លោក ប៊ិន ឈិន ទម្លាយពីខ្លឹមសារនៃកិច្ចចរចា
គ្មានអ្វីជាអាថ៌កំបាំងទៀតទេសម្រាប់ខ្លឹមសារនៃកិច្ចចរចារវាងគណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍។ គណបក្សទាំងពីរបានយល់ព្រមបង្កើនអាសនៈសភាដល់ ១២៥ កាត់បន្ថយយុទ្ធនាការឃោសនាមកនៅ ២១ ថ្ងៃ និងអាចអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធអាចឃោសនាបានដោយគ្មានឯកសណ្ឋាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៣
ខ្លឹមសារនៃកិច្ចចរចានេះត្រូវបានលោក ប៊ិន ឈិន ប្រធានក្រុមចរចាគណបក្សប្រជាជនកម្ពុជាទម្លាយឲ្យដឹងនៅក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃចន្ទទី២មីនានេះ។ លោក ប៊ិន ឈិន បានប្រាប់អ្នកចូលរួមសន្និបាតថា ខ្លឹមសារនៃកិច្ចចរចាមានបីចំណុចសំខាន់៖ ទី១ ការបង្កើនអាសនៈរដ្ឋសភាពី ១២៣ ដល់ ១២៥ ពោលគឺបង្កើននៅខេត្តព្រះសីហនុពីមួយកៅអីនាពេលបច្ចុប្បន្នឲ្យដល់៣កៅអី។ ទី២ គឺយុទ្ធនាការឃោសនាបោះឆ្នោតត្រូវបានកំណត់ត្រឹម ២១ថ្ងៃប៉ុណ្ណោះ ខុសពីមុនដែលមានរយៈពេលមួយខែ ក្នុងនោះគណបក្សនីមួយៗអាចដង្ហែការឃោសនាបានតែបួនដងប៉ុណ្ណោះ។ បើហែលើសពីនេះនឹងត្រូវផាកពិន័យ។
និងទី៣ កងកម្លាំងប្រដាប់អាវុធវិញអាចចូលរួមសកម្មភាពឃោសនាបោះឆ្នោតបានតែមិនត្រូវពាក់ស័ក្តិនិងឯកសណ្ឋានទេ។ ក្រៅពីនោះ គណបក្សទាំងពីរក៏បានឯកភាពមិនអនុញ្ញាតឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិចួលរួមសកម្មភាពឃោសនានយោបាយទេ។ ប្រសិនបើមានពួកគេត្រូវផាកពិន័យពី ១០ ទៅ ២០ លានរៀល។
សូមបញ្ជាក់ថា គណបក្សទាំងពីរនឹងត្រូវបន្តពិភាក្សាគ្នាទៀតនៅរសៀលថ្ងៃចន្ទនេះដើម្បីកែសម្រួលខ្លឹមសារ និងត្រួតពិនិត្យពាក្យពេចន៍មួយចំនួន។ នេះបើយោងតាមការបញ្ជាក់ពីលោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ។
នៅពេលបិទបញ្ចប់ការចរចា កាលពីល្ងាចថ្ងៃសៅរ៍ លោកសម រង្ស៊ី បានហៅលទ្ធផលនេះថាជាស្មារតីរួបរួមជាតិដោយឈរលើវប្បធម៌សន្ទនា និងអាចជាកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលបញ្ជាក់ថា អ្នកនយោបាយខ្មែរគ្រប់និន្នាការអាចធ្វើការជាមួយគ្នាបាន។ លោក ស ខេង តំណាងគណបក្សប្រជាជនកម្ពុជា ក៏បានយល់ស្របជាមួយលោក សម រង្ស៊ី និងបានអះអាងថា នឹងជំរុញកិច្ចការនេះឲ្យចេញជាធរមានក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ អង្គការសង្គមស៊ីវិលបានរិះគន់គណបក្សទាំងពីរថាបានគិតតែពីផលប្រយោជន៍នយោបាយរៀងៗខ្លួនច្រើនជាងប្រយោជន៍រួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ