អានតួអត្ថបទ
កម្ពុជា-សង្គម

​ខេត្ត​ចំនួន​៤​កំពុង​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​និង​ជំនន់​ទន្លេ​មេ​គង្គ​

ខេត្ត​ចំនួន​២​នៅ​ភាគ​ពាយ័ព្យ គឺ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ខេត្ត​ព្រះ​វិហារ កំពុង​រង​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង ចាប់​តាំង​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ដោយ​សារ​តែ​នៅ​ជួរ​ភ្នំ​ដង​រ៉ែក​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ដោយ​ឡែក​ខេត្ត​ចំនួន​២​ផ្សេង​ទៀត​ស្ថិត​នៅ​ភាគ​ឦសាន គឺ​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ កំពុង​ទទួល​រង​នូវ​ជំនន់​ទន្លេ​មេគង្គ​។ ក្រសួង​ធន​ធាន​ទឹក​ថា​ជំនន់​ទឹក​ភ្លៀង នឹង​ធូរ​ស្រាល ខណៈ​ភ្លៀង​ឈប់​ធ្លាក់​នៅ​ថ្ងៃ​នេះ តែ​ជំនន់​ទន្លេ​មេគង្គ​កំពុង​ដល់​កំរិត​ប្រកាស​អាសន្ន​។ 

ទឹកជំនន់
ទឹកជំនន់ @RFI
ផ្សាយពាណិជ្ជកម្ម

មក​ដល់​ម៉ោង​១១​ថ្ងៃ​ព្រហស្បតិ៍​នេះ ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹង​ត្រែង គឺ​មាន​កំពស់​១១,៩១​ម៉ែត្រ ខណៈ​កំរិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​គឺ ១០,៧០​ម៉ែត្រ ហើយ​កំរិត​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្នគឺ​១២ម៉ែត្រ​។ ដោយ​ឡែក នៅ​ខេត្ត​ក្រចេះ ទឹក​មាន​កំពស់​២១,៨០​ម៉ែត្រ ខណៈ​ដែល​កំរិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​គឺ​២២​ម៉ែត្រ និង​កំរិត​ប្រកាស​អាសន្ន​កំពស់​២៣​ម៉ែត្រ​។

តាម​រយៈ​កំពស់​ទឹក​នៅ​ខេត្ត​ទាំង​ពីរ​នៅ​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​នេះ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​ប្រាប់​វិទ្យុ​បារាំង​RFI ថា​ទឹក​ភ្លៀង​បាន​ធ្លាក់​យ៉ាង​គំហុក​ប្រមាណ​៤០០​មីលី​ម៉ែត្រ នៅ​លើ​ស្ថានីយ៍​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ថៃ​និង​ឡាវ នា​ផ្នែក​ខាង​លើ​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេ​គង្គនៅ​ខេត្ត​ពីរ​របស់​កម្ពុជា​មាន​ការ​ហក់​ឡើង​ខ្លាំង បណ្តាល​ឲ្យ​មាន​ការ​លិច​លង់​ជា​បន្ត​បន្ទាប់​។ ទោះ​យ៉ាង​ណា ក្រសួង​ធន​ធាន​ទឹក​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នៅ​លើ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​មេគង្គ។ នេះ​បើ​តាម​លោក ចាន់ យុត្ថា​។

ដោយ​ឡែក ជំនន់​ទឹក​ភ្លៀង ដែល​បាន​ជន​លិច​ហេដ្ឋា​រចនា​សម្ព័ន្ធ លំនៅ​ឋាន និង​ស្រែ​ចំការ នៃ​ផ្នែក​ខ្លះ នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​វិញ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ធន​ធាន​ទឹក​រូប​នេះ បញ្ជាក់​ថា​ជំនន់​នៃ​ខេត្ត​ទាំង​ពីរ​នេះ មាន​ការ​ធូរ​ស្រាល​ហើយ បន្ទាប់​ពី​ភ្លៀង​បាន​ថយ​ឥទ្ធិ​ពល​នៅ​ជួរ​ភ្នំ​ដង​រ៉ែក​។ ជាមួយ​គ្នា​នេះ ក្រសួង​ធន​ធាន​ទឹក ក៏​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ជំនន់​ទឹក​ស្ទឹង​សែន ខណៈ​កំពស់​ទឹក​ស្ទឹង​សែន ដែល​ហូរ​កាត់​ខេត្ត​កំពង់​ធំ​ផង​ដែរ​នោះ បាន​ឡើង​ដល់​កំរិត​១២​ម៉ែត្រ ដែល​ជា​កំរិត​ធ្វើ​ឲ្យ​មាន​ការ​លិច​លង់​។

ទោះ​យ៉ាង​ណា​ជំនន់​ទឹក​ភ្លៀង ត្រូវ​បាន​ក្រសួង​ធន​ធាន​ទឹក​វាយ​តម្លៃ​ថា បាន​ចាប់​ផ្តើម​ធូរ​ស្រាល ខណៈ​ជំនន់​ទន្លេ​មេគង្គ នៅ​បន្ត​គំរាម​កំហែង​ខេត្ត​ភាគ​ឦសាន នៅ​ឡើយ​។ សូម​បញ្ជាក់​ថាឥទ្ធិ​ពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួប​ផ្សំ​នឹង​ឥទ្ធិ​ពល​របស់​ព្យុះ​ទី ១៤ ឈ្មោះKAJIKI និង​ឥទ្ធិ​ពល​នៃ​ខ្យល់​មូសុង​និរតី​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុកនៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជានិង​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ ក្នុង​ប្រទេស​វៀត​ណាម ប្រទេស​ថៃនិង​ប្រទេស​ឡាវ​។ ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នេះជម្រុញ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ទៅ​ដល់​កម្រិត​មួយដែល​បង្ក​ឲ្យ​មាន​ការ​លិច​លង់​នៅ​ខេត្ត​មួយ​ចំនួនដែល​ស្ថិត​នៅ​អម​សង​ខាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ណែ​នាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ និង​អាជ្ញាធរ​ដែន​ដី​ទាំង​អស់ ត្រូវ​ចាត់​វិធាន​ការ​ចាំ​បាច់​នា​នា ត្រៀម​ទប់​ទល់​នឹង​គ្រោះ​ទឹក​ជំនន់ កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិ​បរមា​នូវ​ការ​លំ​បាក និង​ការ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ