អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ឈ្លានពាន​ស៊ីរី​ ដោយ​ប្រឌិត​រឿង យក​ជា​លេស

បន្ទាប់ពីអ៊ីស្រាអែល បានបញ្ជូនយន្តហោះចម្បាំង​ បើកប្រតិបត្តិការនៅក្នុងទឹកដីស៊ីរី កាលពីព្រឹកថ្ងៃសៅរ៍ ទី១០កុម្ភៈ និងដោយមានយន្តហោះមួយគ្រឿង ត្រូវបានកងទ័ពស៊ីរី បាញ់ទំលាក់ផងនោះ អ៊ីរ៉ង់ បានចេញមុខប្រកាសថា អ៊ីស្រាអែល​ កំពុងតែប្រើល្បិច ចូលឈ្លានពានស៊ីរី។ អ៊ីរ៉ង់ចោទថា ហេតុផលដែលអ៊ីស្រាអែល លើកឡើងថា​មានយានដ្រូនស៊ើបការណ៍របស់អ៊ីរ៉ង់​ ហោះចេញពីដីស៊ីរី ចូលដែនអាកាសអ៊ីស្រាអែល​នោះ គឺជារឿងប្រឌិត និងគួរឲ្យអស់សំណើច ជាទីបំផុត។

នាយករដ្ឋមន្ត្រី​អ៊ិស្រាអែល​ ​Benjamin Netanyahu (កណ្តាល) រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​​ Avigdor Lieberman ​(ស្តាំ) ប្រជុំ​បន្ទាន់​នៅក្រុង​​តែ​ល​អាវីវ ថ្ងៃ​ទី​១០ ​កុម្ភៈ ​២០១៨
នាយករដ្ឋមន្ត្រី​អ៊ិស្រាអែល​ ​Benjamin Netanyahu (កណ្តាល) រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​​ Avigdor Lieberman ​(ស្តាំ) ប្រជុំ​បន្ទាន់​នៅក្រុង​​តែ​ល​អាវីវ ថ្ងៃ​ទី​១០ ​កុម្ភៈ ​២០១៨ Israel Defence Ministry/Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីល្ងាចថ្ងៃសៅរ៍ទី ១០កុម្ភៈ បន្ទាប់ពីអ៊ីស្រាអែល បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ លើដែនអាកាសស៊ីរី  អ៊ីរ៉ង់បានចេញមុខ មកចោទប្រកាន់ទង្វើនេះ ថាជាទង្វើឈ្លានពានស៊ីរី។ លោក Bahram Ghassemi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា អ៊ីស្រាអែល ធ្វើគ្រប់យ៉ាង ដើម្បីបំពេញមហិច្ឆិតាឈ្លានពានរបស់ខ្លួន  បើទោះបីជាត្រូវប្រឌិតរឿង យកមកចោទគេឯង ដោយបំពានក៏ដោយ។

មន្ត្រីការទូតអ៊ីរ៉ង់ដដែលនេះ បានបញ្ជាក់ថា ការដែលអ៊ីស្រាអែល​លើកឡើងថាខ្លួន បានបញ្ជូនយន្តហោះចម្បាំង ទៅវាយប្រហារនៅក្នុងទឹកដីស៊ីរី ក៏ដោយសារតែមាន យានដ្រូនស៊ើបការណ៍សំងាត់របស់អ៊ីរ៉ង់ ហោះចេញពីដីស៊ីរី មកក្នុងដែនអាកាសរបស់អ៊ីស្រាអែលនោះ  គឺជារឿងប្រឌិតដ៏គួឲ្យអស់សំណើចបំផុត។ លោកបន្តថា ការដែលស៊ីរីបាញ់ទំលាក់ យន្តហោះចម្បាំងអ៊ីស្រាអែល គឺជាសិទ្ធិការពារខ្លួនរបស់ស៊ីរី។

សូមបញ្ជាក់ថា ក្រសួងការពារជាតិអ៊ីស្រាអែល បានចេញលិខិតប្រកាសថា នៅព្រឹកព្រហាមស្រាងៗ ថ្ងៃសៅរ៍ទី ១០កុម្ភៈ យន្តហោះចម្បាំងប្រភេទF16 របស់អ៊ីស្រាអែល​ជាច្រើន​គ្រឿង បានហោះសំដៅទៅបើកការ​វាយប្រហារនៅ លើទីតាំងកងទ័ពរដ្ឋាភិបាលស៊ីរី និងកងទ័ពអ៊ីរ៉ង់។ យន្តហោះមួយគ្រឿងរបស់អ៊ីស្រាអែល ត្រូវបានកងទ័ពស៊ីរីបាញ់ ធ្លាក់ផ្ទុះ នៅភាគខាងជើងអ៊ីស្រាអែល។ អ៊ីស្រាអែល អះអាងថា ប្រតិបត្តិការនេះ ជាការឆ្លើយតបទៅស៊ីរី និងអ៊ីរ៉ង់ ព្រោះថាកាលពីពេលយប់ថ្ងៃទី៩ រំលងចូលថ្ងៃ១០កុម្ភៈ  កងទ័ពអ៊ីស្រាអែល បានចាប់បានយានដ្រូនស៊ើបការណ៍​ របស់កងទ័ពអ៊ីរ៉ង់ ដែលឈរជើងនៅក្នុងទឹកដីស៊ីរី។

ទាក់ទិននឹងការចោទប្រកាន់ទាំងនេះ អ៊ីរ៉ង់ ក៏បានឆ្លើយតបមកវិញថា អ៊ីរ៉ង់ គ្មានទាហាននៅឈរជើង ក្នុងទឹកដីស៊ីរីទេ។ បើមានគឺមានតែជំនាញការយោធា បន្តិចបន្តួចតែប៉ុណ្ណោះ ហើយជាមន្ត្រីជំនាញការ ដែលទៅតាមការអញ្ជើញ របស់រដ្ឋាភិបាលស៊ីរី។ ដោយឡែក លីបង់ ដែលនៅជាប់ស៊ីរី និងអ៊ីស្រែល និងដែលពេលខ្លះ ត្រូវមីស៊ីល និងយន្តហោះអ៊ីស្រាអែលហោះកាត់ផងនោះ  ក៏បានចោទប្រកាន់ថា អ៊ីស្រាអែល កំពុងបំពានអធិបតេយ្យរបស់ស៊ីរីដែរ។ ក្រសួងការបរទេសលីបង់ បានប្រកាសថា លីបង់ នឹងប្តឹងទៅអង្គការសហប្រជាជាតិ ចំពោះការដែលអ៊ីស្រាអែល​ បានបំពានដែនអាកាសរបស់លីបង់​ ដោយបានបង្ហោះយន្តហោះចម្បាំង ទៅឈ្លានពានស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ