វ៉េណេស៊ុយអេឡា ប្រកាសបិទព្រំដែនជាមួយកូឡុំប៊ី
ការតតាំងអំណាចនៅវ៉េណេស៊ុយអេឡា បានផុងចូលដំណាក់កាលដ៏ជ្រៅមួយកំរិតទៀត។ លោក ហ្កៃដូ Juan Guaido ដែលបានស្វ័យប្រកាសតាំងខ្លួនជាប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា បានលួចឆ្លងព្រំដែនទៅប្រទេសកូឡុំប៊ី មិនខ្វល់នឹងសេចក្តីសម្រេចរបស់តុលាការដែលបានហាមឃាត់លោកមិនចាកចេញពីប្រទេសទេ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលកាន់អំណាច បានបញ្ជាឱ្យបិទព្រំដែនជាមួយកូឡុំប៊ីតែម្តង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៥
មិនខ្វល់នឹងបម្រាមរបស់តុលាការ លោកហ្កៃដូ ដែលទទួលស្គាល់ដោយជាង៥០ប្រទេសនៅលើពិភពលោក ក្នុងនាមជាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានឆ្លងដែនទៅជួបជុំជាមួយក្រុមអ្នកគាំទ្រនៅកន្លែងស្តុកជំនួយ ក្នុងទឹកដីកូឡុំប៊ី កាលពីថ្ងៃសុក្រម្សិលមិញ។ ក្នុងឱកាសជួបជុំដោយមានការប្រគុំតន្ត្រី ដែលរៀបចំដោយមហាសេដ្ឋីអង់គ្លេសRichard Branson ដើម្បីប្រមូលមូលនិធិទៅជួយពលរដ្ឋវ៉េណេស៊ុយអេឡានោះ លោក ហ្កៃដូ បានប្រកាសចាត់ទុកថ្ងៃសៅរ៍ទី ២៣កុម្ភៈនេះ ជាថ្ងៃទម្លាយច្រកព្រំដែនសម្រុកនាំជំនួយអាមេរិកទៅជួយប្រទេស។ ជំនួយអាមេរិកដែលបានមកគរទុកនៅតំបន់ព្រំដែនប្រទេសកូឡុំប៊ី តាំងពីថ្ងៃទី ៧កុម្ភៈ មក។
លោក ហ្កៃដូ ក៏បានអំពាវនាវជាថ្មីឱ្យយោធាងាកមកខាងលោក និងបានព្រមានថាជោគវាសនាប្រទេសស្ថិតនៅលើសេចក្តីសម្រេចរបស់ពួកគេនៅថ្ងៃសៅរ៍នេះ ព្រោះបក្សប្រឆាំងដែលមានសំឡេងភាគច្រើន បានសន្យារួចហើយនឹងធ្វើការលើកលែងទោស ប្រសិនបើរបបលោកម៉ាឌុយរ៉ូរលំទៅ។
ប៉ុន្តែឱសានវាទកាន់តែខិតជិតមកដល់ កម្លាំងយោធាកាន់តែមានច្រើននៅតាមព្រំដែន។ តាំងពីល្ងាចថ្ងៃសុក្រមក រដ្ឋាភិបាលក្រុងការ៉ាកាស បានចេញបញ្ជាឱ្យទាហានបិទច្រកព្រំដែនទាំងស្រុង និងជាបណ្តោះអាសន្ន ជាមួយកូឡុំប៊ី ក្រោមហេតុផលថាមានការគំរាមកំហែងធ្ងន់ធ្ងរនិងខុសច្បាប់ពីសំណាក់រដ្ឋាភិបាលកូឡុំប៊ី ប្រឆាំងនឹងសន្តិភាពនិងអធិបតេយ្យភាពវ៉េណេស៊ុយអេឡា។ បើតាមប្រសាសន៍របស់លោកស្រីអនុប្រធានាធិបតី វ៉េណេស៊ុយអេឡានឹងបើកព្រំដែនជាមួយកូឡុំប៊ីវិញ នៅពេលណារដ្ឋាភិបាលគ្រប់គ្រងសកម្មភាពហិង្សាបាន។
ភាពតានតឹងខ្លាំងក៏កំពុងកើតមានដែរ នៅតាមព្រំដែនជាមួយប្រទេសប្រេស៊ីល នៅថ្ងៃសុក្រម្សិលមិញ។ ការប៉ុនប៉ងបិទខ្ទប់មិនឱ្យក្បួនដឹកជំនួយមនុស្សធម៌បរទេសអាចចូលមកដល់តាមច្រកប្រេស៊ីល បានរាលដាលទៅជាការផ្ទុះអាវុធ ស្លាប់មនុស្សអស់ពីរនាក់ របួសជាង១០នាក់។
គេនៅមិនដឹងថាតើលោក ហ្កៃដូ នឹងអាចត្រលប់ចូលប្រទេសនៅពេលណា និងតាមវិធីណាឡើយ។ ចំណែករដ្ឋាភិបាលលោកម៉ាឌុយរ៉ូវិញ បានបង្កើនសកម្មភាពការទូតយ៉ាងខ្លាំង នៅអង្គការសហប្រជាជាតិ ដើម្បីបរិហារការប៉ុនប៉ងធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដែលជាហានិភ័យនាំឱ្យមានអំពើហិង្សា និងដើម្បីឱ្យលោកអគ្គលេខាធិការជួយធ្វើជាអន្តរការី។
ក្រោយជំនួបជាមួយតំណាងការទូតអាមេរិកនិងវ៉េណេស៊ុយអេឡា ជាច្រើនលើក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្តល់សារតែមួយគឺ ឱ្យភាគីទាំងពីរធ្វើគ្រប់យ៉ាងបញ្ចៀសការបង្ហូរឈាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ