អានតួអត្ថបទ

អ៊ីរ៉ាក់ ៖ គួឌីស្ថាន​បង្កក​លទ្ធផល​ប្រជាមតិ ដើម្បី​បាន​ចូល​ចរចា​ជាមួយ​រដ្ឋាភិបាល

នៅ​ទី​បំផុត រដ្ឋ​អំណាច​គួឌីស្ថាននៅ​​អ៊ីរ៉ាក់ ដែល​កំពុង​វិល​វល់​ក្នុង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច​ និង​គំនាប​ពី​អាជ្ញាធរ​​ក្រុង​បាកដាដ បាន​ប្រកាស​ផ្អិប​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិទាមទារ​ឯករាជ្យ​​កាលពី​ថ្ងៃ​ទី២៥​កញ្ញា ដោយ​សង្ឃឹម​ថា​សំណើ​នេះ​នឹង​អាច​បិទ​បញ្ចប់​វិបត្តិ​បាន។ សូម​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​មក​នេះ ​គួឌីស្ថាន​បាន​ខាតបង់​ច្រើន​ណាស់។

កងទ័ព​គួឌីស្ថាន peshmerga ឈរ​ជើង​នៅ​ចន្លោះ​ខេត្ត​ Kirkouk និង​ Erbilថ្ងៃទី ២០ តុលា ២០១៧
កងទ័ព​គួឌីស្ថាន peshmerga ឈរ​ជើង​នៅ​ចន្លោះ​ខេត្ត​ Kirkouk និង​ Erbilថ្ងៃទី ២០ តុលា ២០១៧ REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​ជា​គម្រប់​មួយ​ខែ​គត់ ដែល​រដ្ឋ​អំណាច​ស្វ័យត​គួឌីស្ថាន នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ បាន​រៀប​ចំ​ប្រជាមតិ​ទាមទារឯករាជ្យ​តំបន់។ បោះឆ្នោត​ឈ្នះ តែ​ វិបត្តិ​ក៏​ចាប់​ផ្ទុះ​ឡើង​ ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ គាំទ្រ​ដោយ​តួកគី អ៊ីរ៉ង់ បាន​គ្នា​គាប​គួឌីស្ថាន។ អាមេរិក​ដែល​ធ្លាប់ជា​ជំនួយ​ និង​​ពឹង​ពាក់​ទាហាន​គួឌីស្ថាន​ ក្នុងប្រតិបត្តិការ​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ក៏​មិន​ស្វាគមន៍​និង​ទទួល​ស្គាល់​លទ្ធផល​ប្រជាមតិ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការរួប​រួម​គ្នា។ ជា​ចុងក្រោយ​ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​ប្រើ​កម្លាំង​បាយ​ បញ្ជូន​ទ័ព​ទៅ​វាយ​ដណ្តើម​យក​រាល់​គ្រប់​ទីតាំង​កាន់​​ដោយ​គួឌីស្ថាន​ ក្រៅ​តំបន់​ស្វយ័ត

កន្លង​មក​គួឌីស្ថាន តែង​បដិសេធ​រាប់​គ្រប់​លក្ខខណ្ឌ​នៃ​ការ​ចរចា​ជាមួយ​អាជ្ញាធរ​កណ្តាល​បាតដាដ ព្រោះ​អាង​តែ​ខ្លួន​ស្ថិត​ក្នុង​ជំហរ​ជា​អ្នក​ខ្លាំង។ ប៉ុន្តែ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បើក​យុទ្ធនាការ​វាយប្រហារ​លើ​​ទីតាំង​របស់​ទាហាន​គួឌីស្ថាន​នៅ​តាម​បណ្តោយ​ព្រំដែន​តួកគី និង​បាន​ប្រកាស​ដាច់ខាត​សំដៅ​វាយ​លើ​គ្រប់ចំណុច​កាន់កាប់​ដោយ​គួឌីស្ថាន​ទាំង​អស់។

នៅ​ទីបំផុត អាជ្ញាធរ​គួឌីស្ថាន ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ តាំង​ពី​ព្រហាម ថា​នឹង​ផ្អិប​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ និង​ប្រកាស​ត្រៀមទទួល​យក​បទ​​ឈប់​បាញ់ភ្លាម​​ ដើម្បី​បញ្ជៀសសង្គ្រាម បញ្ជៀស​ការ​បំផ្លិច​បំផ្លាញ​សង្គម និង​ដើម្បី​ផ្តល់​ឱកាស​បើក​ការ​​ចរចា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ដោយយក​រដ្ឋធម្មនុញ្ញ​ជា​មូលដ្ឋាន។

តាម​ការ​ពិត​ អាជ្ញាធរ​គួឌីស្ថាន សុខ​ចិត្ត​ប្តូរ​ជំហារ​ ព្រោះ​កំពុង​​ចាញ់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ផង ​បាត់​បង់​ខេត្ត​គៀកូគ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​បាន​មក​ពី​ការ​បូម​ប្រេង​ផង និងគ្មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ណា​ម្នាក់​ដូច​ការ​គិតទៀត។ អាជ្ញាធរ​អ៊ីរ៉ាក់​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ ទេថ្ងៃ​នេះ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​កងយុទ្ធជន​ស្វ័យត្រាន បានផ្តល់ចម្លើយ​​យ៉ាង​កំបុត​​ច្រាន​ចោលសំណើ​​របស់​គួឌីស្ថាន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ