជាតិ

​ក្នុង​សុន្ទរកថាចុងក្រោយ នៅ​ពេល​ប្រកាស​សុំ​លា​ឈប់​ពី​តំណែង​ កាលពី​ថ្ងៃអាទិត្យ លោក Barzani បាន​ថ្លែង​ដោយ​សម្តី​ជូរ​ចត់ និង​ពោរពេញ​សេចក្តី​សោក​ស្តាយ​។ ប្រមុខ​ដឹកនាំរូប​នេះ ​បាននិយាយ​ថា លោកស្តាយ​ជា​ខ្លាំង​ ​ដែល​គ្មាន​សហគម​អន្តរជាតិ​គាំទ្រ​ការ​ប្រកាសទាមទារ​ឯករាជ​របស់​​លោក។​

សូម​ជ្រា​ប​ថា កាលពី​មួយ​ខែ​កញ្ញា​មុន​​នេះ ជន​ជាតិ​កួគឌីស្ថាន​​ បាន​បោះឆ្នោត​ប្រជាមតិ​ និង​ទាមទារ​បង្កើតឯករាជខ្លួន​ឯង​មួយ ចេញពី​ទឹក​ដី​អ៊ីរ៉ាក់​។ លទ្ធផល​​ប្រជាមតិ​នោះ បើ​ទោះបី​ជា​មាន​សំឡេង​គាំទ្រច្រើន​លើស​លុប ដល់ទៅ​ជាង​៩២ភាគរយ​ ឲ្យ​ផ្តាច់​ខ្លួន​ទៅហើយក្តី ក៏​ប៉ុន្តែ​ សេចក្តី​ប្រកាសឯករាជ្យ​​ គឺ​ត្រូវ​បាន​ផ្អិប​ទុកចោល​​ទៅវិញ​។

បើ​គេ​ពិនិត្យ​ផ្តោត​ទៅលើ​សន្ទុកថា ក៏​ជូរចត់​របស់​ប្រមុខ​រដ្ឋ​រូប​នេះ គឺ​លោក​ចង់​គូស​បញ្ជាក់​ដោយ​ត្រង់​ៗ​ចំពោះ​សហរដ្ឋ​អាមេរិកតែម្តង​។ លោក Barzani ក្នុង​សុន្ទរកថា​ចុងក្រោយ​ផ្សាយ​នៅ​ទូរទស្សន៍​ជាតិ​ បាន​រិះគន់​សហរដ្ឋ​អាមេរិក ថា​យល់ព្រម​អនុញ្ញាតឲ្យ​​កង​កម្លាំង​អ៊ីរ៉ាក់ យក​គ្រឿង​ប្រដាប់​អាវុធ​សម្រាប់​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ទៅ​វាយ​កម្ទេច​ក្រុម​​​កួគឌីស្ថាន និងថា អាមេរិក​ព្រម​ឈរ​បើក​ភ្នែក​មើលអ៊ីរ៉ាក់ វាយ​ដណ្តើម​យក​តំបន់ Kirkouk ​កៀរគួក ដែល​ជា​តំបន់ប្រភព​សេដ្ឋកិច្ច​ប្រេង​ដ៏​សំខាន់​របស់​​​​កួគឌីស្ថាន។

មិនតែប៉ុណ្ណោះ លោក Barzani បាន​រម្លឹក​ថា ប្រសិន​បើ​គ្មាន​កម្លាំង​ពលីកម្ម​របស់​ក្រុមប្រដាប់​អាវុធ​កួគឌីស្ថានជួយ​ប្រយុទ្ធ​វាយ​កម្ទេច​ពួក​ជីហាត​នោះ​ទេ ម្ល៉េះ​សម ក្រុម​សម្ព័ន្ធមិត្ត​អន្តរជាតិ​និង​​កង​ទ័ព​អ៊ីរ៉ាក់ នឹង​មិន​អាច​រំដោះ​ទីក្រុង​ម៉ូសូល​ ចេញ​ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​បា​នឡើយ​។ ក្នុង​ន័យ​នេះ លោកចង់​និយាយថា ការ​ជួយ​របស់​​ក្រុមប្រដាប់​អាវុធ​កួគឌីស្ថាន​ គឺ​មិនត្រឹម​តែ​គ្មាន​ការ​តប​ស្នង​សង​គុណនោះ​ទេ តែ​បែរ​ជា​ទទួល​បាន​ទោស​ទៅវិញ។

មុន​នឹង​បញ្ចប់​សុន្ទរកថា ប្រមុខ​ដឹកនាំ​​កួគឌីស្ថាន ចង់​ពលរដ្ឋកួគឌីស្ថាន​​របស់​ខ្លួន​ដណ្តឹង​សួរ​​ខ្លួនឯង​​ថា តើ​អាមេរិក​ ​បា​នដឹកឮ​ និង​មើល​ឃើញការ​វាយ​ប្រហារ​របស់​​អ៊ីរ៉ាក់ មក​​មើល​ក្រុម​កួគឌីស្ថាន​ដែរទេ? ហើយ​បើ​អាមេរិក​ដឹង​ហើយ ហេតុអ្វី​មិន​ជួយ​អើពើចាត់​វិធានការ​?​ តើហេតុអ្វី រដ្ឋាភិបាល​ក្រុង​ Washington ចង់​ដាក់ទណ្ឌកម្ម​​កួគឌីស្ថាន?​

ចំពោះភាគីរដ្ឋាភិបាល​ក្រុង​ Washington​​ វិញ​​ អាមេរិកដែល​​ជាអ្នក​ជួយ​យិត​យោង​ពួកកងទ័ព​​កួគឌីស្ថាន​​នេះតាំង​តែ​ពីដើមរៀង​មក ហើយ​និងបាន​ផ្តល់​លុយ​កាក់និង​គ្រឿង​សព្វាវុធ​ដើម្បី​កម្ចាត់​ពួក​ជីហាត តែអាមេរិក​ ពិតជា​​មិន​បានទទួល​​គាំទ្រ​ការ​ប្រកាសឯករាជ្យ​​របស់ពួក​គេ​នេះទេ​។ មិនតែប៉ុណ្ណោះ ពីម្សិលមិញ​នេះទៀត រដ្ឋមន្ត្រីការបរទេស​អាមេរិក ថែមទាំង​បាន​អបអរ​ចំពោះ​​សភា​កួគឌីស្ថាន ដែល​បាន​យល់​ព្រម​អនុម័ត​ការ​លាឈប់​ពី​តំណែង របស់​លោក Barzani ថែមទៅទៀត។ តែ​យ៉ាងណាក៏ដោយ អាមេរិក​ចង់​ឃើញ​​សភា​កួគឌីស្ថាន រៀបចំ​ការបោះឆ្នោត​នៅឆ្នាំ​២០១៨។​

វិបត្តិផ្ទៃក្នុង

ដោយឡែក ចំពោះ​រដ្ឋាភិបាល​ផ្សេងទៀត​ ក្រៅពីអ៊ីរ៉ាក់ជំទាស់ចំពោះ​ការ​ចង់​ប្រកាស​ឯករាជ្យ​ ប្រទេស​ជិត​ខាងផ្សេង មាន​បែប​យ៉ាង អ៊ីរ៉ង់ ស៊ីរី និង​ទួកគី គឺ​រឹង​រឹត​តែ​មិន​ចង់​ឃើញ​ឡើយ ការ​បង្កើត​រដ្ឋ​ថ្មី ពី​សំណាក់​ក្រុម​ជន​ជាតិ​កួគ​ឌីស្ថាន​ និកាយ​សាសនា​ស៊ុននីត​ ថែមទៅទៀត​។ ប្រទេស​បារាំង​វិញ បាន​ចាប់​ដៃ​ជាមួយ​អ៊ីរ៉ាក់និង​ត្រូវ​ការ​អ៊ីរ៉ាក់​ដើម្បី​កម្ទេច​អង្គការរដ្ឋ​អ៊ីស្លាមនោះ គឺបារាំងបាន​បង្ហាញ​ជំហរ​ថា ចង់​ឃើញ​ក្រុម​កួគឌីស្ថាន​​ចរចា​គ្នា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​រស់​នៅ​ចុះ​សម្រុង​គ្នា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញា​នៃ​រដ្ឋសហព័ន្ធ​អ៊ីរ៉ាក់​។

បន្ថែមពី​មូលហេតុ​គ្មាន​ការ​គាំទ្រ​ពី​អន្តរជាតិ នៅនយោបាយ​​ផ្ទៃក្នុង​វិញ លោក Barzani បាន​ត្រូវ​ក្រុម​ប្រឆាំង​​ចោទ​ថា ដោយសារតែ​គម្រោង​រៀបចំប្រជាមតិ​នោះហើយ បាន​ជា​ត្រូវ​អ៊ីរ៉ាក់​វាយ​ដណ្តើម​យក​ទឹក​ដី​ ដល់ថ្នាក់​បាត់​បង់​តំបន់​ កៀរកួគ ដែល​ជា​តំបន់​ប្រេង​ដ៏​សំខាន់​។ ក៏​ប៉ុន្តែ លោក Barzani បាន​ឆ្លើយថា ដោយសារតែ​ក្រុម​ប្រឆាំង​ទាំងនោះឯង ដែល​ចុះ​ចាញ់​ដោយ​មិន​ព្រម​ប្រយុទ្ធ ទើប​បណ្តាលឲ្យ​​បាត់​តំបន់ កៀរកួគ ទៅ​អ៊ីរ៉ាក់​យ៉ាង​​ងាយ។

តើថ្ងៃអនាគត​នឹងទៅជាយ៉ាងណា?

យ៉ាងណា​ក៏ដោយ ពី​អំណឹះ​តទៅ គេ​មិនទាន់​អាច​ដឹង​ពី​អនាគត​ក្រុម​កួគ​ឌីស្ថាន ថា​នឹងទៅ​ជា​យ៉ាងណា​នោះទេ ហើយថា​តើ​នរណា​នឹង​មក​កាន់​តំណែង​ប្រមុខ​ដឹកនាំ​ជំនួស​លោក Barzani នោះ? ប៉ុន្តែចំពោះ​​លោក​ Barzani គឺ​​បាន​សន្យាហើយថា នឹង​មិន​ឈប់​ធ្វើ​នយោបាយ​ទេ ហើយ​លោកនឹង​​នៅតែ​បន្ត​គ្រង​សម្លៀក​បំពាក់​ទាហាន​រួម​រស់​ប្រគាក​ស្នា​តស៊ូ​ជាមួយ​ជន​ជាតិ​កួកឌីស្ថាន​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ