អានតួអត្ថបទ
សហរដ្ឋអាមេរិក-គុយបា

ជំនួប​ប្រវត្តិសាស្ត្រ​ រវាង​ប្រធានាធិបតី​អាមេរិក និង​គុយបា នៅ​ប៉ាណាម៉ា

ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល ​របស់​ប្រទេស​ទាំង​អស់​ នៅ​ក្នុង​ទ្វីប​អាមេរិក ​ដែល​កំពុង​តែ​ប្រព្រឹត្តិ​ទៅ​ នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា ​ហេតុការណ៍​ដែល​គេ​ទន្ទឹង​រងចាំ​ចង់​ដឹង​ជាង​គេ គឺ​ជំនួប​ទ្វេរ​ភាគី​រវាង​ លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ​និង​លោក​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្ត្រូ។ ប្រធានាធិបតី​ទាំងពីរ ​កាល​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ ​បាន​ចាប់​ដៃ​ស្វាគមន៍​គ្នា ​ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ ​ដោយ​ត្រូវ​រង​ចាំ​កិច្ច​ប្រជុំ​ផ្លូវការ​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សោរ៍​នេះ។​ សញ្ញា​វិជ្ជាមាន​នៃ​ការ​ផ្សះផ្សារ​គ្នា ​រវាង​អតីត​សត្រូវ​ទាំងពីរ​ អាមេរិក​ គុយបា ​ហាក់​កំពុង​តែ​ បញ្ចេញ​ពន្លឺ​សន្សឹមៗ​ហើយ។

រូបភាព​លោក បារ៉ាក់ អូបាម៉ា ចាប់​ដៃគ្នា​ជាមួយ​លោក រ៉ាអ៊ូល កាស្រ្តូល នៅថ្ងៃ ទី ១០ មេសា ២០១៥
រូបភាព​លោក បារ៉ាក់ អូបាម៉ា ចាប់​ដៃគ្នា​ជាមួយ​លោក រ៉ាអ៊ូល កាស្រ្តូល នៅថ្ងៃ ទី ១០ មេសា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

សត្រូវ​ចាស់​សល់​ពី​សង្រ្គាម​ត្រជាក់៖

មូលហេតុ​ដែល​ធ្វើ​ឲ្យ ​មា​នការ​ប្រឈម​​មុខ​ដាក់​គ្នា​រវាង ​គុយបា​ និង​សហរដ្ឋ​អាមេរិក​ គឺ​ជា​កេរ​ដែល​បាន​បន្សល់​ទុក​ តាំង​ពី​ជំនាន់​សង្រ្គាម​ត្រជាក់ ​រវាង​ក្រុម​ប្រទេស​លោក​សេរី ​ដែល​មាន​អាមេរិក​ជា​មេធំ ​និង​ក្រុម​ប្រទេស​កុម្មុយនីស្ត ​ដែល​មាន​អតីត​សហភាព​សូវៀត​ជា​ចៅ​ហ្វាយ។ ចលនា​បដិវត្តន៍​របស់​គុយបា​ ដែល​ដឹកនាំ​ដោយ​លោក​ហ្វ៊ីឌែល កាស្ត្រូ ​បាន​នាំ​គុយបា​ ឲ្យ​ក្លាយ​ជា​មិត្ត​ជាមួយ​នឹង​សូវៀត។ ដូច្នេះ​មាន​ន័យ​ថា គុយបា ​ក្លាយ​ជា​សត្រូវ​របស់​ អាមេរិក។ បើ​និយាយ​ពី​ភូមិសាស្ត្រ​វិញ ​ គុយបា ​ជា​កោះ​ដែល​ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ​មិចស៊ិក ​ពោល​គឺ​ចំ​ពី​មុខ​ ជ្រោយ​ហ្វ្លូរីដា ​របស់​អាមេរិក។

ទី​តាំង​ភូមិសាស្ត្រ​ដែល​នៅ​កៀក​បង្កើយ​នេះ ​ធ្វើ​ឲ្យ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ កាល​ជំនាន់​នោះ ​ព្រោះ​សូវៀត​បាន​យក ​ដី​គុយបា​ ជា​ស្ថានីយ៍​ឈរជើង​របស់​ទាហាន​សូវៀត ​ដោយ​មាន​គ្រាប់​មីស៊ីល នាវា​ចម្បាំង ​និង​នាវា​មុជ​ទិក​ច្រើន​ស្អេកស្កះ។ ដូច្នេះ ​អាមេរិក​ឃើញ​គ្រោះថ្នាក់​ នៅ​ក្បែរ​មាត់​ទ្វារ ​ក៏​ដោយសារ​តែ​គុយបា។ គុយបា ​និង​អាមេរិក ​បាន​ផ្តាច់​ទំនាក់​ទំនង​ការទូត​ ​នឹង​គ្នា​ នៅ​ថ្ងៃ​ទី៣ ​មករា ​ឆ្នាំ​១៩៦១។

ក្នុង​ឆ្នាំ ​១៩៨៩ ​នៅ​ពេល​ដែល​ជញ្ជាំង​ក្រុង​ប៊ែកឡាំង​ដួល​រលំ ​ហើយ​បន្ទាប់​មក​ទៀត ​សហភាព​សូវៀត​ក៏​ដួល​រលំ​ទៀត​ ​ប៉ុន្តែ ​គុយបា ​ដែល​ដឹកនាំ​ដោយ​លោក ​ហ្វ៊ីឌែល​កាស្ត្រូ ​នៅ​តែ​រឹង​ទទឹង ​មិន​ព្រម​ចុះចាញ់​នរណា​ទាំងអស់ ​សុខចិត្ត​បិទទ្វារ​នៅ​ឯកោ​តែ​ម្នាក់ឯង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​គុយបា ​បាន​គាំទ្រ និង​មាន​ទំនាក់​ទំនង​ជាមួយ​អ៊ីរ៉ង់ ​និង​ស៊ីរី ​ទៀត​ផង ​ដែល​គោល​ជំហរ​បែប​នេះ ​បាន​ធ្វើឲ្យ​អាមេរិក​ ចាត់ទុក​គុយបា ​ជា​ប្រទេស​ ដែល​គាំទ្រ​ក្រុម​ផ្តាច់ការ ​និងក្រុម​ភេរវកម្ម។

ការ​ចរចា​ផ្សះផ្សា​គ្នា ត្រូវ​អាក់​ខាន ​មួយ​លើក​ជា​ពីរ​លើក៖
តាម​ពិត​ទៅ ​វា​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​អាមេរិក ​ព្យាយាម​ខិតទៅ​ជិត​គុយបា។ លោក​ប្រធានា​ធិតបតី​ ក្លីនតុន ​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ ​ប៉ុន្តែ​មិន​បាន​លទ្ធផល។ បន្ទាប់​ពី​សហភាព​សូវៀត​ដួល​បះជើង​ទៅ​ គុយបា​ត្រូវ​កំព្រា ​គ្មាន​មេ​គ្មាន​កើយ ​ហើយ​សេដ្ឋកិច្ច​ត្រូវ​កាត់ផ្តាច់​គ្មាន​ទីពឹង​អ្វី​ទាំងអស់។ ប្រជាជន​គុយបា ​បាន​ឆ្លងកាត់​នូវ​ការ​លំបាក​ជា​ខ្លាំង។ ជា​ច្រើន​ពាន់​នាក់ ​បាន​ជ្រើសរើស​ការ​រត់​ចោល​ស្រុក ​ដើម្បី​គេច​ចេញ​ពី​ការ​លំបាក​ ដែល​រដ្ឋាភិបាល​ផ្តាច់ការ​ របស់​លោក​ហ្វីឌែល​កាស្ត្រូ ​គ្មាន​លទ្ធភាព​នឹង​ដោះស្រាយ។

ប្រជាជន​គុយបា ​ជាច្រើន ​បាន​ផ្អើល​នាំ​គ្នា​ជិះទូក ​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អាមេរិក។ ក្នុង​ឆ្នាំ​៩៦​ លោក​ហ្វីឌែល​កាស្ត្រូ ​បាន​បញ្ជា​ឲ្យ​ទាហាន ​បាញ់​កម្ទេច​យន្តហោះ​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ជន​ភៀសខ្លួន​គុយបា។ ទង្វើ​នេះ ​បាន​ធ្វើ​ឲ្យ​អាមេរិក ​កាន់​តែ​ខឹង​ជាមួយ​នឹង​គុយបា ​ហើយ​ការ​ចរចា​ដើម្បី​ជានា​គ្នា ​ត្រូវ​បាន​កាត់ផ្តាច់​ទាំង​ស្រុង។

ក្រោយ​មក​ទៀត ​នៅ​ឆ្នាំ​២០០៩ ​លោក​ Alan Gross ​ជា​មន្ត្រី​ធ្វើការ​នៅ​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អាមេរិក ​ប្រចាំការ​​នៅ​ក្រុង​ឡាហាវ៉ាន ​ត្រូវ​បាន​គុយបា​ចោទ​ថា ​ជា​គេញ​សម្ងាត់ ​ហើយ​បាន​កាត់​ទោស​ ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ ​នៅ​គុយបា។ សំណុំ​រឿង ​លោក​ Alan Gross​ ​នេះ ​បាន​ចោទ​ជា​ចំណោទ​មួយ​ទៀត ​ដែល​រឹតតែ​ធ្វើឲ្យ​ ទំនាក់​ទំនង​រវាង​អាមេរិក ​និង​គុយបា​ កាន់​តែ​អាក្រក់។ ការ​ចរចា​គ្នា​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​គាត់ ​បាន​អូស​បន្លាយ​យូរ​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​មិន​បាន​លទ្ធផល​អ្វី​ទាំងអស់។

ទុក​រឿង​អាតីត  ​គិត​រឿង​បច្ចុប្បន្ន៖
គេ​មិនដែល​ធ្វើ​អ្វី​មួយ​ ដែល​មិន​ហុច​ប្រយោជន៍​មក​វិញ​នោះ​ទេ។ យើង​ដឹង​ថា ​នៅ​ពីក្រោយ​ហេតុផល​​ទាំង​អស់​ បញ្ហា​សេដ្ឋកិច្ច​ជា​ចំណុច​គ្រិះ​ ​ដែល​ភាគី​ទាំង​ពីរ ​សំឡឹង​ឃើញ​រៀងៗ​ខ្លួន។ ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ​អ្នក​ដែល​ទទួល​ផល​ច្រើន​ពី​ការ​បើក​ផ្លូវ​ទំនាក់ទំនង​នេះ​ គឺ​ប្រជាជន​គុយបា​ដោយ​ផ្ទាល់​តែម្តង។ ប្រជាជន​គុយបា​រស់​នៅ​ក្នុង​រនាំង ​ អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ គ្មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​សេរី ​ជា​ពិសេស ​គឺ​អ្នក​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​អាមេរិក ​ហើយ​បន្សល់ទុក​បងប្អូន​ក្រុម​គ្រួសារ ​នៅ​គុយបា។

គុយបា ​បច្ចុប្បន្ន​នេះ ​មិន​ខុស​ពី​មនុស្ស​ ដែល​កំពុង​តែ​ត្រដរ​ខ្យល់​ទេ។ គុយបា​មាន​ធនធាន ​និង​សក្តានុពល​ច្រើន​ ប៉ុន្តែ​គុយបា​គ្មាន​ផ្លូវ​ដើរ ​ដោយសារ​តែ​គុយបា​ ត្រូវ​អាមេរិក​ដាក់​របង​ឃាំង​សេដ្ឋកិច្ច។ មិត្ត​ស្និតស្នាល​តែមួយ​ ដែល​គុយបា​ សល់​រាល់ថ្ងៃ​នេះ ​គឺ វ៉េណេហ៊្សុយអេឡា​ ប៉ុន្តែ​ប្រទេស​នេះ​ ក៏​កំពុងតែ​ត្រដរ​ខ្យល់​ដែរ ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច ​និង​ជា​ពិសេស ​ចំណូល​ដែល​បាន​ពី​ការ​នាំ​ប្រេង​ចេញ ​បាន​កាន់តែ​តិច។ ហេតុ​ដូច្នេះ​ហើយ​ ទើប​លោក ​រ៉ាអ៊ូល កាស្ត្រូ ​បត់​ក្បាល​មក​រក​បង្អែក​ពី​អាមេរិក ​ដើម្បី​ឲ្យ​អាមេរិក​ដកចេញ​បន្តិច​ម្តងៗ ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

យើងនឹងជម្រុញ ឲ្យមានការជជែកគ្នា ហើយឲ្យគុយបាខ្លួនឯង ជាអ្នកជ្រើសរើស ថាគួរដើរផ្លូវណា ដែលនាំគុយបា បានដល់ការចម្រុងចម្រើន។

00:46

ប្រសាសន៍​ លោក អូបាម៉ា ប្រែសម្រួល​ដោយ​ ម៉ម ពិសី

 
ប្រជាជន​អាមេរិក ​ដើម​កំណើត​គុយបា ​ច្រើន​ណាស់ ​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​បារ៉ាក់​ អូបាម៉ា ព្រោះ​គេ​ផ្តល់​ក្តី​សង្ឃឹម​លើ​គាត់ ​ថា​អាច​ផ្សះផ្សារ​ សន្តិភាព ​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ។ ការ​បើក​ច្រក​ទំនាក់​ទំនង​គ្នា​ឡើងវិញ​នេះ ​នឹង​ជំរុញ ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​ អាមេរិក ​ទៅ​តាំងទី​រកស៊ី​ និង​នាំ​ទំនិញ​គ្រប់​ប្រភេទ​ពី​គុយបា។ ប៉ុន្តែ​លើស​ពី ​ផល​ប្រយោជន៍​សេដ្ឋកិច្ច ​លោក​បារ៉ាក់ អូបាម៉ា ​បាន​សម្តែង​ឲ្យ​ពិភពលោក​យល់​កាន់​តែ​ច្បាស់ ​អំពី ​ទឹក​ចិត្ត​ស្រលាញ់​សន្តិភាព​របស់​លោក។ ដែល​នេះ​វា​សក្តិ៍សម​ណាស់​ដែល​លោក ​បាន​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព។

អាមេរិក​ជ្រើស​យក ​ការ​ចរចា​ដោយ​សម្ងាត់ ​ចៀសវាង​វ៉ៃ​ស្មៅ​បង្អើល​ពស់៖
តាម​ការ​រាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​បារាំង ​ដែល​ប្រចាំការ​នៅ​ទីនោះ ​ប្រធានាធិបតី​ទាំង​ពីរ ​និង​ជួប​ពិភាក្សា​គ្នា ​ដោយ​បិទទ្វារ​មិនឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ផ្សេង​ទៀត ​រឺ​ក៏​អ្នក​យក​ព័ត៌មាន​ទេ។ គេ​មិនទាន់​ដឹងថា ប្រធានាធិបតី​ទាំងពីរ ​និង​ធ្វើ​សន្និសីទ​កាសែត ​បន្ទាប់​ពី​ចប់​ការ​ប្រជុំ​នោះទេ។ តាម​ពិត​ទៅ ​ការ​ចរចា​ រក​វិធី​ខិត​ចូល​មក​ជិត​គ្នា​រវាង ​អាមេរិក ​និង​គុយបា ​បាន​ធ្វើ​ឡើង​យ៉ាង​សម្ងាត់​បំផុត ​អស់​រយៈពេល​ជិត​មួយឆ្នាំ​ទៅ​ហើយ។

រដ្ឋាភិបា​របស់​លោក អូបាម៉ា​ បាន​ជ្រើសរើស​យក​វិធី​នេះ​ ដើម្បី​បញ្ជៀស​ការ​ប្រឆាំង ​និង​រារាំង​ណាមួយ​ ​ពី​សំណាក់​ក្រុម​អ្នក​នយោបាយ​អាមេរិក ​ដែល​មិន​ព្រម​ជានា​ ជាមួយ​គុយបា ​យ៉ាង​ដាច់​អហង្ការ។ ក្រុម​សមាគមន៍​មួយ​ចំនួន ​នៅ​អាមេរិក ​ដែល​ប្រឆាំង​ដាច់​ខាត​របប​ផ្តាច់ការ​របស់​គុយបា ​កំពុង​តែ​ប្រុង​ជើង​រិះគន់​លោក​អូបាម៉ា ​ថា ​មាន​នយោបាយ​ទន់ជ្រាយ​ ឱន​ក្បាល​ទៅ​ឲ្យ​គុយបា ​ដែល​ជិះជាន់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

សូម​បញ្ជាក់​ផងដែរ​ ថា ​សម្តី​របស់​លោក​អូបាម៉ា ​មួយ​ឃ្លា​កាល​ពី​ម្សិលមិញ ​ហើយ​ដែល​ធ្វើឲ្យ​ ​គេ​ឯង​ភ្ញាក់​ផ្អើល​គ្រប់​គ្នា ​គឺ​លោក​បាន​និយាយ​ថា​ សម័យ​នេះ​ជា​សម័យ​ ដែល ​អាមេរិក លែង​ធ្វើ​អ្វី​​ បាន​តាមចិត្ត​បាន​ដូច​មុន​ទៀត​ហើយ។ សម្តី​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា ​វា​ជា​ការ​បន្ទន់​ឥរិយាបថ ​របស់​អាមេរិក ​និង​ការ​យល់​ពី​ការ​ផ្លាស់ប្តូរ​ស្ថានការណ៍​ពិភពលោក ​របស់​លោក​បារ៉ាក់ អូបាម៉ា។ ប៉ុន្តែ​លោក ​អូបាម៉ា ​បាន​ឈ្លៀត​បញ្ជាក់​ថា​ អាមេរិក ​នៅ​តែ​តស៊ូ​ ការពារ​សិទ្ធិ​សេរីភាព ​របស់​មនុស្ស​ជាតិ​ទាំងមូល។ ដូច្នេះ​មាន​ន័យ​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​ ​នៅ​តាម​ប្រទេស​ផ្តាច់ការ​ គឺ​ជា​ស្នូល​ដែល​កំណត់​ពី​គោល​ជំហរ​ របស់​អាមេរិក ​ក្នុង​ការ​បន្ធូរ ​រឺ​ក៏​បន្តឹង​ទំនាក់​ទំនង ​ជាមួយ​ប្រទេស​នោះ។ តាម​រយៈ​ពាក្យ​សម្តី​នេះ ​លោក​អូបាម៉ា ​ចង់​បញ្ជាក់​ថា ​កុំឲ្យ​ក្រុម​អ្នក​ប្រឆាំង​មាន​ការ​ព្រួយបារម្ភ ​ថា​អាមេរិក​អន់ ​ចាញ់​ប្រៀប​របប​ផ្តាច់ការ​គុយបា ​ឲ្យសោះ។

ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​ច្រើន​ទៀត ​ដែល​រដ្ឋាភិបាលោក ​អូបាម៉ា​ ត្រូវ​ឆ្លងកាត់​ ​គឺ​ក្រុម​តំណាងរាស្ត្រ​អាមេរិក ដែល​មក​ពី​គណបក្ស​សាធារណៈរដ្ឋ។ កិច្ច​ព្រមព្រៀង​សំខាន់​ ទាក់ទិន​នឹង​ការ​ដក​ទណ្ឌកម្ម​ ចេញ​ពី​គុយបា ​ត្រូវ​តែ​ឆ្លង​កាត់​សភា​កុងហ្គ្រេ។ ​ដូច្នេះ​មិន​ប្រកដ​ថា ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សាធារណៈរដ្ឋ​ នឹង​បោះឆ្នោត​គាំទ្រ​ទាំងស្រុង​នោះទេ។ ការ​ផ្សះផ្សា​គ្នា​ រវាង​អាមេរិក​ និង​គុយបា ​ជា​បញ្ហា​ស្មុគស្មាញ​ណាស់ ​ដែល​ត្រូវ​ចំណាយ​ពេល​យូរ ​ក្នុង​កា​រដោះស្រាយ​វា​បន្តិច​ម្តង​ៗ។ លោក​អូបាម៉ា ​ត្រូវតែ​រិះរក​វិធីសាស្រ្ត​ផ្សេង​ទៀត ​ហើយ​ត្រូវ​ធ្វើ​ឲ្យ​ឆាប់​រហ័ស​មុន​នឹង ​លោក​ចប់​អាណត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ