លោកដូណាល់ ត្រាំ ចូលខ្លួនក្នុងអង្គសវនាការព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រ
ថ្ងៃចន្ទទី១៥មេសា២០២៤ លោកដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបង្អស់ ដែលត្រូវប្រឈមមុខនឹងអង្គសវនាការព្រហ្មទណ្ឌ។ ចៅក្រមតុលាការនៅសង្កាត់ម៉ាន់ហាតាន់ បានបើកសវនាការជំនុំជំរះ លើករណីដែលចោទថាលោកដូណាល់ ត្រាំ បានក្លែងបន្លំឯកសារគណនី ដើម្បីយកប្រាក់ទៅសូកបំបិទមាត់អតីតតារាស្រីអាសអាភៀសម្នាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៣
វេលាម៉ោង៩ព្រឹក លោកដូណាល់ ត្រាំ បានចូលខ្លួនដល់តុលាការ ក្នុងទឹកមុខយ៉ាងមាំ។ នេះគឺជាសំណុំរឿងព្រហ្មទណ្ឌទី១ ក្នុងចំណោម៤ដែលលោកដូណាល់ ត្រាំកំពុងតែប្រឈម។ សំណុំរឿងទី១នេះ គឺគេចោទថាលោកត្រាំ បានប្រើប្រាស់ប្រាក់ចំនួន១៣ម៉ឺដុល្លារ សូកនារីអតីតតារាភាពយន្តអាសអាភៀសឈ្មោះ Stormy Daniels។ ស្ត្រីរូបនេះអះអាងថា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោកដូណាល់ ត្រាំ។
យោងតាមបទចោទប្រកាន់របស់រដ្ឋអាជ្ញា លោកដូណាល់ ត្រាំ បានប្រើមេធាវីរបស់ខ្លួន ឈ្មោះ Michael Cohen ឲ្យយកប្រាក់ទៅសូកបំបិទមាត់ស្ត្រីរូបនេះ ប៉ុន្មានថ្ងៃមុនថ្ងៃបោះឆ្នោត នៅឆ្នាំ២០១៦ ដើម្បីកុំឲ្យនាងនិយាយទម្លាយរឿងអាស្រូវទាំងឡាយ។ បន្ទាប់មកទៀត លោកដូណាល់ ត្រាំ បានក្លែងបន្លំឯកសារគណនីរបស់ក្រុមហ៊ុន Trump Organization ចំនួន៣៤ឯកសារ ដើម្បីបំបាត់ភស្តុតាង នៃការចំណាយប្រាក់នេះ។
គួរកត់សំគាល់ថា សវនាការព្រហ្មទណ្ឌទី១នេះអាចជាឧបសគ្គមួយដ៏ធំ សម្រាប់លោកដូណាល់ ត្រាំ ខណៈការបោះឆ្នោតខិតជិតមកដល់។ លោក Carl Tobias សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យ Richmond បានលើកឡើងថាតុលាការអាចសម្រេចសាលក្រមលើសំណុំរឿងនេះ នៅមុនពេលបោះឆ្នោត។ ពោលគឺលោកដូណាល់ ត្រាំអាចប្រឈមនឹងទោសជាប់ពន្ធនាគារ។
គួរបញ្ជាក់ដែរថា ទាំងលោកមេធាវី Michael Cohen និងស្ត្រីឈ្មោះStormy Daniels ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ សុទ្ធតែត្រូវបានតុលាការកោះហៅជាសាក្សីនៅក្នុងអង្គសវនាការ។ លោកដូណាល់ ត្រាំ វិញក៏ប្រកាសខ្លួនចូលឆ្លើយបំភ្លឺដោយខ្លួនឯងដែរ ដោយមិនចាំបាច់មានមេធាវីតំណាងទេ។ នេះក៏ជាគ្រោះថ្នាក់មួយដែរ ព្រោះលោកត្រាំនឹងប្រឈមនឹងការសួរដេញដោលដោយផ្ទាល់ ពីសំណាក់រដ្ឋអាជ្ញានិងចៅក្រម។
យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ បានអះអាងថា គ្រប់សំណុំរឿងព្រហ្មទណ្ឌទាំងអស់ដែលគេចោទលោក គឺសុទ្ធតែជាយុទ្ធសាស្ត្រតាមបំផ្លាញ តាមរំខានរារាំងមិនឲ្យលោកឈ្នះឆ្នោតម្តងទៀតតែប៉ុណ្ណោះ។ ដោយចោទថាក្រសួងយុត្តិធម៌ពុករលួយ បម្រើតែពួកគណបក្សប្រជាធិបតេយ្យ លោកដូណាល់ ត្រាំ បានសន្យាថាបើលោកឈ្នះឆ្នោតម្តងទៀត លោកនឹងប្រើក្រសួងយុត្តិធម៌ ឲ្យសងសឹកពួកអ្នកធ្លាប់ធ្វើបាបលោកវិញម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ