អានតួអត្ថបទ
គុយបា-ស.រ.អា.

ជំនួប​កំពូល​អាមេរិក ទីណាត់​ជួប​ជា​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋអាមេរិក​និង​គុយបា

ជំនួប​កំពូល​អាមេរិក ដែល​កំពុង​​​​ប្រព្រឹត្ត​ទៅ​នៅ​ ប្រទេស​ប៉ាណាម៉ា ចាប់​ពី​ថ្ងៃ​សុក្រដល់​ថ្ងៃ​​សៅរ៍​ទី ១០-១១ មេសា អាច​ចាត់​ទុក​ថា​មាន​លក្ខណៈ​​ប្រវត្តិសាស្ត្រ​មួយ​​​ស្រាប់​ទៅ​ហើយ ព្រោះនេះ​ជា​លើក​ទី​មួយដែល​​​គុយបា បាន​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ឯង។ អ្វី​ជា​ការ​​កត់​សម្គាល់ កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ក្នុង​ជំនួប​ដែល​មាន​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​៣៥​ប្រទេស​នៃ​ទ្វីប​អាមេរិក ​ណាត់​ជួប​គ្នា​ អាច​នឹង​មាន​ជំនួប​​រវាង​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​សមភាគី​គុយប៉ា​ទៀត។ ជា​ជំនួប​​មួយ​ទល់​នឹង​មួយ ? ឬជា​ត្រឹម​ជា​ការ​ចាប់​ដៃ ? ភាគី​ទាំង​ពីរ​​មិន​​បាន​បង្ហើប​ព័ត៌មាន​អ្វី​ឱ្យ​ធ្លាយ​មក​ក្រៅ​ទេ នៅ​ម៉ោង​នេះ។

លោក John Kerry និង​លោក Bruno Rodriguezប្រមុខ​ការទូត​អាមេរិក​និង​គុយបា នៅ​ប្រទេស​ប៉ាណាម៉ា ថ្ងៃទី៩ មេសា ២០១៥
លោក John Kerry និង​លោក Bruno Rodriguezប្រមុខ​ការទូត​អាមេរិក​និង​គុយបា នៅ​ប្រទេស​ប៉ាណាម៉ា ថ្ងៃទី៩ មេសា ២០១៥ REUTERS/U.S. State Department/Handout
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូលអាមេរិក​​ ថ្ងៃ​សុក្រទី​១០​មេសា នេះ ជា​ជំនួប លើក​ទី ៧ ដែល​​ចូល​រួម​ដោយ​បណ្តា​ប្រទេស​ចំនួន​៣៥ ​ នៃទ្វីប​អាមេរិក និង​អាមេរិក​ឡាទីន។ ជំនួប​កំពូល​នេះ ដែល​ជា​ការជួប​ប្រជុំ​​ផ្លូវការ​រវាង​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល មក​ពី​​អាមេរិក​ខាង​ជើង អាមេរិក​កណ្តាល​ និង​អាមេរិក​ខាង​ត្បូង បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​មួយ នៅ​ឆ្នាំ ១៩៩៤ នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​គុយបា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​​រួម​​នឹង​គេ​ឡើយ។ អង្គការ​រដ្ឋ​អាមេរិក ដែល​ជា​ផ្លូវការ​ ជា​អ្នក​ផ្តួច​ផ្តើម​រៀប​ចំ​ជំនួប​កំពូលនេះ​​ បាន​បណ្តេញ​គុយបា​ចេញ​តាំង​ពី​ឆ្នាំ​១៩៦២ មក​ស្រប​តាម​ការ​ស្នើ​សុំ​របស់​សហរដ្ឋ​អាមេរិក។ នៅឆ្នាំ​២០០៩ អង្គការ​បាន​ហៅ​គុយបា​ ឱ្យ​ចូល​ក្រុម ប៉ុន្តែ​ក្រុង​ឡាហាវ៉ាន មិន​អើពើ។ ហើយ​កាលពី​ជំនួប​កំពូល​លើក​មុន នៅ​ឆ្នាំ​២០១២ ក្រុម​ប្រទេស​នៃ​ទ្វីប​អាមេរិកឡាទីន ខ្លះ​បាន​ព្រមាន​ធ្វើ​​ពហិការ​មិន​ចូល​រួមដែរ​​ ប្រសិន​បើ​គុយបា​ នៅ​តែ​បន្ត​នៅ​ក្រៅ​សង្វៀន។

 
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វត្តមាន​គុយបា នៅ​ក្នុង​ជំនួប​កំពូល​ឆ្នាំ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​ខ្លះ​ចាត់​ទុក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត ​តែ​ជំនួប​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​មួយ​ដែល​កំណើន​សេដ្ឋកិច្ច​តំបន់​ធ្លាក់​ចុះ ប្រេស៊ីល​ដែល​​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​​​អាមេរិកឡាទីន​ក៏​ចុះ​ខ្សោយ​ និង​ប្រលាក់​ប្រឡូស​ដោយ​ទំនាក់ទំនង​អាប់​អួរ​រវាង​សហរដ្ឋ​អាមេរិក និង​វ៉េណេស៊ុយអេឡា។

​ប្រមុខ​ការទូត​អាមេរិក​និង​គុយបា​ ជួប​គ្នា​ជា​លើក​ដំបូង

ជំនួប​កំពូល​អាមេរិក​លើក​នេះ ត្រូវ​បាន​សម្គាល់​ជា​ពិសេស​ដោយ​វត្តមាន​គុយបាផង និង​ពិសេស​វត្តមាន​រួម​គ្នា​ របស់​​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ​ក្បែរ​ប្រធានាធិបតី​គុយបា។

ក្នុង​ពេល​រង់ចាំ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មុន​ជំនួប​កំពូល បើក​​ជា​ផ្លូវការ​ ​លោក​ប្រមុខ​ការ​ទូត​អាមេរិក ចន ឃែរី បាន​ជួប​ជាមួយ​សមភាគី​គុយបា​លោក Bruno Rodriguez ដើម្បី​បូក​សរុប​​ការ​ងារ​ស្តីពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ។ ​នេះ​ក៏​ជា​​លើក​ទី​មួយដែរ ដែល​​​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ​និយាយ​រក​គ្នា គិត​ចាប់​តាំង​ពី​​ជាង​កន្លះ​សតវត្សរ៍​មក​។ គេ​នៅ​ចាំ​បានថា​ប្រមុខ​ការទូត​អាមេរិក​និង​គុយបា បាន​ជួប​គ្នា​ ជា​ចុង​ក្រោយ​​បំផុត​នៅ​ថ្ងៃ​ទី ២២​កញ្ញា​ឆ្នាំ​១៩៥៨ បន្ទាប់​មក​ទំនាក់ទំនង​ក៏​ធ្លាក​ចុះ​ជា​លំដាប់​រហូត​ដាច់​គ្នា​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៦១។

បើ​តាម​ប្រភព​រដ្ឋាភិបាល​អាមេរិក ជំនួប​យប់​មិញ​នេះ ជា​ជំនួប​ដែល​មាន​លក្ខណៈ​ស្ថាបនា​បំផុត​ និងមាន​រយៈ​ពេល​ដល់ទៅ​ជាង​ពីរ​ម៉ោង។ អាមេរិក​បាន​បង្ហើប​អំពី​លទ្ធភាព​ចង់​ដក​គុយបា ចេញ​ពីបញ្ជី​ឈ្មោះ​ប្រទេស​គាំទ្រ​ភេរវនិយម។ ប្រមុខ​ការទូត​ទាំង​ពីរ​បាន​សន្យា​បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​​បញ្ហា​​​ជាប់​គាំង មួយ​ចំនួន​ទៀត។

ដំណើរ​ផ្លូវ​នៅវែង​ឆ្ងាយ
 

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ចាប់​ដៃ​លោក​ រ៉ាអ៊ូល កាស្ត្រូ​ប្រធានាធិបតី​គុយបា ​ជា​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ១០ ធ្នូ ២០១៣
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ចាប់​ដៃ​លោក​ រ៉ាអ៊ូល កាស្ត្រូ​ប្រធានាធិបតី​គុយបា ​ជា​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ១០ ធ្នូ ២០១៣ REUTERS/Kai Pfaffenbach/Files

មរតក​នៃ​សង្គ្រាម​ត្រជាក់​បាន​បន្សល់​ទុក​នូវ​​​ចំណុច​ខ្វែង​គ្នា​ជា​ច្រើន​ ឱ្យ​អាមេរិក​និង​គុយបា​ សម្រុះ​សម្រួល​គ្នា​។ ខាង​គុយបា លោក រ៉ាអ៊ូល កាស្ត្រូ បាន​ប្រឹង​ប្រែង​ធ្វើ​កំណែទម្រង់​ ដើម្បី​បើក​ចំហ​សេដ្ឋកិច្ច ដែល​ត្រួតត្រា​ដោយ​រដ្ឋ និង​ដែល​ជិត​ស្ងួត​ឆ្នាំង។ គុយបា​ត្រូវ​ការ​​មាន​ប្រាក់​មាន​រូបិយបណ្ណ ត្រូវ​ការ​ខ្សល់​ថ្មី​សម្រាប់ពលរដ្ឋ​ដក​ដណ្តើម និង​បន្ធូរ​សម្ពាធ​ដែល​ឡើង​តាន​តឹង​ជា​រៀង​រាល់​ថ្ងៃ។

​ការ​ខិត​ចូល​​​ជិត​គ្នា​​ជា​លទ្ធផល​នៃ​ការ​ចរចា​យ៉ាង​សម្ងាត់​រវាង​វ៉ាស៊ីនតោន​និង​ឡាហាវ៉ាន សូម្បី​ដែល​វ៉េណេស៊ុយអេឡា ប្រទេស​ជា​មិត្ត​​ជិត​ស្និទ្ធ​ខ្លាំងបំផុត​របស់​គុយបា ​ក៏​មិន​ត្រូវ​បាន​ឱ្យ​ដឹង​ផង។ ​លោក​អូបាម៉ា បាន​ចាប់​ដៃ​​លោក កាស្ត្រូ ជា​លើក​ទីមួយ  ក្រោម​ក្រសែភ្នែក​​ភ្ញាក់​ផ្អើល​របស់​ពិភពលោក នៅ​ពេល​​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​នែលស៊ុន មង់ដឺឡា កាល​ពី​ឆ្នាំ​២០១៣។ មួយ​ឆ្នាំ​កន្លង​ នៅ​ថ្ងៃ​ទី ១៧ ធ្នូ ២០១៤ ក្នុង​ពេល​តែ​មួយ លោក​អូបាម៉ា និង​កាស្ត្រូ បាន​ប្រកាស​ភ្ជាប់​ទំនាក់ទំនង​នឹងគ្នា​ឡើង​វិញ​​បន្ទាប់​ពី​កាត់​ផ្តាច់​អស់​​៥៤ឆ្នាំ។  

តាំងពី​នោះ​មក វ៉ាស៊ីនតោន និង​ឡាហាវ៉ាន បាន​រៀបចំ​ជំនួប​ជា​ផ្លូវការ​បី​លើក​។ ទណ្ឌកម្ម​ប្រឆាំង​នឹង​គុយបា​ខ្លះ​ត្រូវ​បាន​អាមេរិក​លើក​ចេញ​។ លោក​ អូបាម៉ា ដែល​ចង់​បន្សល់​ទុក​កេរ្ត៍​ឈ្មោះ​នយោបាយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ចង់​ឃើញ​ទង់ជាតិ​​អាមេរិក​និង​គុយបា បង្អូត​ក្នុង​ស្ថានទូត​​ប្រទេស​រៀងខ្លួនៗ ឱ្យ​បាន​មុន​ជំនួប​​អាមេរិក​នេះ ប៉ុន្តែ​មិន​អាច​សម្រេច​បាន ព្រោះ​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​​រាំង​ផ្លូវ។ គុយបា បាន​ដាក់​លក្ខខណ្ឌ​ ថា​ត្រូវ​ដក​​គុយបា​ចេញពី​បញ្ជី​ឈ្មោះ​ប្រទេស​គាំទ្រ​ភេរវកម្ម​សិន​ ទើប​ព្រម​ឱ្យ​មាន​បើក​ស្ថានទូត។

គុយបា​ដែល​រាប់​អាន​អ៊ីរ៉ង់ ស៊ីរី ស៊ូដង់ ត្រូវ​បាន​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៅ​ឆ្នាំ​១៩៨២ ជា​ប្រទេស​គាំទ្រ​​ចលនា​បដិវត្ត​កុម្មុយនិស្ត​នៅ​អាហ្វ្រិក​និង​អាមេរិក​ឡាទីន។ ក្រសួងការបរទេស​អាមេរិក បាន​បង្ហើប​អនុសាសន៍​ឱ្យ​ដក​គុយ​បា​ចេញ​ពី​បញ្ជី​នេះ​ហើយ ប៉ុន្តែ​សភា​អាមេរិក​បើ​ទោះ​បី​ជា​មិន​ប្រឆាំង ក៏​អនុសាសន៍​នោះ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដែល​មាន​រយៈ​៤៥​ថ្ងៃ​ មុន​អាច​​មាន​សុភពភាព​បាន។ ឧបសគ្គ​ដ៏​ធំ​មួយ​ទៀត ​គឺ​ការ​លើក​ទណ្ឌកម្ម​ចេញ ពី​គុយបា​ទាំង​ស្រុង តែ​នេះ​ជា​សមត្ថកិច្ច​របស់​សភា​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ