ប៉ាណាម៉ា៖ជំនួបកំពូលអាមេរិកជាឱកាសនៃកិច្ចសន្ទនារវាងអាមេរិក និងសត្រូវក្នុងតំបន់?
លោកប្រធានាធិបតីអាមេរិកអូបាម៉ា និងលោកប្រធានាធិបតីគុយបាកាស្រ្តូបានជួបសន្ទនាគ្នារយៈពេល ១ម៉ោងនៅថ្ងៃសៅរិ៍ ទី១១ មេសានាឱកាសជំនួបកំពូលអាមេរិកក្នុងប្រទេសបាណាម៉ា។ គឺជាជំនួបលើកទី១ គិតតំាងពី ៦០ឆ្នំាកន្លងទៅ និងដែលរូបលោកអូបាម៉ាផ្ទាល់បានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ក្រៅពីមានជំនួបផ្លូវការជាមួយលោកប្រមុខរដ្ឋគុយបា លោកអូបាម៉ាក៏បានជួបសន្ទនាគ្នារយៈពេលខ្លីជាមួយលោកប្រមុខរដ្ឋវ៉េណេស៊ុយអេឡានីកូឡា ម៉ាឌុយរ៉ូដែលជាសត្រូវមួយទៀតរបស់អាមេរិកនៅក្នុងតំបន់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៣
ក្រៅពីមានជំនួបផ្លូវការជាប្រវត្តិសាស្រ្តជាមួយលោកប្រធានាធិបតីគុយបារ៉ាអ៊ូល កាស្រ្តូ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាក៏បាននិយាយឆ្លងឆ្លើយគ្នាមួយភ្លែតជាមួយលោកប្រធានាធិបតីវ៉េណេស៊ុយអេឡានីកូឡា ម៉ាឌុយរ៉ូ។ គឺជាកិច្ចសន្ទនាលើកទី១ រវាងឥស្សរជននយោបាយជាន់ខ្ពស់ទំាងពីររូបតំាងពីលោកម៉ាឌុយរ៉ូឡើងស្នងតំណែងបន្តពីលោកហ៊ុយហ្គោ ឆាវ៉េ។ លោកអូបាម៉ាបាននិយាយប្រាប់លោកម៉ាឌុយរ៉ូច្បាស់ៗថា អាមេរិកគ្មានប្រយោជន៍អ្វីដែលត្រូវគំរាមហែងវ៉េណេស៊ុយអេឡាទេ តែចង់ឃើញលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងភាពសម្បូរសប្បាយនៅវ៉េណេស៊ុយអេឡា និងនៅក្នុងតំបន់។
ជាការឆ្លើយតបវិញ លោកម៉ាឌុយរ៉ូហាក់ដូចជាបានបន្ទន់ឥរិយាបទបន្តិច ដោយបានបោះដៃទៅរកលោកអូបាម៉ាដើម្បីបើកកិច្ចសន្ទនា។ តែទន្ទឹមគ្នានេះ លោកម៉ាឌុយរ៉ូក៏បន្តរក្សាជំហរម៉ឹងម៉ាត់ទល់នឹងអាមេរិក ព្រមទំាងមានការប្រយ័ត្នប្រយែងចំពោះសំណើរបស់លោកអូបាម៉ា។
ប្រសាសន៍លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ
« ខ្ញុំចង់ជឿលោកដែរតែខ្ញុំនៅមិនទាន់ទុកចិត្តលោកនៅឡើយ។ខ្ញុំគោរពលោកតែខ្ញុំមិនទុកចិត្តលោកទាល់តែសោះប្រធានាធិបតីអូបាម៉ា។ប្រសិនជាដូចអ្វីដែលលោកចង់បានមែននោះយើងនឹងនិយាយគ្នា។តែបើលោកមិនចង់ទេក៏គ្មានបញ្ហាអ្វីដែរហើយនៅពេលនោះវាជាកេរ្តិ៍ដំណែលដែលលោកបានបន្សល់ទុកសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។ខ្ញុំធ្លាប់បាននិយាយច្រើនដងហើយប្រធានាធិបតីអូបាម៉ា។កុំទុកបណ្តោយឲ្យអ្វីៗកើតមានដូចនៅក្នុងសម័យ George W.Bush ដែលបានគំាទ្ររដ្ឋប្រហារយោធានៅវ៉េណេស៊ូយអេឡាប្រឆំាងនឹងលោកឆាវ៉េ។ ប្រវត្តិសាស្រ្តត្រូវតែនំាទៅកាន់ផ្លូវផ្សេង។ ខ្ញុំយល់ព្រមចាប់ដៃជាមួយលោក ប្រធានាធិបតីអូបាម៉ាដើម្បីយើងអាចនិយាយគ្នាបានក្នុងបំណងសន្តិភាព និងដោះស្រាយភាពចម្រូងចម្រាសដែលអាមេរិក និងវ៉េណេស៊ូយអេឡាកំពុងមានសព្វថ្ងៃ »
ការនិយាយឆ្លើយឆ្លងគ្នារវាងលោកអូបាម៉ា និងលោកម៉ាឌុយរ៉ូបានកើតមានឡើង ចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាសកំពុងមានទំនាក់ទំនងយ៉ាងតានតឹងរវាងគ្នា។ ធ្ងន់ធ្ងរកាន់តែខ្លំាង គឺក្រោយពីលោកអូបាម៉ាបានចុះហត្ថលេខាលើក្រិត្យមួយកាលពីដើមខែមីនាកន្លងទៅ ដោយបានដាក់ទ័ណ្ឌកម្មប្រឆំាងនឹងថ្នាក់ដឹកនំាជាន់ខ្ពស់វ៉េណេស៊ុយអេឡាជាច្រើនរូបពីបទរំលោភសិទ្ធិមនុស្ស។ ទន្ទឹមគ្នានេះ ក្រិត្យរបស់អាមេរិកក៏បានចាត់ទុកវ៉េណេស៊ុយអេឡាជាប្រទេសគំរាមកំហែងលើសន្តិសុខផ្ទៃក្នុងអាមេរិកដែរ។ ក៏ប៉ុន្តែ លោកម៉ាឌុយរ៉ូហាក់ដូចជាមិនបដិសេធទំាងស្រុងពីការបើកកិច្ចសន្ទនាជាមួយអាមេរិកទេ តែត្រូវផ្អែកលើការគោរពគ្នាទៅវិញ ទៅមក។
ងាកមកមើលកិច្ចសន្ទនារវាងលោកប្រមុខរដ្ឋគុយបាកាស្រ្តូ និងប្រមុខរដ្ឋអាមេរិកអូបាម៉ាម្តង គឺហាក់ដូចជាមានភាពល្អូតល្អឺន និងបង្កប់ដោយការយល់គ្នាច្រើនជាង។ លោកកាស្រ្តូបានសុំឲ្យលោកអូបាម៉ាអត់ទោសឲ្យលោក និងបាននិយាយត្រង់ៗថា លោកអូបាម៉ាមិនមែនជាអ្នកទទួលខុសត្រូវលើរឿងរ៉ាវនៅក្នុងអតីតកាលរវាងអាមេរិក និងគុយបាទេ និងថា លោកអូបាម៉ាជាបុរសម្នាក់ទៀងត្រង់ និងប្រកបដោយគុណធម៌។
ប្រសាសន៍លោកប្រធានាធិបតីគុយបា រ៉ាអ៊ូល កាស្រ្តូ
« ខ្ញុំសុំឲ្យលោកអូបាម៉ាមេត្តាអត់ទោសឲ្យខ្ញុំផងព្រោះខ្ញុំដឹងថាគាត់មិនមែនជាអ្នកទទួលខុសត្រូវចំពោះរឿងរ៉ាវដែលបានកើតឡើងនៅក្នុងអតីតកាលរវាងអាមេរិក និងគុយបាទេ។តើមុនលោកអូបាម៉ាអាមេរិកមានប្រធានាធិបតីប៉ុន្មាននាក់ហើយ១១នាក់១២នាក់គឺមាន១០នាក់ហើយនៅមុនលោកអូបាម៉ា។អ្នកទំាងនោះសុទ្ធតែមានការទទួលខុសត្រូវចំពោះគុយបានិងប្រជាជនគុយបា។គេអាចនិយាយអ្វីក៏បានដែរទាក់ទងនឹងប្រព័ន្ធដឹកនំានយោបាយនៅគុយបា។តែវាជារឿងត្រឹមត្រូវដែលខ្ញុំបានស្នើលោកអូបាម៉ាមេត្តាអត់ទោសឲ្យខ្ញុំព្រោះខ្ញុំក៏ដូចជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលផ្សេងទៀតដែលមានវត្តមាននៅក្នុងជំនួបកំពូលអាមេរិកនិងដែលខ្ញុំបានជួបម្នាក់ម្តងៗបានគិតដូចគ្នាថាលោកប្រធានាធិបតីអូបាម៉ាជាបុរសម្នាក់ទៀងត្រង់និងប្រកបដោយគុណធម៌ »
ជាការឆ្លើយតបវិញ លោកអូបាម៉ាបានទទួលស្គាល់ថា អ្វីដែលលោកកាស្រ្តូបានលើកឡើង គឺជាការពិត ព្រោះមានព្រឹត្តិការណ៍ជាច្រើនបានកើតមានឡើងនៅមុនកំណើតរបស់លោកទៅទៀត។ តែអ្វីដែលលោកអូបាម៉ាមិនភ្លេចបញ្ជាក់នោះគឺថា គុយបាមិនមែនជាប្រទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិកទេ។
ប្រសាសន៍លោកប្រធានាធិបតីអាមេរិកអូបាម៉ា
« បើគេបានស្តាប់ប្រសាសន៍របស់លោកប្រធានាធិបតីគុយបាកាស្រ្តូចំណុចជាច្រើនដែលលោកកាស្រ្តូបានលើកឡើងគឺទាក់ទងជាពិសេសទៅនឹងព្រឹត្តិការណ៍ដែលបានកើតមាននៅមុនថ្ងៃកំណើតរបស់ខ្ញុំទៅទៀត។ដូច្នេះសាររបស់ខ្ញុំនៅទីនេះគឺថាសង្រ្គាមត្រជាក់បានចប់ហើយ។
បច្ចុប្បន្ននេះយើងទំាងអស់គ្នាបាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងលោក។ជាមួយគុយបាយើងនៅមានចំណុចជាច្រើនដែលយើងមិនទាន់អាចនិយាយចុះសម្រុងគ្នាបាន។ចំណុចខ្វែងគំនិតគ្នាដែលមាននោះ គឺមិនមែនទាក់ទងតែនឹងទស្សនៈយល់ឃើញរបស់រដ្ឋាភិបាលគុយបាចំពោះពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេតែក៏មានបញ្ហានៅក្នុងតំបន់មួយចំនួនដែរ។ទន្ទឹមគ្នានេះក៏នឹងមានសំណុំរឿងផ្សេងទៀតដែលយើងនឹងរួមសហការណ៍ជាមួយគ្នា។តែអ្វីដែលគួរបញ្ជាក់ឲ្យបានច្បាស់នោះគឺថាគុយបាមិនមែនជាប្រទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិកទេ »
លោកអូបាម៉ា និងលោកកាស្រ្តូបានទទួលស្គាល់ដូចគ្នាថា នៅមានបញ្ហាជាច្រើនដែលអាមេរិក និងគុយបាត្រូវបន្តជជែកគ្នា។ តែមានសំណុំរឿងខ្លះត្រូវបានភាគីនីមួយៗបន្តរក្សាជំហររៀងៗខ្លួន ពិសេសទាក់ទងនឹងរឿងសិទ្ធិសេរីភាព និងរឿងសិទ្ធិមនុស្ស។ ចប់ហើយជំនួបកំពូលអាមេរិកលើកទី៧ ក្នុងប្រទេសប៉ាណាម៉ា តែអ្វីដែលជំនួបកំពូលបានបន្សល់ទុកសម្រាប់ពិភពលោក គឺជំនួបជាប្រវត្តិសាស្រ្តរវាងលោកប្រមុខរដ្ឋគុយបា និងអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ