អាមេរិក-ចិនសន្យារក្សាកិច្ចសន្ទនា ទោះមានគំនិតខ្វែងគ្នាជុំវិញករណីតៃវ៉ាន់និងប្រព័ន្ធបច្ចេកវិទ្យា
សហរដ្ឋអាមេរិក និងចិន មានភាពខុសគ្នា ហើយនៅមានគំនិតខ្វែងគ្នាច្រើន ជាពិសេសនៅក្នុងសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទោះបីជាយ៉ាងនេះក្តី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង ប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យារួមគ្នា នៅក្នុងការឆ្លើយឆ្លងតាមទូរសព្ទពីថ្ងៃទី២មេសា ថានឹងបន្តរក្សាកិច្ចសន្ទនាតទៅទៀត។ ក្នុងដំណើរការបន្តកិច្ចសន្ទនាគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចូនរដ្ឋមន្ត្រី ២ រូប ជាបន្តបន្ទាប់ ទៅរដ្ឋធានីប៉េកាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១០
នៅលើទិដ្ឋភាពការទូត, មន្ត្រីការបរទេសទាំងអាមេរិកនិងចិន សុទ្ធសឹងតែលើកឡើងថា ប្រមុខរដ្ឋទាំង២បានសន្ទនាគ្នាដោយត្រង់ទៅត្រង់មក និងប្រកបដោយក្តីស្ថាបនា ហើយថែមទាំងបានលាតត្រដាងអំពីសំណុំរឿងដែលយល់ឃើញដូចគ្នា និងគិតខ្វែងគ្នាផង។ ចំណុចរួមដូចគ្នា គឺថា សហរដ្ឋអាមេរិក និងចិន បង្ហាញចេតនាចង់សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, ការប្រែប្រួលអាកាសធាតុ, បញ្ហាផលវិបាកបង្កដោយបញ្ញាសិប្បនិមិត្ត ហើយនិង រក្សាបន្តកិច្ចសន្ទនាជាមួយគ្នា។ ចំណែកបញ្ហាខ្វែងខ្លាំងគ្នា ពាក់ព័ន្ធសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។
បើតាមសេតវិមានអាមេរិក, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទាមទារឲ្យរក្សាសន្តិភាពនិងស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់។ តៃវ៉ាន់ដែលត្រៀមផ្លាស់ប្តូរមេដឹកនាំក្រុងតៃប៉ិ នៅពេលដ៏ខ្លីខាងមុខ។ នៅថ្ងៃពុធ ទី៣មេសានេះ ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសថា ក្នុង២៤ម៉ោងចុងក្រោយ យន្តហោះចម្បាំងចិន ប្រមាណ៣០គ្រឿងបានហោះកៀកក្បែរកោះតៃវ៉ាន់ជាថ្មីទៀត បន្ទាប់ពីថ្ងៃទី២២មីនា យន្តហោះចិន ៣៥គ្រឿងហោះក្បែរតៃវ៉ាន់។ ផ្ទុយទៅវិញ ចំពោះថ្នាក់ដឹកនាំចិន, ការជ្រោមជ្រែងជួយបង្កើនអាវុធឲ្យតៃវ៉ាន់ពីសំណាក់រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងការបញ្ចូលថ្នាក់ដឹកនាំអាមេរិក ហើយសមាជិកសភាជាបន្តបន្ទាប់ ទៅការតៃវ៉ាន់ គឺធ្វើឲ្យរដ្ឋអំណាចចិនខឹងច្រឡោត។ ប្រធានាធិបតីចិន មិនលាក់លៀមភាពខឹងសម្បារនេះឡើយ។ លោក ស៊ី ជីនពីង បញ្ជាក់ទៅសមភាគីថា សំណុំបញ្ហាតៃវ៉ាន់ជាបន្ទាត់ក្រហមទី១ដំបូងគេ ដែលសហរដ្ឋអាមេរិកមិនត្រូវដើររំលងសោះឡើយ។ នេះបើតាមការពាំនាំពាក្យរបស់សារព័ត៌មានរដ្ឋចិន ទាំង ស៊ីនហួរ និងទាំង CCTV។
ក្រៅពីសំណុំរឿងតៃវ៉ាន់និងទាមទារសិទ្ធសេរីភាពធ្វើនាវាចរ, ថ្នាក់ដឹកនាំអាមេរិក ក៏បានព្រមានចិនពីការលូកដៃក្នុងដំណើរការបោះឆ្នោតនៅអាមេរិកក្នុងឆ្នាំនេះ។ បើតាមលោក ចន ឃឺប៊ី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក, លោកប្រធានាធិបតីអាមេរិក នឹងប្រើគ្រប់មធ្យោបាយវិធានការច្បាប់ហាមឃាត់មិនឲ្យចិនលួចយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក ទៅបម្រើផលប្រយោជន៍ចិនក្នុងវិស័យយោធានោះឡើយ ហើយជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះដែរ លោក ចូ បៃដិន បញ្ជាក់ជាថ្មីថាមិនបិទប្រព័ន្ធ Tik Tok របស់ចិននៅអាមេរិក តែចង់ឲ្យប្តូរម្ចាស់។
ក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ រយៈពេល១ម៉ោងនិង៤៥នាទី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសម្តែងក្តីបារម្ភបញ្ហាសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលចិនជួយរុស្ស៊ី ក្នុងបរិបទសង្គ្រាមសព្វថ្ងៃនេះ នៅអ៊ុយក្រែន។ ពាក់ព័ន្ធសំណុំរឿងពាណិជ្ជកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ, លោកស្រី ចានែត ល្វីស យេឡែន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញដំណើរស្រេចទៅហើយ នៅថ្ងៃទី៣មេសានេះ តម្រង់ឆ្ពោះទៅប្រទេសចិន ហើយនិងត្រូវជជែកជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូប រហូតដល់ថ្ងៃទី៩មេសា។ បន្ទាប់មកទៀត គឺ ដល់វេន លោកប្រមុខការទូតអាមេរិក អង់តូនី ប្ល៊ីងកិន ដែលនឹងត្រូវអញ្ជើញទៅស្រុកចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ