អានតួអត្ថបទ

មនុស្ស​១សែន៨ម៉ឺននាក់ ជម្លៀសចេញពីភ្លើងឆេះព្រៃ នៅកាលីហ្វ័រញ៉ា

ប្រមាណជិតមួយសប្តាហ៍មកហើយ ដែលភ្លើងឆេះព្រៃបានបន្តត្របាក់តំបន់ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅថ្ងៃអាទិត្យ ទី​២៧តុលាម្សិលមិញ អាជ្ញាធរបានបញ្ជាឲ្យជម្លៀសមនុស្សប្រមាណជា​១សែន៨ម៉ឺននាក់ ចេញពីតំបន់ដែលប្រឈមនឹងការមកដល់ នៃអណ្តាតភ្លើង។ អភិបាលរដ្ឋលកាលីហ្វ័រញ៉ា​ បានប្រកាសភាពអាសន្នទូទាំងរដ្ឋ ខណៈដែលភ្លើងនៅតែបន្តមានសន្ទុះរាលដាលកាន់តែខ្លាំង

សេះមួយក្បាលលោត​កញ្ជ្រោល ដោយភ័យ​​នឹង​អណ្តាត​ភ្លើង នៅរដ្ឋ​កាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​​២៧ តុលា ២០១៩។​
សេះមួយក្បាលលោត​កញ្ជ្រោល ដោយភ័យ​​នឹង​អណ្តាត​ភ្លើង នៅរដ្ឋ​កាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​​២៧ តុលា ២០១៩។​ REUTERS/Stephen Lam
ផ្សាយពាណិជ្ជកម្ម

ភ្លើងបានចាប់ផ្តើមឆេះកាលពីយប់ថ្ងៃពុធ សប្តាហ៍មុន​ នៅភាគខាងជើង ក្រុងសាន់ហ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា។ យោងតាមអាជ្ញាធរ រហូតជិតមួយសប្តាហ៍មកនេះ ផ្ទៃ​ដីចំនួន​ប្រមាណ​១២០០០ហិកតា ត្រូវបានភ្លើងឆាបត្របាក់។ នៅទីក្រុងSanta Rosa ដែលនៅកៀកនឹងមុខភ្លើងបំផុត អាជ្ញាធរបានបញ្ជាឲ្យជម្លៀសប្រជាជន សឹងតែទាំងស្រុងចេញពីផ្ទះសម្បែង។

សរុបទាំងអស់ មានមនុស្សប្រមាណ​១សែន​៨ម៉ឺននាក់ ដែលត្រូវជម្លៀសចេញ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច​បានពង្រាយគ្នាជាច្រើនរយនាក់ ដើម្បីទប់ស្កាត់ការចូលទៅ​លួចទ្រព្យសម្បតិ្ត នៅតាមផ្ទះប្រជាជន ដែលម្ចាស់បានភៀសខ្លួនចេញ។ យោងតាមបណ្តាញព័ត៌មានអាមេរិក មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ជាច្រើនកន្លែង បាន​ពេញណែន ដោយការទទួលប្រជាជនដែលរត់គេចពីអគ្គីភ័យ។

នៅរសៀលថ្ងៃ​អាទិត្យ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសស្ថានភាពអាសន្ន ដោយសង្កេតឃើញអំពីភាពធ្ងន់ធ្ងរ នៃករណីភ្លើងឆេះព្រៃលើកនេះ។ ក្រុមពន្លត់អគ្គីភ័យ និងក្រុមសង្រ្គោះ ប្រមាណ​៣០០០នាក់ កំពុងតែប្រឹងប្រែង ប្រយុទ្ធជាមួយ​នឹងអណ្តាតភ្លើង។ យោងតាម​ភ្នាក់ងារឧត្តុនិយមអាមេរិក បានឲ្យដឹងថា ភ្លើងបានឆាបឆេះពីជើងទៅត្បូង បានដោយងាយស្រួល ដោយសារតែអាកាសធាតុស្ងួតខ្លាំង ព្រមជាមួយខ្យល់បក់ខ្លាំង ​ដែលជួនពេលខ្លះ មានល្បឿនដល់ទៅ​១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយ​បើតាមការព្យាករណ៍ ខ្យល់នឹងនៅតែបន្តបក់ខ្លាំង ហើយអាកាសធាតុ នឹងនៅតែស្ងួត ដែលកត្តាទាំងនេះ វានឹងនៅតែអំណោយផល ដល់ការរីករាលដាលនៃអណ្តាតភ្លើង។

គួរកត់សំគាល់ថា នៅលើកនេះ អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា បានបង្កើនការប្រុងប្រយ័ត្នខ្លាំង បើប្រៀបធៀបទៅនឹងករណីភ្លើងឆេះព្រៃមុនៗ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានេះ។ ករណីភ្លើងព្រៃកាលពីខែវិច្ឆិកា ឆ្នាំ២០១៨  មានមនុស្សស្លាប់ចំនួន​៨៦នាក់ ហើយចំណែកភ្លើងព្រៃ​ កាលពី​ខែតុលា ឆ្នាំ២០១៧ មានមនុស្ស​ចំនួន​២២នាក់ បានស្លាប់។ ក្រៅពីប្រយុទ្ធនឹងអណ្តាតភ្លើង អាជ្ញាធរត្រូវប្រឈមនឹងបញ្ហាមួយទៀត គឺករណី​ជនឆក់ឱកាស បន្លំចូលទៅលួចទ្រព្យសម្បត្តិនៅតាមផ្ទះ។ នៅលើកនេះ កងឆ្មាំជាច្រើនរយនាក់ បានមកចូលរួមរសហការ ដើម្បី​ទប់ស្កាត់បញ្ហានេះ ខណៈដែលអាជ្ញាធរផ្សេងទៀត រវល់ជាប់ដៃពន្លត់​អណ្តាត​ភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ