អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​នឹង​មាន​អ្វី​ប្តូរ​ផ្លាស់ បន្ទាប់​ពីអាមេរិក​និង​គុយបា​ភ្ជាប់​ទំនាក់ទំនងជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ប្រវត្តិសាស្ត្រ ! នេះ​ជា​ពាក្យ​ដែល​ស្ទើរ​គ្រប់​សារព័ត៌មាន​លើ​លោក​បាន​ប្រើ​ សម្រាប់​វាយ​តម្លៃ​​ការ​ភ្ជាប់​ទំនាក់ទំនងជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ​ រវាង​សហរដ្ឋ​អាមេរិក​ និង​គុយបា។ ​ដោយ​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់ អាមេរិក​និង​គុយបា​បាន​ផ្តាច់​ចំណង​ការ​ទូត​ តាំង​ពី​ឆ្នាំ ១៩៦១​មក។ នៅ រសៀល​ថ្ងៃ​ពុធ​ទី ១៧ ធ្នូ​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា បាន​ប្រកាស​បើក​ទំព័រ​ថ្មី​​ជាមួយ​គុយបា។ ហើយ​ក្នុង​ពេល​ទន្ទឹម​គ្នា​​តែ​ម្តង​ នៅ​ទីក្រុង​ឡាហាវ៉ាន លោក​ប្រធានាធិបតី រ៉ាអ៊ូល កាស្ត្រូ បាន​​ថ្លែងសរសើរ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ឡើង​វិញ​ជាមួយ​អាមេរិក​ តែក៏​​បាន​គូស​បញ្ជាក់​​ថា​បញ្ហា​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​ប្រឆាំង​នឹង​គុយបា តាំង​ពី​ឆ្នាំ​១៩៦២​មក មិន​ទាន់​ដោះស្រាយ​ចេញ​ទេ។

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​សមភាគី​គុយបា រ៉ាអ៊ូល កាស្ត្រូ
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​សមភាគី​គុយបា រ៉ាអ៊ូល កាស្ត្រូ REUTERS/Kai Pfaffenbach/files
ផ្សាយពាណិជ្ជកម្ម

“Todos Somos Americanos »  យើង​សុទ្ធ​តែ​ជា​អាមេរិក​កាំង​ដូចគ្នា ! នេះ​ជា​​ការ​ប្រកាស​របស់​លោក​​ប្រធានាធិបតី​អាមេរិក បារ៉ាក់អូបាម៉ា ជា​ភាសា​អេស្ប៉ាញ មុន​នឹង​បន្ថែម​ទៀត​ថា ដល់វេលា​ដែល​ត្រូវ​បើក​ទំព័រ​ថ្មី​​។

 

គឺ​ការ​ផ្តោះប្តូរ​អ្នក​ទោស​ ដែល​ជា​បុព្វហេតុ​នាំ​ឱ្យ​អតីត​គូ​សត្រូវ​អាមេរិក​គុយបា ខិត​ចូល​ជិត​គ្នា​វិញ ៖ គុយបា​បាន​ដោះលែង​អ្នក​ទោស​អាមេរិក​ម្នាក់ ហើយ​អាមេរិក​បាន​ដោះលែង​​អ្នក​ទោស​គុយបា​បី​នាក់វិញ​ ជា​ថ្នូរ។ អ្នក​ទោស​​ឈ្លប​ការណ៍​ ​ជា​ឧបសគ្គ​ចុង​ក្រោយ​នៃ​ការ​ចាប់​ផ្តើម​ចរចា​​លើក​ទណ្ឌកម្ម​អាមេរិក​ចេញ​ពី​គុយបា។​

តួនាទី​គន្លឹះ​របស់​សម្តេច​ប៉ាប

តាំង​ពី​ឆ្នាំ​២០០៩​មក គេ​ឃើញ​សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា បាន​បង្ហាញ​កាយ​វិការ​ជា​ច្រើន ​ក្នុង​ចេតនា ​ផ្សះផ្សា​ទំនាក់​ទំនង​ជាមួយ​នឹង​គុយ​បា​ឡើងវិញ។ ការ​ចរចា​ជា​សម្ងាត់​បាន​ប្រព្រឹត្ត​ទៅ​តាំងពី​ដើម​ឆ្នាំ​២០១៤​នេះ​មក ហើយ​សម្តេច​ប៉ាប ហ្វ្រង់ស័រ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រុញ​ច្រាន​ភាគី​ទាំង​ពីរ អាមេរិក​និង​គុយ​បា ឱ្យ​សម្រេច​ភ្ជាប់ទំនាក់​ទំនង​គ្នា​ឡើង​វិញ​នៅ​ពេល​នេះ។

សូម​បញ្ជាក់​ថា​អាមេរិក​និង​គុយបា បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​ទាំង​ស្រុង​ នៅ​ឆ្នាំ ១៩៦១ នៅ​ពេល​ដែល​គុយ​បា បាន​ជ្រើសរើស​អោប​សហភាព​សូវៀត ដើម្បី​ប្រឆាំង​នឹង​លុកលុយ​របស់​អាមេរិក។ ការ​ទូត​​ត្រូវ​ផ្តាច់ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់​តែ​តាន​តឹង​ជា​លំដាប់​ មួយ​ឆ្នាំ​ក្រោយ​មក​សភា​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​គុយបា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​រាល់​ពេល​ដែលសហរដ្ឋ​អាមេរិក មាន​ប្រធានាធិបតី ជា​អ្នក​ប្រជាធិបតេយ្យ​​ គុយបា​តែ​ង​សម្លឹង​ឃើញ​ឱកាស​ថា​អាច​នឹង​ចរចា​បន្ធូរ​បន្ថយ​សម្ពាធ​នឹង​គ្នា​បាន។ ម្យ៉ាង​ទៀត បរិបទ​អន្តរជាតិ​ក៏​បាន​ប្តូរ​ផ្លាស់ ព្រោះ​បើ​តាម​លោក​អូបាម៉ា អាមេរិក​អាច​ភ្ជាប់​ទំនាក់ទំនង​ជា​មួយចិន​​ប្រទេស​កុម្មុយនិស្ត​ដ៏​ធំ​បំផុត​នៅ​លើ​លោក​​បាន​ តាំង​ពី​ជិត​៣០​ឆ្នាំ និង​ជាមួយ​វៀតណាម​​ដែល​ធ្លាប់​ធ្វើ​សង្គ្រាម​គ្នា តាំង​ពី​ជាច្រើន​ឆ្នាំ​មក​ហើយ ហេតុ​អ្វី​មិន​កើត​ជាមួយ​​គុយបា ?! គុយបា ដែល​មាន​ទីតាំង​នៅ​ជិត​បង្កើយ​​នឹងអាមេរិក និង​មានទីតាំង​ជា​យុទ្ធសាស្ត្រ មិន​គួរ​អាមេរិក​ទុក​បណ្តោយ​យូរ​ អោយ​ប្រេស៊ីល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង​ទាញ​យក​ចំណេញ​ពី​គុយបាបាន​ឡើយ។

ការ​ប្តូរ​ផ្លាស់​

ក្នុង​សភាព​ជាក់ស្តែង សហរដ្ឋ​អាមេរិក​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​ឡើង​នៅ​ក្រុង​ឡាហាវ៉ាន ក្នុង​ពេ​ល​ដ៏​ឆាប់ៗ​ខាង​មុខ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ហើយ​គុយបា​នឹង​បើក​ទូត​របស់​ខ្លួន​វិញ​នៅ​វ៉ាស៊ីនតោន។ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប្រទេស​ទាំង​ពីរ នឹង​ផ្តើម​ទាក់ទង​ធ្វើ​ការ​រួម​គ្នា​លើ​សំណុំ​រឿង​សំខាន់ៗ​ដូច​ជា​អន្តោប្រវេសន៍​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជួញ​ដូរ​គ្រឿង​ញៀន មនុស្ស។ លោក អូបាម៉ា​អាច​នឹងអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ឡាហាវ៉ាន​ក៏​ថា​បាន។

រដ្ឋាភិបាល​អាមេរិក​នឹង​បន្ធូរ​បន្ថយ​​លក្ខខណ្ឌធ្វើ​ដំណើរ​​ខ្លះ។ ដំណើរ​ទេសចរណ៍​ទៅ​កាន់​កោះ​គុយបា នៅ​តែ​ហាម​ឃាត់​ដដែលសម្រាប់​ពេល​នេះ។ ប៉ុន្តែ​ ការ​ទៅ​សួរ​សុខទុក្ខ អ្នក​កាសែត​ អ្នក​វិទ្យាសាស្ត្រ ទស្សនកិច្ច​ផ្លូវការ​ ផ្នែក​សង្គម​ ការងារ សាសនា កីឡា​ឬ​មនុស្សធម៌ អាច​នឹង​ត្រូវ​សម្រួល​ ឬ​ត្រូវ​អនុញ្ញាត។

​​ពាណិជ្ជកម្ម ​សំណង់ ឧស្សាហកម្ម​ កសិកម្ម​ ទូរគមនាគមន៍​ ហិរញ្ញវត្ថុ​ នឹង​បើក​ទូលាយ ព្រោះ​គុយបា​ កំពុង​ស្រេកឃ្លាន​ខ្លាំង​ណាស់​ក្នុង​វិស័យ​ទាំងអស់​នេះ។ ធនាគារ​អាមេរិក​អាច​ធ្វើ​ការ​ជាមួយ​គណនី​នៅ​គុយបា និង​ពិសេស​ពលរដ្ឋ​អាមេរិក​អាច​ផ្ទេរ​ប្រាក់​ទៅ​គុយ​បា បាន​ដល់​២០០០​ដុល្លារ​ ក្នុង​ត្រី​មាស (ទល់​នឹង​៥០០​ដុល្លារ​ កាលពី​ពេល​មុន) និង​ដោយ​មិន​បាច់​សុំ​ការ​អនុញ្ញាត​​ជាមុន​ទេ។ សូម​បញ្ជាក់​ថា​ការ​ផ្ទេរ​លុយ​ពី អាមេរិក​ពី​សំណាក់​ជនជាតិ​គុយបា​និរទេស​ខ្លួន​នៅ អាមេរិក​ជា​ចំណែក​ដ៏​សំខាន់​មួយ​សម្រាប់​គុយបា​ត្រដរ​រស់​។

លើក​ទណ្ឌកម្ម​នៅ​មុខ​ឆ្នាំ​២០១៧ ?

ប៉ុន្តែ​ការ​លើក​​ទណ្ឌកម្ម​សេដ្ឋកិច្ច ទាំង​ស្រុង​ពី​គុយបា មិន​​ទាន់​អាច​ធ្វើ​ទៅកើត​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​សភា​អាមេរិក។ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​គុយបា​នៅ​ឆ្នាំ​១៩៦២ ក្នុង​បំណង​គាប​ក​ទម្លាក់​របប​កុម្មុនិស្ត​គុយបា​ក្រោយ​បដិវត្ត ឆ្នាំ​១៩៥៩។ ឥលូវក៏​​ត្រូវ​សភា​អនុម័ត​អនុម័ត​លើក​ទណ្ឌកម្ម​ទើប​បាន។ ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​គុយបា​ត្រូវ​រង់​ចាំ​សេចក្តី​សម្រេច​​ពី​សភា​ដែរ។ លោក​អូបាម៉ា ចង់ឃើញ​អាមេរិក ដក​ទណ្ឌកម្ម​ចេញ​​ពី​គុយបា មុន​លោក​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០១៧ តែ​ដូច​ជា​ពិបាក​បន្តិច​ហើយ ព្រោះ​​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក ស្ថិត​ក្នុង​កណ្តាប់​ដៃ​អ្នកសាធារណរដ្ឋ​ទាំង​អស់ សមា​ជិក​សភា​និង​ព្រឹទ្ធ​សភា​ដែល​មាន​និន្នាការ​ដាក់​គុយបា​ឱ្យ​ឯកា​នយោបាយ​និង​សេដ្ឋកិច្ច សន្យា​ធ្វើ​គ្រប់​យ៉ាង​រារាំង​សភា​មិន​ឱ្យ​លើក​ទណ្ឌកម្ម​ចេញ​ពី​គុយបា​ទេ។ 

ទស្សនៈ​​របស់​អ្នក​នយោបាយ ?

បើ​និយាយ​ពី​ថ្នាក់ជាតិ ជាង​៥០%​នៃ​ពលរដ្ឋ​អាមេរិក​ គាំទ្រ​ឱ្យ​មាន​ទំនាក់ទំនង​អាមេរិក​គុយបា​ជា​ធម្មតា​ឡើង​វិញ។ ប៉ុន្តែ​មាន​​​អ្នក​បន្ត​ប្រឆាំង ខ្លាំង គឺ​បណ្តា​ជន​ដើម​កំណើត​គុយបា​រត់​និរទេស​ចេញ​ពី​ប្រទេស​ក្រោយ​ពី​លោក​ហ្វីដែលកាស្ត្រូ​ឡើង​កាន់​អំណាច​ភ្លាម​ នៅ​ឆ្នាំ​១៩៥៩។ មាន​តែ​ក្មេង​ជំនាន់​ក្រោយ​ទេ​គាំទ្រ​លោក​អូបាម៉ា។

ចំពោះ​អ្នក​នយោបាយ​វិញ បើ​និយាយ​តាម​បែប​សាមញ្ញ អ្នក​ប្រជាធិបតេយ្យ​ចង់​ឃើញ​អាមេរិក​និង​គុយបា​រាប់​រង​គ្នា​ជា​ធម្មតា ឯខាង​អ្នក​សាធារណរដ្ឋ​ប្រឆាំង​។ តែ​ក្នុង​សំណុំ​រឿង​នេះ មាន​អ្នក​ប្រឆាំង​​ទាំង​សង​ខាង។ តំណាង​ព្រឹទ្ធ​សភា​អាមេរិក​ម្នាក់​នៃ​បក្ស​សាធារណរដ្ឋ​ បាន​រិះគន់​ថា​ដើម្បី​អាច​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា​ជា​ធម្មតា​ឡើង​វិញនេះ សេតវិមាន​ លះ​បង់ច្រើន​ ជាង​ប្រមូល​ប្រយោជន៍​ចូល​អាមេរិក។ ខ្លះ​ទៀត​យល់​ថា​ លោក​អូបាម៉ា​ ការពារ​ជន​​ផ្តាច់ការ។ គេ​ពុំ​ឃើញ​មាន​វិវឌ្ឍន៍​ជា​វិជ្ជមាន​តាម​ផ្លូវ​ប្រជាធិបតេយ្យ​សោះ​នៅគុយបា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ