រដ្ឋមន្ត្រីការពារជាតិបារាំង អំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅយេម៉ែនជាបន្ទាន់
លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានថ្លែងអំពាវនាវ តាមកញ្ចក់ទូរទស្សន៍ថា វាដល់ពេលហើយ ដែលសង្រ្គាមនៅយេម៉ែន ត្រូវតែបិទបញ្ចប់ ដើម្បីអនុញ្ញាតឲ្យ មានការដឹកជំនួយមនុស្សធម៌ ទៅជួយជីវិតប្រជាជនយេម៉ែន។ លោកស្រីលើកឡើងថា សង្រ្គាមេយ៉ែន បានបង្កជាមហន្តរាយ ធ្ងន់ធ្ងរបំផុត ដល់ប្រជាជនយ៉េមែន ហើយលោកស្រីអះអាងថា បារាំង ជាប្រទេសតែមួយគត់ ដែលបានប្រឹងស្វះស្វែងគ្រប់វិធី ដើម្បីអូសទាញឲ្យសង្រ្គាមនេះ ត្រូវតែដល់ពេលបិទបញ្ចប់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
វាដល់ពេលហើយ វាហួសពីដល់ពេលទៅទៀត ដែលសង្រ្គាមនៅយេម៉ែន ត្រូវតែបិទបញ្ចប់! វាជារឿងសំខាន់បំផុត ហើយគឺជាអទិភាពរបស់បារាំង ដែលត្រូវរកច្រកចេញ ដើម្បីធ្វើយ៉ាងណា សម្រាលទុកលំបាករបស់ប្រជាជនយេម៉ែន ដែលកំពុងតែវេទនាបំផុត។ នេះគឺជាប្រសាសន៍ របស់លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ដែលថ្លែងក្នុងបទសម្ភាសន៍ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអង្គារ ទី៣០តុលា។
សម្រាប់លោកស្រី ក៏ដូចជារដ្ឋាភិបាលបារាំង ស្ថានភាពនៅយេម៉ែនបច្ចុប្បន្ននេះ គឺជាស្ថានភាពដ៏ដុនដាបបំផុត ដែលមិនអាចឲ្យគេអត់ទ្រាំមិនឈឺឆ្អាលបានទេ។ ជាងនេះទៅទៀត វាគឺជាស្ថានភាពដែលទ័លច្រក មានតែការកាប់សម្លាប់ ពុំមានច្រកចេញផ្នែកនយោបាយ។
លោកស្រីបាននិយាយបន្ថែមថា ដោយហេតុនេះហើយ បានជាលោកប្រធានាធិបតីម៉ាក្រុង បានប្រឹងប្រែង រៀបចំសន្និសិទ្ធិនៅទីក្រុងប៉ារីស ស្តីពីការស្វែងរកសន្តិភាពនៅ យេម៉ែន។ ហើយមានតែបារាំងម្នាក់គត់ ដែលបានចេញមុខ ចាត់ចែងរឿងនេះ ហើយដែលសន្និសីទនោះ ក៏មានការចូលរួម ពីសំណាក់ អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់អារ៉ាប់រួមដែរ។
សូមបញ្ជាក់ថា ៣ឆ្នាំមកហើយ ដែលស្ថានភាពនៅយេម៉ែន កាន់តែដុនដាប បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានសម្រេចដឹកនាំទ័ពសម្ព័នអារ៉ាប់ ទៅទំលាក់គ្រាប់បែកលើយេម៉ែន។ អារ៉ាប៊ីសាអូឌីត អះអាងថាគ្រាប់បែកខ្លួន គឺសំដៅកំទេចទីតាំងរបស់ក្រុមឧទ្ទាមហ៊ូទីស ដែលបានទទួលការទំនុកបំរុងពីអ៊ីរ៉ង់។ ក៏ប៉ុន្តែយោងតាមរបាយការណ៍ជាច្រើន អះអាង ថា គ្រាប់បែករបស់អារ៉ាប៊ីសាអូឌីត ត្រូវបានទម្លាក់គ្រប់ទីប្រជុំជន ដោយឥតរើសមុខ។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពអារ៉ាប៊ីសាអូឌីត បានឡោមព័ទ្ធយេម៉ែន មិនឲ្យមានការនាំចូលទំនិញ ចំណីអាហារ ថ្នាំសង្កូវ និងប្រេងឥទ្ធនៈជាដើម។
ចោទសួរពីការដែលបារាំង លក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានទទួលស្គាល់ថាបារាំង បានលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត ជាយូរមកហើយ។ ក៏ប៉ុន្តែ បើតាមលោកស្រីដឹង គ្រឿងសព្វាវុធ ដែលបារាំងទើបតែបានលក់និងប្រគល់ឲ្យអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ គឺអារ៉ាប៊ីសាអូឌីត មិនបានយកទៅប្រើ ក្នុងសង្រ្គាមនៅយេម៉ែនទេ។
សូមរំលឹកថា សង្រ្គាមយេម៉ែន បានផ្តាច់ជីវិតមនុស្សប្រហែល១សែននាក់ ហើយបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល១៤លាននាក់ទៀត ពោលគឺពាក់កណ្តាលប្រទេស កំពុងតែប្រឈមមុខនឹងគ្រោះទុរភិក្ស និងជំងឺធ្ងន់ធ្ងរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ