អានតួអត្ថបទ
អ៊ីរ៉ាក់

តុលាការ​អ៊ីរ៉ាក់​ចេញ​ដីកា​ចាប់ខ្លួន អ្នករៀបចំ​បោះឆ្នោត​ទាមទារ​ឯករាជ្យ​ឲ្យ គួឌីស្ថាន

តុលាការ​មួយ នៅ​ទីក្រុង​បាដាដ របស់ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃពុធ​ម្សិលមិញ បាន​ចេញ​ដីកា បញ្ជា​ឲ្យ​គេ​ចាប់ខ្លួន មនុស្ស​សំខាន់​បីនាក់ ដែល​បាន​ផ្តួចផ្តើម​គំនិត រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត គួឌីស្ថាន នៅ​អ៊ីរ៉ាក់។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​អ៊ីរ៉ាក់ ដែល​បាន​និយាយ​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

ប្រជាជន​គួឌីស្ថាន​អបអរ​សាទរ​នៅក្រោយ​ជ័យជំនះ​នៃ​សំឡេង​យល់ព្រមឲ្យ​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត​គួឌីស្ថាន នៅថ្ងៃទី​២៦ កញ្ញា ២០១៧
ប្រជាជន​គួឌីស្ថាន​អបអរ​សាទរ​នៅក្រោយ​ជ័យជំនះ​នៃ​សំឡេង​យល់ព្រមឲ្យ​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត​គួឌីស្ថាន នៅថ្ងៃទី​២៦ កញ្ញា ២០១៧ ©. REUTERS/Ari Jalal
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​មនុស្ស​ទាំង​៣​នាក់ ដែល​តុលាការ​អ៊ីរ៉ាក់​ចេញបញ្ជា​ឲ្យ​ចាប់ខ្លួន មាន​ម្នាក់ ជា​ប្រធាន គណៈកម្មការ រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ នៅ​គួឌីស្ថាន កាលពី​ថ្ងៃទី ២៥​កញ្ញា​កន្លងទៅ។ លោក​Hendren Saleh ត្រូវ​ប្រឈម​នឹង​ការចាប់ខ្លួន​ជាមួយ​សមាជិក​ពីររូប​ផ្សេងទៀត​របស់​គណៈកម្មការ​បោះឆ្នោត។

តុលាការ​អ៊ីរ៉ាក់ ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​អ្នករៀបចំ​ការបោះឆ្នោត​ប្រជាមតិ នៅ​គួឌីស្ថាន ទៅ​តាម​បណ្តឹង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់។ ដីកា​របស់​តុលាការ​អ៊ីរ៉ាក់ មាន​សុពលភាព​តែ​នៅលើ​ក្រដាស តែ​គ្មាន​សុពលភាពនៅ​​តំបន់​ស្វយ័ត គួឌីស្ថាន ជាទី ទាហាន​អ៊ីរ៉ាក់ គ្មាន​វត្តមាន ឬ​គ្មានអំណាច​អ្វី​សោះ​ឡើយ។

តំបន់​ស្វយ័ត គួឌីស្ថាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​ទាហាន​ប្រយុទ្ធ គួដ ឈ្មោះ​Peshmergas​តែប៉ុណ្ណោះ។ អាច​និយាយ​បាន​ថា ដីកា​របស់​តុលាការ​អ៊ីរ៉ាក់ អាច​មាន​ប្រសិទ្ធិភាព​ចាប់ជន​ចោទប្រកាន់​ទាំងបី បាន​តែ​នៅពេល​ពួកគេ​ធ្វើដំណើរ​នៅ​ក្រៅតែ​តំបន់​ស្វយ័ត គួឌីស្ថាន​តែប៉ុណ្ណោះ ពោល​គឺ​ខណៈពេល​ដែល​ពួកគេ​ធ្វើដំណើរ​ចេញចូល​ទៅ​ពិគ្រោះយោបល់​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​តែប៉ុណ្ណោះ។

រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែល​ប្រកាស​ចាត់ទុក លទ្ធផល និង​ការបោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ​នៅ​គួឌីស្ថាន ថា ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ាក់ បាន​ចាត់វិធានការ​គ្រប់វិធី​ដើម្បី​ដាក់គំនាប​ទាំងផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​លើ​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ស្វយ័ត គួឌីស្ថាន។ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​ក្រុង​បាដាដ​បាន​ប្រកាស​ទាមទារ​យក​មកវិញ ​ប្រាក់ចំណូល​ដែល​បាន​មកពី​ការនាំចេញប្រេង និង​ការបង់ពន្ធ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ដែល រហូត​មក គ្រប់គ្រង ដោយ​រដ្ឋាភិបាល​តំបន់​ស្វយ័ត គួឌីស្ថាន។ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​បាន​ទាមទារ​ផងដែរ ឲ្យ​ប្រទេស​ក្នុង​តំបន់​ផ្តាច់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​គួឌីស្ថាន ក្នុង​គោលដៅ បិទខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​តំបន់​នេះ​ទាំងស្រុង។ ក្រៅតែ​ពី​អ៊ីរ៉ង់​ដែល​សន្យា​ផ្អាក​ពាណិជ្ជកម្ម​ទិញដូរ​ប្រេង ជាមួយ អាជ្ញាធរ​គួឌីស្ថាន​នៅ​អ៊ីរ៉ាក់នៅ​ថ្ងៃ​ទី ៣០​កញ្ញា​កន្លងទៅ រដ្ឋាភិបាល​តួកគី​ឯណោះ វិញ ដែលបារម្ភ​ខ្លាច ប្រជាជន​គួដ នៅ​តួកគី យក​គំរូ តាម​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ នៅ​គួឌីស្ថាន បាន​គំរាម បិទខ្ទប់ លែង​ឲ្យ​មាន​ការនាំចេញ​ប្រេង​ពី​គួកឌីស្ថាន​ទៅ​ប្រទេស​តួកគី។

ការប្រកាស​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត កំពុង​ក្លាយ​ជា​ជម្ងឺ រាតត្បាត មិនថា នៅ​អ៊ីរ៉ាក់ និង​នៅ​អេស្ប៉ាញ។ នៅ​អេស្ប៉ាញ លោក​Carles Puigdemont មេដឹកនាំ​កាតាឡូញ៉ា ដែល​បាន​ដឹកនាំ​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត កាតាឡូញ៉ា ក៏​អាច​ប្រឈម​ផងដែឬ នឹង​ការចាប់ខ្លួន​ពីសំណាក់​រដ្ឋាភិបាល​អេស្ប៉ាញ ដែល​បាន​ចាត់ទុក​ការបោះឆ្នោត​ប្រជាមតិ នៅ​កាតាឡូញ៉ា​ថា ខុស​នឹង​ច្បាប់ រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ