អង្គការសហប្រជាជាតិស្វែងរកថវិកា ១ពាន់លានដុល្លារ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
មន្រ្តី អង្គការសហប្រជាជាតិប្រចាំនៅបង់ក្លាដែសបាននិយាយនៅថ្ងៃអាទិត្យទី១១មីនាថា គេត្រូវការថវិកាប្រមាណ ១ពាន់លានដុល្លារ សម្រាប់ចិញ្ចឹម និងថែទាំសុខភាពរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅ កកកុញគ្នា នៅក្នុងជំរំជនភៀសខ្លួន ក្នុងទឹកដី បង់ក្លាដែស។ ជនភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាមប្រមាណ ៧សែននាក់ បានរត់ភៀសខ្លួន គេចចេញ ពីអំពើហិង្សា នៅរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសភូមា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការសហប្រជាជាតិត្រូវការថវិកា ៩៥០លានដុល្លារ សម្រាប់ផ្តល់ជំនួយមនុស្សធម៌ដល់ជនភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងជំរំភៀសខ្លួន ក្នុងទឹកដីបង់ក្លាដែស។ តាមមន្រ្តី អង្គការសហប្រជាជាតិប្រចាំប្រទេសបង់ក្លាដែស ៩៥០លានដុល្លារ ជាថវិកាដែលគេត្រូវការសម្រាប់តែការចំណាយ នៅឆ្នាំ ២០១៨ និងដែលគេសង្ឃឹមប្រមូលរៃអង្គាសបាននៅក្នុងអំឡុងសន្និសីទរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅសប្តាហ៍នេះ។
នៅខែតុលាឆ្នាំមុន អង្គការសហប្រជាជាតិបានប្រកូកប្រកាស ស្វែងរកជំនួយ ថវិកា ៤៣៤លានដុល្លារ ដើម្បីអាចផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនរ៉ូហ៊ីងយ៉ា រហូត ដល់ខែកុម្ភៈ។ អាហារ ការព្យាបាលជម្ងឺ និងជំរកជាតម្រូវការចាំបាច់របស់ជនភាគតិចរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួន ពីរដ្ឋរ៉ាឃីន ទៅជ្រកកោន ក្នុងទឹកដីបង់ក្លាដែស ជាប់ព្រំដែនភូមា។ លោកស្រី Mia Seppoប្រធានអង្គការសហប្រជាជាតិប្រចាំបង់ក្លាដែស នៅថ្ងៃអាទិត្យបាននិយាយថា នៅពេលរដូវភ្លៀងមូសុងខិតចូលជិតមកដល់ តម្រូវការ បន្ទាន់ ជាងគេគឺទីកន្លែង និងសំពត់តង់ ជ្រកទឹកភ្លៀង សម្រាប់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ១សែននាក់ ដែលកំពុងរស់នៅ ក្នុងតំបន់លិចទឹក នៅស្រុក Cox’s Bazar របស់បង់ក្លាដែស។ អង្គការក្នុងស្រុក មួយចំនួន ដែលទទួលជំនួយពីអង្គការសហប្រជាជាតិបានលើកឡើងផងដែរពីតម្រូវការថវិកាសម្រាប់យុទ្ធនាការចាក់ថ្នាំបង្កា ដល់ជនភៀសខ្លួន ដែលកំពុងប្រឈមនឹងជម្ងឺឆ្លង និងរាតត្បាត នៅក្នុងជំរំភៀសខ្លួន។
សូមអាន៖ ភូមា និងបង់ក្លាដែសបានព្រមព្រៀងគ្នារៀបចំការវិលត្រឡប់របស់ពលរដ្ឋរ៉ូហ៊ីងយ៉ាទៅភូមាវិញ
សម្រាប់មន្រ្តីអង្គការសហប្រជាជាតិ មួយភាគបួន នៃថវិកាសរុប ៩៥០លានដុល្លារ នឹងប្រើផងដែរ សម្រាប់ជាសំណងជម្ងឺចិត្តដល់ប្រជាជនបង់ក្លាដែស នៅស្រុក Cox’s Bazar ដែលរងប៉ះពាល់ បាត់បង់ដីធ្លី ដោយសារលំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
ជនភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ ៧សែននាក់ បានរត់ឆ្លងចូលទឹកដីបង់ក្លាដែស ដើម្បី គេចចេញពីហិង្សា ដែលអង្គការសហប្រជាជាតិ បានទម្លាក់ការទទួលខុសត្រូវទៅលើទាហានភូមា។ នៅដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិភូមាបានទាត់ចោលការចោទប្រកាន់របស់អង្គការសហប្រជាជាតិ ដែលថា យោធាភូមាកំពុងធ្វើនយោបាយបោសសម្អាតជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។ នៅខែវិច្ឆិកាឆ្នាំមុន បង់ក្លាដែស និងភូមាបានយល់ព្រមព្រៀងគ្នា ដើម្បីធ្វើមាតុភូមិនិវត្តន៍របស់ជនភាគតិចរ៉ូហ៊ីងយ៉ាទៅរដ្ឋរ៉ាឃីន។ ប៉ុន្តែ ដំណើរការត្រូវជាប់គាំង ហើយគេមិនដឹងថា តើពេលណានឹងអាចចាប់ផ្តើមពិតប្រាកដនោះទេ។ មេទ័ពភូមា ធ្លាប់បានប្រកាសរួចហើយថា នឹងមិនទទួលយកវិញ ជនជាតិ រ៉ូហ៊ីងយ៉ា ដែលមិនមែនជាជនជាតិភាគតិចស្របច្បាប់នៅភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ