ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​ទើប​សារភាព​ពី​ការ​កម្ទេច​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីរី​ក្នុង​ឆ្នាំ ២០០៧?

ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​ទើប​សារភាព​ពី​ការ​កម្ទេច​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីរី​ក្នុង​ឆ្នាំ ២០០៧?
 
យន្តហោះ​ចម្បាំង​ប្រភេទ F-16 របស់​ទ័ពអ៊ីស្រាអែល IDF/Handout via Reuters

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល សេចក្តីជូនដំណឹង​របស់​កងទ័ព​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី២១ មីនា​នេះ​បាន​ឲ្យ​ដឹង​ថា អ៊ីស្រាអែល​ពិត​ជា​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​កម្ទេច​ទីតាំង​មួយ​ក្នុងទឹកដី​ស៊ីរី​កាល​ពី​ឆ្នាំ ២០០៧។ តាម​សេចក្តីជូនដណឹង​ដដែល ទីតាំង​នោះ​ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​ស៊ីរី​កំពុង​សាងសង់​ជិត​រួចរាល់​ដោយ​មាន​ជំនួយ​ពី​ក្រុម​អ្នកជំនាញ​កូរ៉េខាងជើង។

តែ​រដ្ឋាភិបាល​ស៊ីរី​តែង​បដិសេធ​ថា មិនមែន​ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទេ។ សូម​ជម្រាប​ជូន​ថា នេះ​ជា​លើកទី១ ដែល​អ៊ីស្រាអែល​បាន​ចេញ​មុខ​សារភាព​ជា​ផ្លូវការ​ពី​ទង្វើ​របស់​ខ្លួន​កាល​ពី ១១ឆ្នាំ​មុន។

គឺ​នៅ​យប់​ថ្ងៃទី៥​ឆ្លង​ចូល​ថ្ងៃទី៦ កញ្ញា ឆ្នាំ ២០០៧ ដែល​ទ័ពអាកាស​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ទីតាំង​មួយ​របស់​ស៊ីរី​ឈ្មោះ Al-Kibar ស្ថិត​ក្នុង​ខេត្ត Deir Ezzor។ គឺ​ជា​មហា​ប្រតិបត្តិការ​សឹក​មួយ​របស់​ទ័ពអ៊ីស្រាអែល ក្រោយ​ពី​សង្រ្គាម Kippour ក្នុង​ឆ្នាំ ១៩៧៣។ នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ចេញ​ផ្សាយ​ថ្ងៃទី២១ មីនា​នេះ កងទ័ព​អ៊ីស្រាអែល​បាន​បញ្ជាក់​ច្បាស់ៗ​ថា ផ្ទាំងស៊ីប​ដែល​ទ័ពអ៊ីស្រាអែល​បាន​វាយប្រហារ​កម្ទេច​ទាំង​ស្រុង​កាល​ពី ១១ឆ្នាំ​មុន គឺ​ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ផលិត​ដោយ​កូរ៉េខាងជើង​ក្នុង​គោលដៅ​អភិវឌ្ឍន៍​គ្រាប់បែក​បរិមាណូ។

តាម​សេចក្តីជូនដំណឹង​របស់​ទ័ព​អ៊ីស្រាអែល​ដដែល ប្រតិបត្តិការសឹក​កាល​ណោះ​បាន​អនុញ្ញាត​ឲ្យ​បំបាត់​នូវ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​ប្រទេស​ស៊ីរី​លើ​ប្រទេស​អ៊ីស្រាអែល និង​លើ​តំបន់​ដើមបូព៌ា​ទាំង​មូល។ តាម​អ៊ីស្រាអែល ម៉ាស៊ីនប្រតិកម្ម​ដែល​បាន​កម្ទេច​សាងសង់​ជិត​រួចរាល់ និង​អាច​ដាក់​ឲ្យ​ដំណើរការ​ឆាប់ៗ​ផង។ គួរ​ជម្រាប​ជូន​ថា ប្រតិបត្តិការ​សឹក​សម្ងាត់​របស់​ទ័ព​អ៊ីស្រាអែល​លើ​ទឹកដី​ស៊ីរី​កាល​ពី ១១ឆ្នាំ​បាន​ធ្វើ​ឡើង​ក្នុង​ជំនាន់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Ehoud Olmert ហើយ​ព័ត៌មាន​មួយ​នេះ​ក៏​ត្រូវ​បាន​បិទ​ជិត​ឈឹង​ទាំង​ពី​ភាគី​អ៊ីស្រាអែល​ខ្លួន​ឯង​ក៏​ដូច​ជា​ភាគី​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ លោក​អាសាដ​ដែល​ធ្លាប់​បដិសេធ​ថា ទីតាំង​ដែល​អ៊ីស្រាអែល​បាន​វាយប្រហារ​កាល​ណោះ​មិនមែន​ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទេ។

សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​ទ័ពអ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទីតាំង​ក្នុង​ទឹកដី​ប្រទេស​ក្បែរ​ខាង​ដែល​ខ្លួន​សង្ស័យ​ថា ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ។ ទ័ពអាកាស​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​កម្ទេច​ម៉ាស៊ីនប្រតិកម្ម Osirak ក្នុង​ទឹកដី​អ៊ីរ៉ាក់​ម្តង​ក្នុង​ឆ្នាំ ១៩៨១។

អ៊ីស្រាអែល​ព្រមាន​ប្រើ​កម្លាំងបាយ​ដើម្បី​សន្និសុខជាតិ

ទោះបី​ជា​អ៊ីស្រាអែល​ខំ​លាក់​ដោយ​មិន​ឆ្លើយ​សារភាព​តាំង​ពី ១១ឆ្នាំ​ក៏​ដោយ ក៏​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​គ្រប់​គ្នា​ដឹង​តាំង​ពី​យូរ​មក​ហើយ។ អ្នក​ដែល​បាន​ដឹង​រឿង​នេះ​មុន​គេ​កាល​ណោះ គឺ​អាមេរិក​ក្នុង​ជំនាន់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី George W Bush។ លោក Bush ដែល​បាន​ជជែក​គ្នា​យ៉ាង​សម្ងាត់​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ជំនាន់​នោះ គឺ​លោក Ehoud Olmer។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិកាំង​ដែល​លើក​ឡើង​ថា លោក Bush មិន​ចង់​ចូលខ្លួន​ធានា​ប្រតិបត្តិការ​សឹក​របស់​ទ័ព​អ៊ីស្រាអែល​លើ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ស៊ីរី​កាល​ណោះ​ទេ។

អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​បែរ​ជា​ចេញ​មុខ​សារភាព​នៅ​ពេល​នេះ​ទៅ​វិញ?។ ពេល​ខ្លះ រឿង​សម្ងាត់​ខ្លះ​ដែល​ទម្លាយ​ទៅ​អាច​ទទួល​បាន​ប្រយោជន៍​ក៏​គួរ​តែ​ទម្លាយ​ដែរ ដូច​ករណី​អ៊ីស្រាអែល​ពេល​នេះ​ជា​ដើម។ មិនមែន​ចៃដន្យ​ទេ​ដែល​អ៊ីស្រាអែល​បាន​សារភាព​ពេល​នេះ ព្រោះ​វា​បាន​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ និង​បរិបទ​មួយ​ច្បាស់លាស់ ពិសេស​ដើម្បី​ជួយ​គាំទ្រ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​កំពុង​ព្រមាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អ្វី​ដែល​អ៊ីស្រាអែល​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ការ​លូកដៃ​កាន់​តែ​ជ្រៅ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជាមួយ​សម្ព័ន្ធមិត្ត​ហេស្បូឡាលីបង់​ដែល​ជា​សត្រូវ​ស៊ីសាច់ហុចឈាម​របស់​ខ្លួន។

ដូច្នេះ​ចម្លើយ​សារភាព​របស់​អ៊ីស្រាអែល​ពេល​នេះ​អាច​ជា​សារ​ព្រមាន​មួយ​ដោយ​ប្រយោល​ដែក​មិន​ចំពោះ​តែ​អ៊ីរ៉ង់​មួយ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​តំបន់​មជ្ឈិមបូព៌ា​ទាំង​មូល​តែ​ម្តង។ សារ​ព្រមាន​នោះ​គឺ​ថា អ៊ីស្រាអែល​មិន​ញញើត​នឹង​ប្រើ​កម្លាំងបាយ បើ​ចាំ​បាច់ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ទឹកដី​អ៊ីស្រាអែល។ នៅ​ថ្ងៃទី២១ មីនា​នេះ​ទៀត លោក​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល Avigdor Lieberman បាន​ព្រមាន​ត្រង់ៗ​ថា មហិទ្ធិរិទ្ធ​យោធា យន្តហោះចម្បាំង និង​សមត្ថភាព​របស់​ទ័ព​អ៊ីស្រាអែល​មាន​កម្លាំង​ខ្លាំង​ជាង​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ឆ្នាំ ២០០៧។ លោក Lieberman បាន​បញ្ជាក់​ថា គ្រប់​គ្នា​នៅ​តំបន់​មជ្ឈិមបូព៌ា​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ចំពោះ​បញ្ហា​នេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីស្រាអែល-អ៊ីរ៉ង់

    នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ព្រមាន​កុំ​ឲ្យ​អ៊ីរ៉ង់​លលេង​នឹង​អ៊ីស្រាអែល​ឲ្យ​សោះ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ​អ៊ីស្រាអែល​ព្រមាន​អ៊ីរ៉ង់​នៅក្រោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ផ្ទុះធ្លាក់​ដោយសារ​មីស៊ីល​ស៊ីរី

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-អ៊ីស្រាអែល

    អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ឈ្លានពាន​ស៊ីរី​ ដោយ​ប្រឌិត​រឿង យក​ជា​លេស

    ស្វែងយល់បន្ថែម

  • ស៊ីរី-អ៊ីស្រាអែល

    កងទ័ពស៊ីរី​ បាញ់​ទំលាក់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ