Brexit៖ សហភាពអឺរ៉ុបនិងអង់គ្លេសចុះកិច្ចព្រមព្រៀងសម្រាប់អំឡុងពេលអន្តរកាល
សហភាពអឺរ៉ុប និងអង់គ្លេស បានបោះជំហានដ៏សំខាន់មួយ នៅថ្ងៃចន្ទនេះ នៅក្នុងកិច្ចចរចា ជុំវិញការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ ជំហានដ៏សំខាន់នេះ គឺការចុះកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនង រវាងភាគីទាំងពីរ នៅក្នុងអំឡុងពេលអន្តរកាល ក្រោយការចាកចេញរបស់អង់គ្លេស នៅខែមីនា ឆ្នាំ២០១៩ខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប និងអង់គ្លេសសម្រេចបាន នៅថ្ងៃចន្ទនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់កិច្ចព្រមព្រៀងស្ថាពរ ស្តីពីទំនាក់ទំនងអឺរ៉ុប-អង់គ្លេស ក្រោយពេលដែលអង់គ្លេសលែងជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការអះអាងរបស់លោកមីស្ហែល បារនីញ៉េ (Michel Barnier) ប្រមុខដឹកនាំកិច្ចចរចា តំណាងឲ្យភាគីអឺរ៉ុប ដោយលោកបានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងនេះគឺជាផ្លែផ្កាកើតចេញពីការចរចាដ៏ស្វិតស្វាញ ទាំងថ្ងៃទាំងយប់អស់រយៈពេលជាច្រើនថ្ងៃកន្លងទៅនេះ។
ចំណុចសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺសម័យកាលអន្តរកាល ដែលជាការទាមទាររបស់អង់គ្លេស ដើម្បីបញ្ចៀសនូវផលវិបាកអវិជ្ជមាន ដែលអាចកើតមានឡើង ពីការកាត់ផ្តាច់ភ្លាមៗនូវទំនាក់ទំនងសមាជិកភាពរបស់អង់គ្លេសក្នុងសហភាពអឺរ៉ុប ដែលត្រូវបញ្ចប់ជាស្ថាពរ នៅចុងខែមីនាឆ្នាំ២០១៩ខាងមុខ។
សម័យកាលអន្តរកាលនេះ ដែលនឹងត្រូវចាប់ផ្តើមពីចុងខែមីនាឆ្នាំ២០១៩ នឹងត្រូវមានរយៈពេលកំណត់ដ៏ខ្លីមួយ នៅក្នុងពេលរង់ចាំឲ្យមានកិច្ចព្រមព្រៀងស្ថាពរ ដែលកំណត់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងអង់គ្លេស និងសហភាពអឺរ៉ុប។
យោងតាមលោកមីស្ហែល បារនីញ៉េ នៅក្នុងអំឡុងពេលអន្តរកាល អង់គ្លេសនឹងលែងមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តនានារបស់សហភាពអឺរ៉ុបទៀតហើយ ក៏ប៉ុន្តែ អង់គ្លេសនៅតែមានកាតព្វកិច្ចអនុវត្តសេចក្តីសម្រេចនិងរាល់បទដ្ឋានជាធរមានរបស់សហភាពអឺរ៉ុបដដែល។ ជាថ្នូរមកវិញ អង់គ្លេសបន្តរក្សាសិទ្ធិទាញយកផលប្រយោជន៍ពីការដោះដូរពាណិជ្ជកម្មសេរី និងការធ្វើចរាចរទំនិញនិងសេវាកម្មដោយសេរី នៅក្នុងក្របខ័ណ្ឌនៃទីផ្សាររួមអឺរ៉ុប ដូចជាពេលបច្ចុប្បន្ននេះ។
បន្ថែមពីលើនេះទៅទៀត កិច្ចព្រមព្រៀងក៏បានកំណត់ផងដែរថា នៅក្នុងអំឡុងពេលអន្តរកាល ពលរដ្ឋអង់គ្លេសនឹងនៅតែមានសិទ្ធិធ្វើដំណើរចេញចូល រស់នៅ និងធ្វើការក្នុងសហភាពអឺរ៉ុប ហើយពលរដ្ឋនៃប្រទេសទាំង ២៧ផ្សេងទៀតនៃសហភាពអឺរ៉ុប ក៏មានសិទ្ធិធ្វើដំណើរចេញចូល រស់នៅ និងធ្វើការក្នុងប្រទេសអង់គ្លេស ដូចជាពេលបច្ចុប្បន្ននេះដដែល។
សិទ្ធិក្នុងការធ្វើចរាចរទៅវិញទៅមករបស់ពលរដ្ឋអង់គ្លេស និងពលរដ្ឋសហភាពអឺរ៉ុប នៅក្រោយការបិទបញ្ចប់សម័យកាលអន្តរកាល គឺជាសំណុំរឿងដ៏ចម្បងមួយ ក្នុងចំណោមសំណុំរឿងធំៗនិងស្មុគស្មាញទាំងបី ដែលភាគីទាំងពីរត្រូវចរចាគ្នា នៅក្នុងកិច្ចព្រមព្រៀងស្ថាពរ ដោយសំណុំរឿងសំខាន់ពីរទៀត គឺការទូទាត់លុយដែលអង់គ្លេសជំពាក់សហភាពអឺរ៉ុប និងការកំណត់លក្ខន្តិកៈនៃព្រំដែនអៀរឡង់ ពោលគឺ ព្រំដែនរវាងប្រទេសអៀរឡង់ ដែលជាប្រទេសឯករាជ្យ ហើយជាសមាជិកសហភាពអឺរ៉ុប និងអៀរឡង់ខាងជើង ដែលជាដែនដីមួយក្នុងរាជាណាចក្រអង់គ្លេស ហើយដែលត្រូវចេញពីសហភាពអឺរ៉ុបតាមអង់គ្លេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ