អានតួអត្ថបទ
វិសមភាពប្រាក់​ចំណូល

វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF

វិសមភាព​ប្រាក់​ចំណូល​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​៦០%​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​កម្មវិធី​ជំនួយ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ និង​ធនាគារ​ពិភពលោក។ ជា​វិសមភាព​ដ៏​ខ្ពស់​ ​ដល់​កំរិត​​ទាញ​សញ្ញាអាសន្នរបស់​អង្គការ​សហប្រជាជាតិទៀត។ ​នេះ​បើ​តាម​របាយការណ៍​Oxfamចេញ​ផ្សាយ​នៅថ្ងៃចន្ទទី ១៥​មេសា​។

វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF
វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF © Photo de Andre Taissin sur Unsplash
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​ចំណោម១០៦​​ប្រទេស​ដែល​ទទួល​ជំនួយ​ពីស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ៦៤​ប្រទេស​មាន​កំណើន​វិសមភាព​ខ្លាំង​គួរ​ឱ្យ​សម្គាល់ ហើយ​ជាង​៤០ប្រទេសមាន​វិសមភាព​ខ្លាំង​​​មែន​ទែន មាន​ជាអាទិ៍​ប្រទេស​ហ្កាណា ហុងឌូរ៉ាស ឬ​ម៉ូសំប៊ិច។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​លោក​ស្រី Kate Donald អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​OXFAM ដែល​ជា​ម្ចាស់​របាយការណ៍ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទទី ១៥​មេសា​នេះ​ បាន​ប្រកាស​ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក យក​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​ប្រាក់​ចំណូល​ ជា​អាទិភាព​មែន ប៉ុន្តែទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ ​ ​ស្ថាប័ន​ទាំងពីរ​ជា​អ្នក​​ទ្រទ្រង់​នយោបាយនាំ​ឱ្យ​មាន​គម្លាត​កាន់​តែ​ខ្លាំង។ សាមញ្ញជន រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​នយោបាយ​កាត់​បន្ថយ​​​កញ្ចប់​ថវិកា​ក្នុង​វិស័យ​សុខាភិបាល  អប់រំ និង​ដឹកជញ្ជូន។ ពុត​ត្បុត​ជាន់​ខ្ពស់​ត្រូវ​បញ្ឈប់។ នេះ​បើ​តាម​របាយការណ៍​ដដែល​ ដោយ​លម្អិត​ទៀត​ថា បំណុល​សាធារណៈ​ឡើង​ខ្ពស់ ដោយហេតុ​តែ​អត្រាការ​ប្រាក់​ឡើង​ថ្លៃ បាន​កាត់​បន្ថយ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ​សម្រាប់​វិស័យ​​សុខាភិបាល អប់រំ និងការពារ​សង្គម​ដ៏​ចាំបាច់​សម្រាប់​បង្រួម​វិសមភាព។

ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ ដែល​ធនាគារពិភពលោកបាន​​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ ​​ចុះ​កិច្ចព្រមព្រៀង​សំដៅ​កាត់​បន្ថយ​វិសមភាព​។ ​សម្រាប់​លោកស្រី​ កេត ដូណាល់ ប្រសិន​បើ​ធនាគារពិភពលោក​ពិត​ជា​បញ្ចេញ​សកម្មភាព​បែប​នេះ​មែន ត្រូវ​ចាប់​ផ្តើម​សាកល្បង​ដោយ​ផ្តល់​កម្ចី​ដល់​ប្រទេស​ក្រីក្រ​ខ្លាំង​បំផុត​ជា​អាទិភាព។

ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​ប្រទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​វិបត្តិ​បំណុល ឬ​ក្ស័យធន នឹង​ក្លាយ​ជា​របៀប​វារៈ​មួយ​ក្នុង​ចំណោម​ប្រធានបទ​​​គោលផ្សេងៗ​ទៀត ដែល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារ​ពិភពលោក ត្រូវ​លើក​​មក​ជជែក​ពិភាក្សា​គ្នា​ ក្នុង​ជំនួប​ប្រចាំឆ្នាំ ពេញ​មួយ​​សប្តាហ៍​នេះ នៅ​ក្រុង​វ៉ាស៊ីនតោន។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តែង​រំលឹក​ជា​ញឹកញយ នៅពេល​បង្ហាញ​កម្មវិធី​ជំនួយ​របស់​ខ្លួន អំពី​ភាព​ចាំបាច់​​ដែល​រដ្ឋាភិបាល​នីមួយៗ​ត្រូវ​ការពារ​ក្រុម​ប្រជាពលរដ្ឋ​​ងាយ​រងគ្រោះ​។ ឯ​ចំណែក​ធនាគារ​ពិភពលោក​​វិញ មាន​បេសកកម្ម​ចំបង​គេ គឺ​បិទ​បញ្ចប់​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ