អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

លោក​ អំ​ សំអាត​៖ ​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​សួរ​ជា​ច្រើន​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​

មន្ត្រី​​របស់​​អង្គការ​​សិទ្ធិមនុស្ស​ក្នុង​​ស្រុក​ បាន​លើក​ឡើងថា​ ​កម្ពុជា​ នឹង​​ប្រឈម​​មុខ​​ខ្លាំង​​ចំពោះ​​ការ​​ចោទ​សួរ​​ពី​​តំណាង​​ប្រទេស​នានា​​ចំពោះ​​ស្ថានភាព​​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា​​បច្ចុប្បន្ន​នេះ​។​ បញ្ហា​សិទ្ធិ​មនុស្ស​​ដែល​​កម្ពុជា​​កំពុង​​កើត​ឡើង​​គឺ ​សេរីភាព​បញ្ចេញ​មតិ​និង​​ការ​ជួប​ជុំ ​សិទ្ធិ​​របស់​អង្គការ​​សង្គម​ស៊ីវិល​ និង​ការ​ឃុំ​ខ្លួន​ លោក​ កឹម​ សុខា ​ព្រម​ទាំង​​ស្ថាន​ភាព​​របស់​​សកម្ម​ជន​នយោបាយ​ជាដើម​។​ ការ​លើក​ឡើង​របស់​​មន្ដ្រី​​អង្គការ​​សិទ្ធិ​​មនុស្ស​​ក្នុង​​ស្រុក​​ដូច្នេះ​ ធ្វើ​​ឡើង​​ខណៈ​ពេល​​ដែល​​ក្រុម​ការងារ​​​ពិនិត្យ​​របាយ​ការណ៍​​សកល​​តាម​​កាល​កំណត់​ ឬ ​(UN-UPR)​ របស់​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​នៃ​​អង្គការ​​សហ​ប្រជា​ជាតិ ​នឹង​ធ្វើ​នៅ​​ថ្ងៃ​​ទី​៣០​ ខែ​​មករា​ ខាង​មុខ​​នេះ​។​

កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ)
កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ) @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ បានលើកឡើងថា ក្រុម​អង្គការ​សង្គមស៊ី​វិល​នៅកម្ពុជា​បានដាក់​របាយការណ៍​ដោយ​ឡែក​របស់ពួកគេ​ទៅ​កាន់ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជា​ជាតិ​រួច​រាល់​អស់​ហើយ​។​ ពោលគឺដំណាលគ្នា​នឹង​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជាដែរ។

​បើតាម​លោក អំ សំអាត កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ចោទសួរជាច្រើន​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្សបច្ចុប្បន្ន។ បញ្ហាធំៗ​ដែល​អង្គការ​សិទ្ធិមនុស្សបានលើកឡើង គឺ សេរីភាព​នៃការបញ្ចេញ​មតិ ការជួបជុំ សិទ្ធិអង្គការ​សង្គមស៊ីវិល ការ​ឃុំ​ខ្លួន​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​​លោក កឹម សុខា និង​ស្ថានភាព​របស់​សកម្មជន​នយោបាយជាដើម។ បញ្ហាទាំងអស់នេះ​គឺជាផ្នែកមួយនៃការ​ធ្លាក់​ចុះលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ដូចអ្វី​ដែល​សហភាព​អឺរ៉ុបបានលើកឡើងផងដែរ។ នេះជាការបន្ថែម​របស់​មន្រ្តី​សិទ្ធិមនុស្ស​ដដែល។

ដោយឡែក ​អ្នក​រាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា លោក​ស្រី រ៉ូណា ស្មីត បានកត់សំគាល់នៅក្នុង​របាយការណ៍​របស់​ខ្លួន​ទាក់​ទង​នឹង​​​ការ​បំបិទសិទ្ធិ​សេរីភាពអ្នកសារព័ត៌មាន អ្នក​ការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្ម​ជនបរិស្ថាន សង្គមស៊ីវិល និង​ករណី​ចាប់ និង​ឃុំខ្លួន​អ្នក​នយោបាយ ដូចជាលោក​កឹម សុខា ជាដើម។

សូមបញ្ជាក់ថា យន្តការ​របស់​អង្គការសហប្រជាជាតិ ​ពិនិត្យ​របាយការណ៍​សកល​តាម​កាលកំណត់ ឬ (UN-UPR) គឺធ្វើឡើង រៀងរាល់​៥​ឆ្នាំ​ម្ដង។

កាលពី​សម័យ​ប្រជុំលើកទី ៣១ នៅឆ្នាំ ២០១៤ កម្ពុជា ធ្លាប់​បានទទួល​អនុសាសន៍ចំនួន ១៦៣ ពីអង្គប្រជុំ ហើយនៅឆ្នាំ ២០១៩នេះ កម្ពុជា នឹង​បង្ហាញ​ថា​តើ​មាន​ប៉ុន្មាន​ចំនុច​ក្នុង​អនុសាសន៍ទាំងនោះ ដែលកម្ពុជាបាន​យក​មក​អនុវត្ត ឬ មិន​បាន​អនុវត្ត​ដោយសារ​បញ្ហាប្រឈម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ