អានតួអត្ថបទ
កម្ពុជា-តុលាការ

តុ​លា​ការ​កោះ​ហៅ ​លោក​ រ៉ុង​ ឈុន​ ឲ្យ​ចូល​បំភ្លឺ​លើ​បណ្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ក្រ​សួង​អប់​រំ​

តុលា​ការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៨​កុម្ភៈ ​បាន​ចេញ​ដី​កា​កោះ​ហៅ ​លោក ​រ៉ុង ​ឈុន​ ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ​ដើម្បី​ការពារ​បណ្តឹង​របស់​លោក ​ករណី​ប្តឹង​សុំ​មោឃភាព​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ដែល​បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០នាក់​ពី​ក្រប​ខណ្ឌរដ្ឋ​។​ ការ​ចេញ​ដី​កាកោះ​ហៅនេះ​ ធ្វើ​ឡើង​ខណៈលោក រ៉ុង ឈុន កំពុង​ស្ថិត​នៅ​ឯ​ក្រៅប្រទេស​។​

លោក​ រ៉ុង ​ឈុន ​​ថ្លែង​សារ​នៅ​កាន់​គ្រូ​បង្រៀន​ក្នុង​ទិវា​គ្រូបង្រៀន​អន្តរ​ជាតិ​។​
លោក​ រ៉ុង ​ឈុន ​​ថ្លែង​សារ​នៅ​កាន់​គ្រូ​បង្រៀន​ក្នុង​ទិវា​គ្រូបង្រៀន​អន្តរ​ជាតិ​។​ @RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដីកា​កោះ​ដែលចេញដោយចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក រស់ ពិសិដ្ឋ បាន​កំណត់ឲ្យ​លោក ​រ៉ុង ឈុន ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​វេលា​ម៉ោង​៩​ព្រឹក។

បើតាម តុលាការ​ដដែល ​ប្រសិន​បើ លោក រ៉ុង ឈុន​ (ដែល​បច្ចុប្បន្ន​នេះ​កំពុង​នៅ​ក្រៅប្រទេស​) ​ពុំ​បាន​ចូល​ខ្លួន​មក​បំភ្លឺ​ទេ​នោះ ​តុលាការ​អាច​ទទួល​ស្គាល់​ សេចក្ដី​អះអាង​​របស់​ក្រសួង​អប់រំ​។

​​ក្រសួង​អប់​រំ​ យុវជន និង​កីឡា កាល​ពី​ដើមឆ្នាំ២០១៨ បាន​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ និង​បុគ្គលិក​អប់រំ​ចំនួន​១១នាក់ ដែល​ជា​អតីត​មន្ត្រី​ជាប់​ឆ្នោត និង​មន្ត្រី គ.ជ.ប កូតា ​មក​ពី​អតីតគណបក្សសង្រ្គោះជាតិ ចេញ​ពី​ក្របខណ្ឌ​ក្រសួង​អប់រំ ​ក្រោម​ហេតុផល​ថា​គ្រូ​បង្រៀន​ទាំង​នោះអវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

ប៉ុន្តែកាល​ពី​ថ្ងៃ​ទី​១៦ ខែមករា លោក ​រ៉ុង ឈុន រួម​ជា​មួយ​អតីត​គ្រូ​បង្រៀន​ទាំងនោះ ​បាន​ដាក់​ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញ ដោយ​ស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​ប្រកាស​របស់ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​លោក ហង់ ជួនណារ៉ុន កាល​ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និង​​ផ្ដល់​ក្រប​ខណ្ឌ​ជា​គ្រូ​បង្រៀន​ ដល់​អតីត​សកម្មជនអតីតគណបក្សសង្រ្កោះជាតិមកវិញ។

សូមជម្រាបជូនថា​ មុន​ពេល​ លោក រ៉ុង​ ឈុន ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការបែបនេះ អតីត​ប្រធាន​សមាគម​គ្រូបង្រៀនរូបនេះ ក៏បាន​ដាក់​លិខិត​ស្វែងរក​អន្តរាគមន៍​ជា​ច្រើន​ទៅ​ក្រសួង​អប់រំ​ ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ទៅកាន់​សហគមន៍​អន្តរជាតិ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ