អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​ធ្លាប់​លួច​បង្កើត​បណ្តាញ​សង្គម Twitter​ឲ្យ​ប្រជាជន​គុយបា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ឆ្នាំ ២០១០ ទីភ្នាក់ងារ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ អាមេរិកាំង USAID​បាន​បង្កើត យ៉ាង​ស្ងាត់ៗ បណ្តាញ​សង្គម នៅក្នុង​ប្រទេស​គុយបា។ បច្ចុប្បន្ននេះ បណ្តាញ​សង្គម​Twitter នៅ​គុយបា ដែល​លែង​មាន​ដំណើរការ​ទៀតហើយ ត្រូវ​បាន​លេច​​បែកខ្ចរខ្ចាយ ដោយសារ​ការចុះ​ផ្សាយ​​អត្ថបទ​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិកាំង AP កាលពី​ដើម​ខែ​មេសា​នេះ។ តើ​ហេតុអ្វី​បាន​ជា​អាមេរិក​លួច​ជួយ​បង្កើត​បណ្តាញ​សង្គម​ឲ្យ​ប្រជាជន​គុយបា?

ប្រជាជន​គុយបា​បាន​ទទួល​ប្រើ​បណ្តាញ​សង្គម​Twitter ដែល​អាមេរិក​បាន​លួច​បង្កើត​ឲ្យ​ប្រើ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ ២០១២
ប្រជាជន​គុយបា​បាន​ទទួល​ប្រើ​បណ្តាញ​សង្គម​Twitter ដែល​អាមេរិក​បាន​លួច​បង្កើត​ឲ្យ​ប្រើ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ ២០១២ ©REUTERS/Enrique De La Osa
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​គ្មាន​ការងារ​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AP ប្រជាជន​គុយបា​នឹង​នៅ​តែមិនដឹង​ខ្លួន ថា តើ​នៅ​សុខៗ ហេតុអ្វី បាន​ជាខ្លួន​អាច​ចុះឈ្មោះ​Twitter ដើម្បី​ផ្ញើ​សារ​ពី​ទូរស័ព្ទ​បាន​ដោយ​មិន​គិតលុយ និង​ឆាប់​រហ័ស​យ៉ាងដូច្នេះទេ។ នៅ គុយបា ប្រព័ន្ធ​អ៊ីនធ័រនែត​នៅមាន​លក្ខណៈ​តូចចង្អៀត។ ចាប់តាំង​ពី​ឆ្នាំមុន គុយបា​មាន​កន្លែង​ចូល​មើល​អ៊ីនធ័រនែត​ប្រមាណ ១៣៧ សម្រាប់​សាធារណជន នៅ​ទូទាំង​កោះគុយបា។ នៅ​គុយបា មាន​តែ​មន្ត្រី​​ក្នុងជួរ​​រដ្ឋាភិបាល និង​អ្នកមាន​ទើប​មាន​សមត្ថភាព​ទ្រាំទ្រ​បង់​ថ្លៃ​អ៊ីនធ័រនែត។ ដើម្បី​ចូលមើល​អ៊ីនធ័រនែត​មួយ​ម៉ោង គេ​ត្រូវ​បង់​​តម្លៃ​៤ដុល្លារ​កន្លះ ដែល​ស្មើ​នឹង​មួយភាគបួន នៃ​ប្រាក់ខែ របស់​បុគ្គលិក​រដ្ឋការ​ទូទៅ។

មេដឹកនាំ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​តែងតែ​ចាត់ទុក​អ៊ីនធ័រនែត​ដូចជា​សត្វព្រៃ ដែល​គេ​ត្រូវ​ប្រយ័ត្នប្រយែង និង​តាមដាន​បង្ហាត់​គ្រប់​ពេល​វេលា។ អ្វីៗ​ស្ថិតនៅក្រោម​ការគ្រប់គ្រង ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល។ នៅ​ឆ្នាំ ២០០៩ អាជ្ញាធរ​គុយបា​បាន​ចាប់ខ្លួន​អ្នកជំនួញ​អាមេរិកាំង​ម្នាក់ នៅ​ទីក្រុង​ឡាហាវ៉ាន ដោយ​បាន​​ចោទ​ពីបទ​ផ្តល់​សម្ភារៈ​ព័ត៌មានវិទ្យា​ដល់​ក្រុម​ប្រឆាំង​នឹង​របប​កាស្ត្រូ។ អ្នកជំនួញ​អាមេរិកាំង​រូបនោះ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក ១៥​ឆ្នាំ នៅ​គុយបា។

គឺ​នៅក្រោយ​ពេល​អ្នកជំនួញ​អាមេរិក​ត្រូវ​គេ​ចាប់ខ្លួន​នោះហើយ ដែល​ទីភ្នាក់ងារ​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ USAID​ចាប់ផ្តើម​ផ្តល់​លុយ ឲ្យ​គេ​បង្កើត​បណ្តាញ​សង្គម twitter​សម្រាប់​យុវជន​គុយបា។ តាម​អត្ថបទ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ក្រុមការងារ​អាមេរិកាំង​បាន​បង្កប់​ខ្សែបណ្តាញ​អ៊ីនធ័រនែត នៅជាមួយ​​ក្រុមហ៊ុន​សាំង Shell និងចែកចាយ​សារ ដោយ​ប្រើ​ទឹកដី​បរទេស​ផ្សេង ក្រៅពី​អាមេរិក។ ចាប់តាំង​ពី​ត្រូវ​បាន​បង្កើតឡើងតាំងពី​ឆ្នាំ ២០១០ បណ្តាញ​សង្គម​twitter​គុយបា ទាក់ទាញ​បាន​សមាជិក​គុយបា បួនម៉ឺននាក់។ នៅគុយបា មនុស្ស​ត្រូវការ​ចង់ដឹង​អាន ព័ត៌មាន នៅពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ មិន​ឯករាជ្យ ស្ថិតនៅក្រោម​ការកាន់កាប់​របស់​រដ្ឋអំណាច។ ប៉ុន្តែ គម្រោង​នេះ​បាន​បញ្ចប់​ទៅវិញ នៅឆ្នាំ ២០១២ ដោយសារ​តែ​ USAID​អស់​ថវិកា។

នៅ​ដើម​ខែ​មេសា​នេះ អ្នកនាំពាក្យ​របស់​សេតវិមាន Jay Caney បាន​ឆ្លើយ យ៉ាង​អល់អែក​នឹង​សំណួរ​របស់​អ្នកកាសែត ជុំវិញ​ការលួច​បង្កើត​បណ្តាញ​សង្គម​របស់​អាមេរិក នៅ​គុយបា។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន កម្មវិធី​បង្កើត​Twitter នៅ​គុយបា​ជា​ចំណាយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ USAID និង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការបរទេស​អាមេរិក។ កម្មវិធី​នេះ​ត្រូវ​បាន​ឆ្លងកាត់​ការពិភាក្សា នៅ​សភា និង​បាន​ទទួល​ការអនុញ្ញាតិ​រួចហើយ។

សម្រាប់​អ្នកនាំពាក្យ​សេតវិមាន អាមេរិក​មិន​បាន​ប្រើ​កម្មវិធី​twitter ដើម្បី​ធ្វើ​ចារកម្ម​លើ​រដ្ឋាភិបាល​គុយបាទេ។ រដ្ឋាភិបាល​អាមេរិក​មិន​បាន​ចូល​ទៅ​ត្រួតពិនិត្យ​លើ​ខ្លឹមសារ ដែល​ប្រជាជន​គុយបា សរសេរ​ឆ្លើយឆ្លងគ្នា នៅក្នុង​បណ្តាញ​សង្គម​twitter ដែរ។ តាមសេតវិមាន គេ​មិន​បង្ហាញ​កម្មវិធី​twitter ជា​ផ្លូវការ ដោយសារ​តែ​កម្មវិធី​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​អាមេរិកាំង ហើយ គ្រោះថ្នាក់​នឹង​អាច​កើតឡើង​ចំពោះ​អ្នកប្រើប្រាស់​ជាតិ​គុយបា និង​សមាជិក​រដ្ឋាភិបាល​គុយបា ប្រសិន​បើ​កម្មវិធី​ត្រូវ​គេ​បើក​ទម្លាយ។ រហូតមក​ដល់​ពេលនេះ រដ្ឋាភិបាល​គុយបាន​មិន​បាន​ប្រតិកម្ម​អ្វី​ទៅនឹង​ដំណឹង​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិកាំង​នៅឡើយទេ។

លោក​Jay Caney វិញ ខំប្រឹង​ពន្យល់ថា ទីភ្នាក់ងារ​ដើម្បី​អភិវឌ្ឍ​ USAIDបង្កើត​twitter នេះ​ឡើង នៅ​គុយបា នៅក្នុង​បំណង​អភិវឌ្ឍ​សេរីភាព​ទទួល​បាន​ព័ត៌មាន​នៅគុយបា។ អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ USAIDវិញ​បាន​និយាយ​ប្រាប់​ទូរទស្សន៍អង់គ្លេស​ថា គេ​មាន​មោទនភាព​ដែល​បាន​ជួយ​ប្រជាជន​គុយបា​ឲ្យអនុវត្ត​សិទ្ធិ​របស់​ខ្លួន និង​ភ្ជាប់​ខ្លួន​ទៅ​ពិភពលោក​ខាងក្រៅ។

តាម​ ទីភ្នាក់ងារ​AP ដែល​បាន​ទទួល​ឯកសារ​ជាង​១ពាន់​ទំព័រ​ពី​ប្រភព​អាមេរិកាំង ការអះអាង​របស់​សេតវិមាន ខុសស្រឡះ ពី​គោលដៅ​ដែល គេ​បាន​កំណត់ នៅក្នុង​ផែនការ​បង្កើត​កម្មវិធី​twitter​នៅ​គុយបា។ តាមឯកសារ អាមេរិក​ចង់​ប្រើ​កម្មវិធី​បណ្តាញ​សង្គម​ដើម្បី​ផ្តួល​រំលំ​អំណាច​របស់​គ្រួសារ​កាស្ត្រូ។ តាមរយៈ​បណ្តាញ​សង្គម ការផ្ញើសារ ​យុវជន​គុយបា​អាច​បើកភ្នែក ឃើញ​ពិភពខាងក្រៅ និង​អាច​ធ្វើ​បដិវត្ត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត ដែល​អាមេរិក​ចង់​មិនចូលចិត្ត ឲ្យ​មាន​នៅក្នុង​ប្រទេស​ជិតខាង​ខ្លួន។

ក្នុង​ក្រសែភ្នែក​អាមេរិក គុយបា​នៅ​តែ​ជា​ប្រទេស​ភេរវកម្ម។ ជាង​៥០​ឆ្នាំ​មកហើយ ដែល​អាមេរិក​នៅ​ដាក់​ទណ្ឌកម្ម​ទៅលើ​គុយបា។ អាមេរិក​ចាប់ខឹង​នឹង​របប​គ្រប់គ្រង​កាស្រ្តូ ដោយសារ​តែ​របប​នេ ដែល​បាន​កើតឡើង តាំងពីចូល​កាន់តំណែង​របស់​លោក​ហ្វីដែល កាស្រ្តូ កាល​ទសវត្សរ៍ ឆ្នាំ ១៩៥០ បាន​ធ្វើ​ជាតូបនីយកម្ម​រាល់​ក្រុមហ៊ុន​បរទេស និង​បិទផ្លូវ​ធ្វើ​វិនិយោគ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ខាតបង់​យ៉ាងខ្លាំង។ រហូតមក អាមេរិក​បាន​ប្រើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ដើម្បី​ប៉ុនប៉ង​ជាច្រើន ជាច្រើនសា ដើម្បី​ផ្តួលអំណាច​របស់​លោក​ហ្វីដែល កាស្រ្តូ និង​ដើម្បី​ប្តូរ​នយោបាយ​សេដ្ឋកិច្ច​គុយបា ពី​កុម្មុយនិស្ត មក​មូលធន​និយមវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ