ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៥
នៅថ្ងៃអាទិត្យ ទី១៥ កញ្ញា អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំប្រេងចេញធំជាងគេក្នុងលោកបានប្រាប់ពីការធ្លាក់ចុះផលិតកម្មប្រេងរបស់ខ្លួនជាបណ្តោះអាសន្នចំនួនពាក់កណ្តាល ពោលមានប្រមាណជាង ៥លានបារីលក្នុងមួយថ្ងៃ។ ព័ត៌មាននេះបានធ្លាក់មក ក្រោយពីស្ថានីយ៍ចម្រាញ់ប្រេងចំនួនពីររបស់ក្រុមហ៊ុន Aramco បានរងការវាយប្រហារដោយដ្រូនរបស់ពួកឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ រាជទាយាទអារ៉ាប៊ីសាអូឌីតបេនសាលម៉ានបានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតមានឆន្ទៈ និងសមត្ថភាពក្នុងការឆ្លើយតបនឹងការគំរាមកំហែងភេរវនិយមមួយនេះ។ ចំណែកលោកត្រាំបានថ្កោលទោសលើការវាយប្រហារដែលនឹងធ្វើឲ្យជម្លោះ និងការមិនទុកចិត្តគ្នាមានកាន់តែខ្លាំងឡើង។ រីឯប្រមុខការទូតអាមេរិកលោកប៉ុមប៉េអូបានចង្អុលចំមុខអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទី។
ប្រមុខការទូតអាមេរិកលោកប៉ុមប៉េអូមិនបានលើកយកភស្តុងតាងអ្វីទៅបង្ហាញដើម្បីបញ្ជាក់ពីការលូកដៃរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារដោយប្រើដ្រូនរបស់ពួកឧទ្ទាមហ៊ូទីលើស្ថានីយ៍ចម្រាញ់ប្រេងចំនួនពីររបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍ ទី១៤ កញ្ញាទេ។ តែមានហេតុផលមួយចំនួនដែលគេអាចពន្យល់បាន ទី១ ចលនាឧទ្ទាមហ៊ូទីនៅយេម៉ែនដែលកំពុងកាន់កាប់ទឹកដីមួយផ្នែកបានទទួលការគាំទ្រគ្រប់បែបយ៉ាងពីប្រទេសអ៊ីរ៉ង់ មិនថារឿងលុយកាក់ ឬគ្រឿងសព្វាវុធ។ គឺពួកឧទ្ទាមហ៊ូទីនេះដែលកំពុងបន្តទទួលរងការវាយប្រហារពីកម្លាំងសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតតាំងពីឆ្នាំ ២០១៥។ ចលនាឧទ្ទាមមួយនេះតែងព្យាយាមសងសឹកទល់នឹងអារ៉ាប៊ីសាអូឌីតវិញ ដូចយ៉ាងការវាយប្រហារដោយប្រើដ្រូនលើស្ថានីយ៍ចម្រាញ់ប្រេងចំនួនពីររបស់ក្រុមហ៊ុន Aramco ក្នុងថ្ងៃសៅរ៍ ទី១៤ កញ្ញា។
បើគ្មានការជួយគាំទ្រ ជ្រោមជ្រែងពីអ៊ីរ៉ង់ក៏ពួកឧទ្ទាមមួយនេះគ្មានអាវុធទំនើបៗទាន់សម័យដូចយ៉ាងដ្រូន និងគ្មានសមត្ថភាពអាចទៅវាយប្រហារដល់ស្ថាយ៍នីយ៍ចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអូឌីតដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទីតាំងរបស់ពួកគេដែរ។ គួររម្លឹកថា នេះលើកទី៣ ក្នុងរយៈពេល ៥ខែចុងក្រោយដែលពួកឧទ្ទាមហ៊ូទីបានប្រើយុទ្ធសាស្រ្តវាយប្រហារដោយប្រើដ្រូន។ តែគេក៏ត្រូវដឹងថា អារ៉ាប៊ីសាអូឌីតជាសត្រូវស៊ីសាច់ហុតឈាម និងជាសត្រូវស៊ូពូជរបស់អ៊ីរ៉ង់។ ទាំងអស់នេះជាហេតុផលដែលប្រមុខការទូតអាមេរិកលោកប៉ុមប៉េអូមិនញញើតទម្លាក់កំហុសដាក់អ៊ីរ៉ង់។ តែអ៊ីរ៉ង់បានតបវិញដោយច្រានចោលការចោទប្រកាន់របស់លោកប៉ុមប៉េអូ និងចាត់ទុកជាការចោទប្រកាន់ល្ងីល្ងើដែលមិនអាចយល់បាន។
អាមេរិកចេញមុខធានាស្ថិរភាពតម្លៃប្រេងលើទីផ្សារអន្តរជាតិ
ក្រោយរងការវាយប្រហារ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសពីការផ្អាកដំណើរផលិតកម្មប្រេងនៅស្ថានីយ៍ទាំងពីរមួយរយៈ។ ការផ្អាកនេះបានធ្វើឲ្យផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងមួយថ្ងៃ។ មានការលើកឡើងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីតជាការវាយប្រហារលើបេះដូងពិភពលោក និងអាចធ្វើឲ្យពិភពលោកប្រឈមនឹងជំងឺគាំងបេះដូង។ ចូរកុំភ្លេចថា អារ៉ាប៊ីសាអូឌីតជាប្រទេសជង្រុកប្រេងឆៅដ៏សំខាន់ក្នុងលោក ជាប្រទេសដែលបាននាំប្រេងចេញច្រើនជាងគេក្នុងលោក និងជាប្រទេសដែលបានផលិតប្រេងក្នុងបរិមាណដ៏ច្រើនសម្បើមក្នុងមួយថ្ងៃៗ ពោលមានជាង ១០លានបារីលក្នុងមួយថ្ងៃ។
ស្ថានីយ៍ចម្រាញ់ប្រេងចំនួនពីរ គឺស្ថានីយ៍ Abqais និងស្ថានីយ៍ Khurais ដែលបានរងការវាយប្រហារកាលពីថ្ងៃសៅរ៍ ទី១៤ កញ្ញាបានផលិតប្រេងក្នុងមួយថ្ងៃៗចំនួន ៥លាន ៧សែនបារីល។ ដូច្នេះការផ្អាកដំណើរការស្ថានីយ៍ចម្រាញ់ប្រេងទាំងពីរជាបណ្តោះអាសន្នធ្វើឲ្យផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះចំនួនពាក់កណ្តាល ពោលស្មើដល់ទៅ ៥% នៃផលិតកម្មប្រេងសរុបក្នុងលោក។ ធ្លាក់ចុះចំនួន ៥% គឺសម្បើមដែលអាចធ្វើឲ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិស្ទុះឡើងនាពេលខាងមុខ ប្រសិនបើគ្មានវិធានការណាដើម្បីបំពេញការធ្លាក់ចុះ។ រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតលោកអាប់ឌូឡាហ្ស៊ី បេនសាលម៉ានបានថ្លែងក្នុងថ្ងៃអាទិត្យ ទី១៥ កញ្ញាថា ដំណើរការឡើងវិញរបស់ស្ថានីយ៍ទាំងពីរអាស្រ័យលើទំហំនៃការខូចខាត មានន័យថា បើខូចខាតតិចចំណាយពេលជួសជុលតិច តែបើខូចខាតច្រើនត្រូវចំណាយពេលជួសជុលយូរ។
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតលោកអាប់ឌូឡាហ្ស៊ី បេនសាលម៉ានបានធានាថា អារ៉ាប៊ីសាអូឌីតត្រៀមអនុវត្តផែនការអាសន្នដោយបញ្ចេញស្តុករបស់ខ្លួនដើម្បីប៉ះប៉ូវនឹងការធ្លាក់ចុះ។ ចំណែកអាមេរិកក៏ត្រៀមអនុវត្តផែនការអាសន្នដោយគ្រោងបង្កើនការបូមប្រេងរបស់ខ្លួនបន្ថែម បើចាំបាច់ដើម្បីរក្សាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។
ការវាយប្រហារលើស្ថានីយ៍ប្រេងពីអាកាសជាថ្មីសម្រាប់អារ៉ាប៊ីសាអូឌីត
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនាថ្ងៃសៅរ៍ ទី១៤ កញ្ញា រាជទាយាទអារ៉ាប៊ីសាអូឌីតបេនសាលម៉ានបានត្រឹមនិយាយប្រាប់លោកត្រាំថា អារ៉ាប៊ីសាអូឌីតមានឆន្ទៈ មានលទ្ធភាព និងមានសមត្ថភាពក្នុងការឆ្លើយតបនឹងការគំរាមភេរវនិយមតាមគ្រប់រូបភាព។ ចំណែកកម្លាំងសម្ព័ន្ធអារ៉ាប់ក្រោមមេបញ្ជាការអារ៉ាប៊ីសាអូឌីតដែលកំពុងដឹកនាំការវាយប្រហារលើពួកឧទ្ទាមហ៊ូទីនៅយេម៉ែនបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនកំពុងស៊ើបអង្កេតវែកមុខរកក្រុមអ្នករៀបចំ និងក្រុមដៃដល់វាយប្រហារលើស្ថានីយ៍ចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីតទាំងពីរកាលពីថ្ងៃសៅរ៍ ទី១៤ កញ្ញា។
លោកទូរគី អាល់ម៉ាល់គី អ្នកនាំពាក្យកម្លាំងសម្ព័ន្ធអារ៉ាប់បានឲ្យដឹងថា វិធានការចាំបាច់មួយចំនួននឹងត្រូវអនុវត្តដើម្បីការពារធនធានជាតិ សន្តិសុខថាមពលអន្តរជាតិ និងដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ តើវិធានការទាំងអស់នោះមានអ្វីខ្លះទៅ លោកអាល់ម៉ាល់គីមិនបានលំអិតអ្វីបន្ថែមទេ។ គួរបញ្ជាក់ថា ការសាងសង់ស្ថានីយ៍ចម្រាញ់ប្រេង ឬបូមប្រេងរបស់អារ៉ាប៊ីសាអូឌីតបានគិតគូរបង្ការពីការវាយប្រហារពីខាងក្រៅដោយប្រើរថយន្ត។ ចំណែកការវាយប្រហារពីលើអាកាសដោយប្រើដ្រូនជារឿងថ្មីស្រឡាងដែលអារ៉ាប៊ីសាអូឌីតនឹកស្មានមិនដល់ មិនដែលបារម្ភ និងមិនបានរងចាំទាល់តែសោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ