អានតួអត្ថបទ
អាមេរិក-អ៊ុយក្រែន

ទីបំផុត​សភាតំណាងអាមេរិក សម្រេចអនុញ្ញាតកញ្ចប់ថវិកា​៦១ពាន់​លានដុល្លារជួយអ៊ុយក្រែន

ឆ្លងកាត់ការទាមទារយ៉ាងទទូចពីសំណាក់រដ្ឋបាលលោក​ចូ បៃដិន និងឆ្លងកាត់ការចរចាអស់ជាច្រើនខែនៅ​ក្នុងសភា ទី​បំផុត​សភា​តំណាងសហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃសៅរ៍​ទី​២០មេសា យល់ព្រមអនុញ្ញាតកញ្ចប់ថវិកាដ៏ធំ ដើម្បីជួយ​អ៊ុយក្រែន​។ កញ្ចប់ថវិកានេះ មានទំហំទឹកប្រាក់ចំនួន​៦១ពាន់លានដុល្លារ ដែលផ្តោត​ខ្លាំង​​លើជំនួយសព្វាវុធ ដែលអ៊ុយក្រែន​បានទទូច​សុំ ខណៈនៅសមរភូមិ កងទ័ព​អ៊ុយក្រែន​កំពុងតែវាយដកដយ ដោយសារតែគ្មានគ្រាប់​គ្រប់គ្រាន់​។ ជំហានបន្ទាប់ ព្រឹទ្ធសភាអាមេរិក​នឹងបោះឆ្នោតលើគម្រោងកញ្ចប់ថវិកានេះ​ នៅថ្ងៃអង្គារ​ទី​២៣មេសា។​

សកម្មជនគាំទ្រអ៊ុយក្រែន លើកទង់ជាតិអ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅខាងមុខវិមានកាពីតូល ជាទីដែល​សមាជិកសភាអាមេរិក​រកំពុងប្រជុំបោះឆ្នោត​សម្រេចកញ្ចប់ថវិកា ៦១ពាន់​លានដុល្លារដើម្បីជួយអ៊ុយក្រែន​។ ថ្ងៃសៅរ៍ ទី​២០ មេសា ២០២៤
សកម្មជនគាំទ្រអ៊ុយក្រែន លើកទង់ជាតិអ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅខាងមុខវិមានកាពីតូល ជាទីដែល​សមាជិកសភាអាមេរិក​រកំពុងប្រជុំបោះឆ្នោត​សម្រេចកញ្ចប់ថវិកា ៦១ពាន់​លានដុល្លារដើម្បីជួយអ៊ុយក្រែន​។ ថ្ងៃសៅរ៍ ទី​២០ មេសា ២០២៤ REUTERS - Ken Cedeno
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​២០មេសា២០២៤ សភាតំណាង​សហរដ្ឋអាមេរិក ដែល​បក្សសាធារណរដ្ឋមានសំឡេងភាគច្រើន បាន​បោះឆ្នោត​យល់ព្រម​លើ​ផែនការ​កញ្ចប់ថវិកា​ចំនួន ៩៥ពាន់​លានដុល្លារ ដើម្បីជួយអ៊ុយក្រែន​ អ៊ីស្រាអែល និង​តៃវ៉ាន់​។ ក្នុងចំណោមនេះ កញ្ចប់ថវិកា​ដើម្បីជួយ​អ៊ុយក្រែន គឺមាន​ទំហំ​ ៦១ពាន់​លានដុល្លារ។ លោក ចូ បៃដិន​ បានអបអរភ្លាម ដោយ​បាន​លើកឡើងថា សភា ខុនហ្ក្រេស​អាមេរិក​បាន​ធ្វើរឿងមួយដែល​សក្តិសម​បំផុតនៅក្នុងប្រវត្តិសាស្ត្រ​។ ដោយឡែក រុស្ស៊ីវិញបានប្រតិកម្មថា “ជំនួយថវិការរបស់អាមេរិកនេះ នឹងមកសម្លាប់​ប្រជាជនអ៊ុយក្រែន​កាន់តែច្រើនជាងមុនទៀត”។

សូមបញ្ជាក់ថា អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលអ៊ុយក្រែន​បានទទូចសុំ​ជំនួយយោធាដ៏ធំនេះ ពីសហរដ្ឋអាមេរិក​ ដើម្បីបន្តធ្វើសង្គ្រាម​ទល់នឹងការឈ្លានពានរបស់រុស្ស៊ី​។ តែគម្រោងសំណើថវិកា​ដែល​លោក​ចូ បៃដិនបានស្នើនេះ បានជាប់គាំងនៅសភាតំណាង ដោយសារតែ​ក្រុម​សមាជិកសភាបក្សសាធារណរដ្ឋស្និទ្ធនឹងលោក​ដូណាល់ត្រាំ បានរារាំងមិនព្រមបោះឆ្នោត​។

ការសម្រេចអនុញ្ញាត​កាលពីថ្ងៃសៅរ៍ គឺជាលទ្ធផលនៃការចរចាយ៉ាងលំបាកលំបិនបំផុត រវាង​សមាជិកសភាបក្សប្រជាធិបតេយ្យ និ​ងបក្សសាធារណរដ្ឋ​។ លោក Mike Johnson ប្រធានសភាតំណាងមកពីបក្សសាធារណរដ្ឋ ដែលពីមិន​មក​តែងតែប្រឆាំងនឹងគម្រោងថវិកានេះ បានប្តូរចិត្ត​ងាក​មកយល់ព្រមវិញ ដោយ​លោក​បានលើកឡើងថា “បើនិយាយឲ្យ​ត្រង់ទៅ គឺលោក​ខុសចិត្ត​បញ្ជូន​អាវុធនិងគ្រាប់ទៅឲ្យ​អ៊ុយក្រែន ជាជាងបញ្ជូន​យុវជនអាមេរិក​ឲ្យទៅច្បាំង​។

ការលទ្ធផល​បោះឆ្នោត​នៅសភា លោកចូ បៃដិន​ បានទូរស័ព្ទទៅនិយាយជាមួយ​លោក Mike Johnson និង​លោក​Hakeem Jeffries ប្រធានសមជិកសភាបក្សប្រជាធិបតេយ្យ ដើម្បីថ្លែងសេចក្តីអរគុណ ដែល​លោក​ទាំង២បានប្រឹងប្រែងចរ​ចា​អូសទាញ ដោយ​យក​ផលប្រយោជន៍ជាតិជាធំ។

គួរកត់សំគាល់ថា គិតត្រឹមពេលនេះគេមិនដឹងថា ក្នុងកញ្ចប់ថវិកា៦១ពាន់​លានដុល្លារនេះ នឹងប្រើប្រាស់ទៅលើអ្វីខ្លះទេ។ ប្រភពខ្លះបានលើកឡើងថា ក្នុងកញ្ចប់ថវិកានេះ គឺមានមួយផ្នែក​ជាការទិញអាវុធថ្មី​ៗ របស់កងទ័ពអាមេរិក ហើយ​អាមេរិក​នឹងបញ្ជូនអាវុធចាស់ ដែលមានក្នុងស្តុកយកទៅឲ្យ​អ៊ុយក្រែន​។​ អត្ថបទ​ច្បាប់​ស្តីពីផែនការជំនួយថ្មីរបស់អាមេរិកនេះ ក៏បាន​អនុញ្ញាតផងដែរ ឲ្យ​ប្រធានាធិបតី អាច​ចយក​ទ្រព្យសកម្ម​របស់​រុស្ស៊ី មកលក់ ដើម្បីយកប្រាក់ទៅចំណាយ​​ លើការ​កសាង​អ៊ុយក្រែន​ឡើងវិញ​។

យ៉ាងណាក៏ដោយ មតិខ្លះទៀត បានលើកឡើងថា ជំនួយ​ថវិកា​ថ្មីរបស់អាមេរិក​មកជួយ​អ៊ុយក្រែន គឺវាសឹងតែហួសពេលទៅហើយ ព្រោះថាដោយតែ​ផែនការនេះនៅជាប់គាំងអស់ជាច្រើនខែ កងទ័ពអ៊ុយក្រែនត្រូវបង្ខំចិត្ត​វាយដកថយ បាក់ទឹកចិត្តប្រយុទ្ធ​ និង​បរាជ័យ​ជាច្រើនសមរភូមិណាស់ ដោយ​សារតែគ្មាន​សព្វាវុធ គ្មានគ្រាប់គ្រប់គ្រាន់។ នៅលើ​បណ្តាញសង្គមX លោក ដូណាល់ ទូស្គ នាយករដ្ឋមន្ត្រីប៉ូឡូញ បាន​សរសេរថា លោក​សង្ឃឹមថាជំនួយនេះនឹងមិនយឺតពេលទៅចុះ ក្នុងការជួយអ៊ុយក្រែន​៕

លោកហ្សេឡេនស្គីផ្ញើសារអរគុណសហរដ្ឋអាមេរិក ដែល​បាន​សម្រេចកញ្ចប់ថវិកា​៦១ពាន់​លានដុល្លារ​
ហ្សេឡេនស្គី 21042024
ហ្សេឡេនស្គី 21042024 © RFI

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ