អានតួអត្ថបទ

អាមេរិក៖ លោក ចន ខេលី អគ្គលេខា​ធិការ​សេតវិមាន លា​ចេញ​ពី​តំណែង

លោក ចន ខេលី អគ្គលេខធិការនៃសេតវិមានប្រធានាធិបតីអាមេរិក បានសម្រេច​លាចេញពីតំណែង កាលពីថ្ងៃសៅរ៍ទី៨ធ្នូ។ លោកដូណាល់ ត្រាំ បានប្រកាសឲ្យដឹងពីដំណឹងនេះ ទៅកាន់ អ្នកកាសែត ដោយបានឆ្លៀតលើកឡើងថា លោកពេញចិត្តនឹងការងាររបស់ លោកចន ខេលី។ តែយ៉ាងណា សម្រាប់បណ្តាញព័ត៌មានអាមេរិក​ ការចាកចេញពីតំណែង របស់មនុស្សដ៍សំខាន់ នៃសេតវិមាននេះ បានឆ្លុះបញ្ចាំង អំពីបញ្ហាមិនចុះសម្រុងគ្នា នៅក្នុងផ្ទៃក្នុងនៃរដ្ឋាភិបាល របស់​​លោកដូណាល់ ត្រាំ។

លោក Donald Trump និយាយ​ជាមួយលោក John Kelly "Chief of Staff"។ សេតវិមាន ​ថ្ងៃទី១០ តុលា ២០១៨​
លោក Donald Trump និយាយ​ជាមួយលោក John Kelly "Chief of Staff"។ សេតវិមាន ​ថ្ងៃទី១០ តុលា ២០១៨​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

"លោក ចន ខេលី (John Kelly) នឹងបញ្ចប់មុខងារនៅចុងឆ្នាំនេះ។ អ្នកថ្មី នឹងត្រូវប្រកាសឈ្មោះ ក្នុងអំឡុងពេល១ថ្ងៃ ឬ២ថ្ងៃទៀត”។ នេះគឺជាការប្រកាស របស់លោកដូណាល់ ត្រាំ ទៅកាន់អ្នកកាសែត នៅសេតវិមាន កាលពីថ្ងៃសៅរ៍ទី៨ធ្នូ។ លោកដូណាល់ ត្រាំ បានឆ្លៀតលើកឡើងថា៖ “លោកចន ខេលី គឺមនុស្សដែលធ្វើការល្អ ហើយលោកពេញចិត្តនឹងការងាររបស់លោក ចន ​ខេលី ណាស់”

សូមរំលឹកថា លោក​ ចន ខេលី អាយុ៦៨ឆ្នាំ គឺជាអតីតមេបញ្ជាការកងទ័ពម្នាក់ ដែលបានចូលមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុង កាលពីខែកក្កដា ឆ្នាំ២០១៧​ មុននឹងចូលមកកាន់តំណែង ជាអគ្គលេខាធិការសេតវិមាន នៅដើមឆ្នាំ២០១៨។ បេសកម្មការងារដ៏ធំ និងស្មុគស្មាញបំផុត របស់លោក ចន ខេលី គឺដឹកនាំកិច្ចការទូទៅ នៅសេតវិមាន ដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃ និងភាពតានតឹង ដោយសាររឿងរ៉ាវស៊ើបអង្កេតក្នុងសំណុំរឿងរុស្ស៊ី ព្រមទាំងអត្តចរិកប្រែប្រួលចុះឡើង សម្រេចអ្វីតាមតែចិត្តនឹកឃើញរបស់លោកដូណាល់ ត្រាំ។

ថ្វីបើពេលនេះ លោកដូណាល់ ត្រាំ បានឆ្លៀតសរសើរ ពីស្នាដៃការងាររបស់ លោក ចន ខេលី ក៏ប៉ុន្តែកាលពីពាក់ខែវិច្ឆិកា ថ្មីៗនេះ លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា៖ “មានចំណុចខ្លះលោកពេញចិត្ត លោកចន ខេលី តែមានចំណុចខ្លះទៀត លោកមិនពេញចិត្តទេ។ ដល់ពេលមួយ បើចន ខេលី ចង់ឈប់ធ្វើការ ក៏ឈប់ទៅចុះ!

ចំណែកលោក ចន ខេលីវិញ ធ្លាប់បាននិយាយបែបលេងសើចថា ប្រហែលជាជាតិមុនលោកបានសាងបាប បានជាជាតិនេះ លោកត្រូវព្រះដាក់ទណ្ឌកម្ម។ សម្រាប់អ្នកសារព័ត៌មានដែលប្រចាំការនៅសេតវិមានអាមេរិក សម្តីលេងបែបលេងសើចរបស់លោកចន ខេលីនេះ គឺបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ស្តីពីលំបាក ក្នុងការដឹកនាំអគ្គលេខាធិការសេតវិមាន។ បណ្តាញព័ត៌មានធំៗខ្លះ បានអះអាងថា ទំនាក់ទំនងរវាងលោកចន ខេលី និងលោកដូណាល់ ត្រាំ មានភាពតានតឹងកាន់តែខ្លាំង រហូតដល់អ្នកទាំង២ បានចៀសមុខ លែងនិយាយរកគ្នាទៀតផង។

គួរកត់សម្គាល់ថា ជាមួយនឹងការដើរចេញពីតំណែង យ៉ាងញឹកញាប់ របស់មន្ត្រីខ្លួន រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានក្លាយជារដ្ឋាភិបាល ដែលមានលក្ខណៈអស្ថិរភាពបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ កម្រិតនៃការដោះដូរ រុះរើមុខតំណែង ក្នុងរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានឡើងដល់៦២% ក្នុងរយៈពេលមិនដល់២ឆ្នាំផង។ បច្ចុប្បន្ននេះ ក្នុងចំណោមមនុស្សសំខាន់ៗ គឺនៅសល់តែលោក ជេម ម៉ាទីស ម្នាក់គត់ ដែលនៅធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។​ តែយ៉ាងណា ពាក្យចចាមអារ៉ាមខ្លះនិយាយថា លោក ជេម ម៉ាទីស ក៏អាចនឹងដោះដៃចោលលោកដូណាល់ ត្រាំដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ