អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​គុយបា​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះពី​ការ​ស្តារ​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​ឡើង​វិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​អាមេរិក​​ទើប​តែ​បាន​បិទ​បញ្ចប់​កាល​ពី​ចុង​សប្តាហ៍​នេះ។​ ជំនួប​ផ្លូវការ​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​ រ៉ាអ៊ូល កាស្រ្តូ​ បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​ជាង​គេ​បង្អស់។​ អតីត​សត្រូវ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ សហរដ្ឋ​អាមេរិក​ និង​គុយបា​អាច​នឹង​បើក​ស្ថានទូត​ឡើង​វិញ​នាពេល​ឆាប់ៗ។​ បច្ចុប្បន្ននេះ​ ក្រុមការងារ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ជជែក​ពិភាក្សា​បន្ត​ដើម្បី​បញ្ចប់​ចំណុច​លំអិត​មួយ​ចំនួន។​ តើ​ប្រទេស​គុយបា​នឹង​ទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក?

ជំនួប​រវាង​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ និង​អាមេរិក អូបាម៉ា
ជំនួប​រវាង​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ និង​អាមេរិក អូបាម៉ា Jonathan Ernst/Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​ប្រមុខ​ដឹកនាំ​អាមេរិក​ និង​គុយបា​ក្នុង​ជំនួប​កំពូល​អាមេរិក​លើក​ទី​ ៧​ នៅ​​ប្រទេស​ប៉ាណាម៉ា​ បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​គុយបា​ ជាពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាជន​គុយបា។​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​កោះ​កុម្មុយនិស្ត​មួយ​នេះ​ ពិសេស​ការ​ដាក់​អោយ​ប្រទេស​នេះ​ស្ថិត​ក្នុង​ភាព​ឯកោ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្មាន​ប្រសិទ្ធិភាព​អ្វី​បន្តិច​សោះ។​ សូម្បី​តែ​សហគមន៍​អន្តរជាតិ​ទាំងមូល​ក៏​មិន​យល់ស្រប​តាម​អាមេរិក​ដែរ។​ មុន​កិច្ច​ប្រជុំកំពូល​អាមេរិក​ បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​ឡាទីន​បាន​គំរាម​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ ប្រសិន​បើមិន​មាន​វត្តមាន​ប្រទេស​គុយបា។

កាលពី​ខែ​តុលា ឆ្នាំ​២០១៤​ មាន​ប្រទេស​ចំនួន​ ១៨៨ ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង​អស់​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​មក​លើ​ប្រទេស​គុយបា។​ ដូច​នេះ​ សហរដ្ឋ​អាមេរិក​របស់​លោក​ អូបាម៉ា​ចង់​មិន​ចង់​ត្រូវ​សំរប​ខ្លួន​ទៅ​តាម​របត់​ថ្មី​របស់​ពិភពលោក។​ ខណៈ​ពេល​ទន្ទឹង​រង់​ចាំ​ការ​ស្តារ​ទំនាក់​ទំនងការទូត​រវាង​គុយបា និង​សហរដ្ឋ​អាមេរិក​ឡើងវិញ​ មជ្ឈដ្ឋាន​អ្នក​ជំនួញ​មក​ពី​វិស័យ​ផេ្សងៗ​កំពុង​សំឡឹង​មើល​ឱកាស​ថ្មី​ក្នុង​ការ​បោះទុន​វិនិយោគ។​

វិស័យ​ទេសចរណ៍​នឹង​រីកលូតលាស់

បណ្តា​អ្នក​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​កំពុង​ប្រមើល​មើល​សក្តានុពល​ធម្មជាតិ​ឆ្នេរសមុទ្រ​របស់​ប្រទេស​គុយបា។​ ចាប់​តាំង​ពីការ​ដាក់​ទណ្ឌកម្ម​កាលពីឆ្នាំ ១៩៦២​ សហរដ្ឋ​អាមេរិក​បាន​ដាក់​បំរាម​មិន​អោយ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ជាលក្ខណៈ​ទេសចរ​ឡើយ។​ មាន​តែ​ការ​ធ្វើ​ដំណើរ​បែប​អប់រំ​ សាសនា​ កីឡា​ និង​សិល្បៈ​ប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត។​ នៅ​សហរដ្ឋ​អាមេរិក​ មតិ​សាធារណជន​ហាក់​ពុំ​យល់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ខ្លួន។​ ផ្ទុយ​ពី​ប្រទេស​គុយបា ពលរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើ​ដំណើរ​កំសាន្ត​ទៅកាន់​ប្រទេស​កុម្មុយនិស្ត​ផ្សេង​ទៀត​ ដូចជា​ ចិន​ កូរ៉េ​ខាង​ជើង​ និង​វៀតណាម​ ជាដើម។

ជា​រៀង​រាល់​ឆ្នាំ​ មាន​ជនជាតិ​អាមេរិក​ចំនួន​ ១ សែន​នាក់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយបា​។​ ទីភ្នាក់ងារ​ទេសចរណ៍ Insight Cuba មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​ទស្សន៍ទាយ​ថា​ ចំនួន​ភ្ញៀវទេសចរ​អាមេរិក​នឹងកើន​ឡើង​ខ្ពស់​ នា​រដូវ​កាល​សំបូរ​ភ្ញៀវ​ខាងមុខ​ ពោលគឺ​ ចាប់ពីខែ​ឆ្នូដល់​ខែ​ឧសភា។​ លោក Tom Popper ប្រធាន​ក្រុមហ៊ុន​នេះ​សង្ឃឹម​ថា​ ការ​ដក​ទណ្ឌកម្ម​អាមេរិក​នាពេល​ខាង​មុខ​នឹង​បង្កើន​ចំនួន​ទេសចរណ៍​អាមេរិក​ទ្វេជា​បី​​ ឬ​បួន​ដង។​ ម៉្យាងទៀត​ កប៉ាល់​ទេសចរណ៍​​មកពី​សហរដ្ឋ​អាមេរិក​ក៏​នឹង​កើន​ឡើង​ផង​ដែរ។​ អ្នក​ស្រី​ Alina Fernandez ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​ Cuba Travel USA ក៏​យល់​ស្រប​ដូច​គ្នា​ផង​ដែរ​ ប៉ុន្តែ​ អ្នកស្រី​សំដែង​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​ការ​ខ្វះ​បន្ទប់​ស្នាក់នៅ​សំរាប់​ភ្ញៀវ​ទេសចរណ៍។ សូម​បញ្ជាក់​ថា​ សព្វថ្ងៃ​នេះ​ គុយបា​ទទួល​ភ្ញៀវ​ទេសចរណ៍​​​មក​ពី​ជុំវិញ​ពិភពលោក​ចំនួន​ ៣​ លាននាក់​ក្នុង​មួយ​ឆ្នាំ។

វិស័យ​ទូរគមានគមន៍


វិស័យ​ទូរគមនាគមន៍​ត្រូវ​បាន​គេ​រំពឹង​ទុកថា​នឹង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង។​ ចាប់​តាំង​ពីខែ​មិនា​កន្លង​ទៅ​នេះ​ ការ​ភ្ជាប់​បណ្តាញ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ឡើង​វិញ​ត្រូវ​បាន​ធ្វើ​ជាមួយ​សហរដ្ឋ​អាមេរិក។​ ប្រទេស​ទាំង​ពីរ​បាន​ផ្តាច់​សេវាកម្ម​នេះទាំងស្រុង​ចាប់តាំង​ពីឆ្នាំ​ ១៩៩៩ មក​ម្ល៉េះ។​ កិច្ច​ព្រមព្រៀង​ទ្វេភាគី​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ក្រុម​ហ៊ុន​រដ្ឋ​របស់​គុយបា​ Etecsa និង​ក្រុមហ៊ុន​ឯកជន​អាមេរិក​ IDT Domestic Telecom។​ នេះ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​រវាង​ក្រុមហ៊ុន​អាមេរិក​​ និង​គុយបា​ ក្រោយ​ពី​ការ​ប្រកាស​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរឡើងវិញ​ ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ ប៉ុន្តែ​ កិច្ច​ព្រៀម​ព្រៀង​នេះ​ផ្តោត​តែ​លើ​ការ​ហៅ​ទូរស័ព្ទ​ចេញ​ចូល​ពី​ចម្ងាយ​ប៉ុណ្ណោះ​រវាង​អាមេរិក​ និង​គុយបា។

មុន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ កាល​ពីមុន​ ការ​ហៅ​ទូរស័ព្ទ​ចេញ​ចូល​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​ឆ្លង​កាត់​តាម​ប្រទេស​ផ្សេង​ទៀត។​ ការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​អោយ​តម្លៃ​​សេវាកម្ម​ទូរស័ព្ទ​អាមេរិក​-គុយបា​ឡើង​ថ្លៃខ្ពស់​ពុំ​សូវ​មាន​អ្នក​ប្រើប្រាស់​ទេ។ គេ​សំឡឹង​ឃើញ​ថា​ តំរូវ​ការ​ផែ្នក​សេវាកម្ម​ទូរស័ព្ទ​នេះ​មាន​ទំហំ​ធំ​មហិមា ព្រោះ​មាន​សហគមន៍​ជនជាតិ​គុយបា​ចំនួន​ ២ លាន​នាក់​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក។​ ​គេ​រំពឹង​ទុកថា​ សេវាកម្ម​ផែ្នក​ទូរគមនា​គមន៍​ផ្សេងៗ​ទៀត​នឹង​លេច​ចេញ​រូបរាង​ជា​ហូរហែ។ គិត​មក​ដល់​ពេលនេះ​ សេវាកម្ម​ប្រៃសណីយ៍​រវាង​ប្រទេស​ទាំងពីរ​ពុំ​ទាន់​ដំណើរ​ការ​ឡើងវិញ​ទេ។

គេ​ក៏​សង្ឃឹម​ផងដែរ​ការ​វិនិយោគ​លើ​សេវាកម្ម​អ៊ីនធឺនែត​​នឹង​រីក​ដុះដាល​ដូច​ផ្សិត​ផងដែរ។​ សហរដ្ឋអាមេរិក​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ ដោយ​អនុញ្ញាត​អោយ​នាំ​ចេញ​ឧបករណ៍​ និង​​គ្រឿង​បរិក្ខា​អ៊ីនធឺនែត​ទៅ​កាន់​ប្រទេស​គុយបា។ ប្រជាជន​គុយបា​នឹង​អាច​មាន​សេវាកម្ម​អ៊ីនធឺនែត​ប្រើប្រាស់​ដូច​គេ​ឯង។​ សព្វថ្ងៃ​នេះ​ មាន​ប្រជាជន​គុយបា​ប្រមាណ​តែ ៣,៤ %​ ប៉ុណ្ណោះ​អាច​ប្រើប្រាស់​អ៊ីនធឺនែត​នៅ​តាម​ផ្ទះ។

ទាក់ទាញ​ការវិនិយោគ​បរទេស

នៅ​សហរដ្ឋ​អាមេរិក​ បណ្តា​ក្រុម​អ្នក​ជំនួញ​មក​ពី​សភា​ពាណិជ្ជកម្ម​អាមេរិក​ និង​សមាគម​ម្ចាស់​រោងចក្រ​ប្រាថ្នា​ចង់​អោយ​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​គុយបា​មាន​ភាព​ប្រសើរ​ជា​ប្រក្រតី​ឡើងវិញ។​ គេ​យល់​ឃើញ​ថា​ ​ទណ្ឌកម្ម​អាមេរិក​កាលពី​ ៥២ ឆ្នាំ​មុន​ពុំ​បាន​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ទីក្រុង​ឡាហាវ៉ាន​ឡើយ។​ ក្រុមហ៊ុន​អាមេរិក​ធំៗ​បាន​បាត់បង់​ផលប្រយោជន៍​ជាច្រើន បណ្តោយ​អោយ​ក្រុមហ៊ុន​បរទេស​មកពី​អាស៊ី​ អឺរ៉ុប​ និង​អាមេរិក​ឡាទីន​វាយលុក​ទីផ្សារ​គុយបា​ ដែល​មាន​ប្រជាជន​ ១១ លាន​នាក់។​ ក្រុមហ៊ុន​អាមេរិក​មាន​ការ​សោកស្តាយ​ ព្រោះ​គុយបា​ស្ថិតនៅ​ចំងាយ​ប្រមាណ​តែ​ ២០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរ​សមុទ្រ​របស់​ខ្លួន។

បើ​តាម​លោក​ Rodrigo Malmierca រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​គុយបា​បាន​អោយ​ដឹង​ថា​ ប្រទេស​របស់​ខ្លួន​ត្រូវ​ការ​ទុន​វិនិយោគ​ពីបរទេស​ចំនួន​ ២,៥ ពាន់លាន​ដុល្លារ។​ ទុនវិនិយោគ​នេះ​អាច​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​គុយបា​ ជាពិសេស​ជួយ​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឈន៍​ប្រកប​ដោយ​និរន្តរភាព។ បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​ គុយបា​មាន​គំរោង​ចំនួន​ ២៧៤ ក្នុង​វិស័យ​ចំនួន​ ១១ ក្នុង​នោះ​មានដូចជា​ថាមពល​បង្កើត​ថ្មី​ កសិចំណីអាហារ សំណង់​ រ៉ែ​ និង​ទេសចរណ៍។​ សព្វថ្ងៃ​នេះ​ គុយបា​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ ៧៥ ប្រទេស​។​ រយៈ​ពេល​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​គុយបា​បាន​កើនឡើង​ទ្វេ​ជា​បីដង។​ ហើយ​ គុយបា​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ជា​មធ្យមចំនួន ៤,៩%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ