លោក ហ៊ុន សែន រុញឲ្យប្រធានាធិបតីបារាំងពិនិត្យករណីដែលលោក សម រង្ស៊ី ថាមានគេតាមធ្វើឃាត
ប្រមុខបក្សកាន់អំណាចរបស់កម្ពុជា នៅថ្ងៃពុធនេះ បានបញ្ចេញប្រតិកម្មទៅនឹងលោក សម រង្ស៊ី ដែលបានចោទថា លោក ហ៊ុន សែន បានជួលឃាតករឲ្យតាមសម្លាប់រូបលោកនៅឯប្រទេសបារាំង។ បើតាម លោក ហ៊ុន សែន លោកមិនហ៊ាននឹងសម្លាប់សត្វមាន់ផង តើធ្វើម្តេចលោកអាចទៅជួលឃាតករឲ្យសម្លាប់មនុស្សបាន។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បានប្រកាសទុកលទ្ធភាពឲ្យ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ជាអ្នកពិនិត្យលើសំណុំរឿងមួយនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៣
ដោយទុកលទ្ធភាពឲ្យ លោក ម៉ាក្រុង ប្រធានាធិបតីបារាំងជាអ្នកពិនិត្យលើសំណុំរឿងនេះ លោក ហ៊ុន សែន ក៏បានលើកឡើងជាថ្មីទៀតពីករណីសម្លាប់ បណ្ឌិត កែម ឡី នៅកម្ពុជា។ លោកប្រមុខបក្សកាន់អំណាច បានចោទសួរម្តងទៀតថា តើអ្នកណាជាអ្នកទទួលបានផលចំណេញពីឃាតកម្មមួយនេះ? ហើយលោកអះអាងថា រដ្ឋាភិបាលរបស់លោកគ្មានផលចំណេញអ្វីពីឃាតកម្មនេះឡើយ។
សម្រាប់ករណីដែល លោកសម រង្ស៊ី បានចោទថា លោក ហ៊ុន សែន បានជួលឃាតករឲ្យតាមសម្លាប់លោកនៅប្រទេសបារាំងនោះ លោក ហ៊ុន សែន បានប្រកាសទុកលទ្ធភាពឲ្យ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ជាអ្នកពិនិត្យលើសំណុំរឿងមួយនេះ។ យ៉ាងណាក៏ដោយ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឆ្លើយតបមកកាន់វិទ្យុបារាំងអន្តរជាតិថា ខ្លួនមិនមានការធ្វើអត្ថាធិប្បាយអ្វីឡើយលើរឿងនេះ។
សូមជម្រាបថា កាលពីថ្ងៃទី១០ខែសីហា លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន បានជួលឃាតករបរទេសឲ្យប៉ុនប៉ងសម្លាប់រូបលោកនៅក្នុងប្រទេសបារាំង។ បើតាម លោកសម រង្ស៊ី រូបលោកគឺជាបន្លាធំជាងគេនៅក្នុងកែវភ្នែករបស់លោក ហ៊ុន សែន ទើបធ្វើឲ្យលោកប្រមុខគណបក្សប្រជាជនកម្ពុជា ជួលឃាតករប៉ុនប៉ងសម្លាប់រូបលោកបែបនេះ។
លោក សម រង្ស៊ី ក៏បានរំលឹកផងដែរថា គឺកាលពី៤-៥ខែមុន លោក ហ៊ុន សែនបាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់ឲ្យទៅចាប់រូបលោកនៅឯបរទេសហើយបញ្ជូនលោកទាំងបង្ខំ និងទាំងលួចលាក់មកកាន់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកសម រង្ស៊ី បានអះអាងថា នៅពេលនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនកំពុងជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើបលោកនាយករដ្ឋមន្រ្តីសម្រេចជួលឃាតករឲ្យសម្លាប់រូបលោកតែម្តង។ ក៏ប៉ុន្តែលោកសុខ ឥសាន ដែលជាអ្នកនាំពាក្យបក្សកាន់អំណាចបានបំភ្លឺថា ការចោទប្រកាន់របស់លោកសម រង្ស៊ីនេះគឺគ្រាន់តែចង់លើកតម្លៃខ្លួនឯងតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ