អានតួអត្ថបទ
កម្ពុជា

តំណាង​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​បដិសេធ​ថា​ មិន​បាន​ជួយ​អន្តរាគមន៍​ករណី​ប្រាក់​រាប់​លាន​ចូល​ប្រទេស​បារាំង​

ឯកអគ្គរាជទូត​កម្ពុជា​ប្រចំា​ប្រទេស​បារំាង ​លោក នុត ណារ៉ាង បាន​បដិសេធថា ​ខ្លួន​មិន​បាន​ជួយ​ធ្វើអ​ន្តរាគមន៍​ទៅ​កាន់​អាជ្ញាធរ​បារំាង ​ដើម្បី​ជួយ​សម្រួល​ឲ្យ​លោក​ ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​នាំយក​ប្រាក់​រាប់​លាន​ដុល្លារ​ចូល​ទៅ​ក្នុង​ទឹកដី​បារាំង​ ដើម្បី​ទិញ​ទឹក​ចិត្ត​ខ្មែរ​នៅ​បរទេស​នោះ​ទេ។​ តំណាង​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​បាន​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ​គឺ​ជា​ពាក្យ​មិន​ពិត។​

លោក​ ​នុត ណារ៉ាង ​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចំា​ប្រទេស​បារំាង​
លោក​ ​នុត ណារ៉ាង ​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចំា​ប្រទេស​បារំាង​ Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្តី​បដិសេធ​របស់​តំណាង​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង ​បាន​ធ្លាក់​មក​កាល​ពី​ថ្ងៃ​ទី​១៥​ធ្នូ ​ពោល​គឺ​នៅ​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​ តំណាង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​បាន​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​បារាំង​ ដើម្បី​សម្រួល​ឲ្យ​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ​នាំយក​ថវិកា​រាប់​លាន​ដុល្លារ​ចូល​ទៅ​កាន់​ប្រទេស​បារាំង។ ​ក៏​ប៉ុន្តែ​លោក​ នុត ណារ៉ាង ឯក​អគ្គរាជទូត​កម្ពុជា​ប្រចំា​ប្រទេសបារំាង បានបដិសេធយ៉ាងដាច់អហង្ការ​ថា ​មិន​បាន​ធ្វើ​អន្តរាគមន៍​ណា​មួយ​ទៅ​អាជ្ញាធរ​បារាំង​ ដើម្បី​សម្រួល​ឲ្យ​ (ក្មួយ) ហ៊ុន ម៉ាណែត ​នាំ​ប្រាក់​ចំនួន​៣​លាន​ដុល្លារ​ ឬ៦លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​ចូល​ប្រទេស​បារំាង​ដើម្បី​ទិញ​ទឹក​ចិត្ត​ខ្មែរ​នៅ​ទី​នោះ​ឡើយ។ ​នៅ​ក្នុង​សេចក្តី​បដិសេធ​នេះ ​លោក ​នុត ណារ៉ាង បាន​ចាត់​ទុក​ថា​ ការ​លើក​ឡើង​នេះ ​ជា​ពាក្យ​ពេចន៍​សុទ្ធសឹង​ជា​ប្រភព​គំនិត​ចេញ​មក​ពី​ឆន្ទៈ​បំផ្លិច​បំផ្លាញ​អំពី​ចិត្ត​អមនុស្ស ​និង​ថា​ ជាការ​បំផុស​បណ្តុះ​ពាក្យ​មិន​ពិត​ ក្នុង​គោលបំណ​ងបំផ្លាញ​មនុស្ស​គ្នា​ឯង។ មនុស្ស​បែប​នេះ ​ចាត់​ទុក​ជា​មនុស្ស​បំផ្លាញ​មនុស្ស​និង​សង្គម​ ដែល​គេ​ពុំ​អាច​ឲ្យ​ចូល​ក្នុង​សង្គម​បាន​ឡើយ។

​គួររំលឹក​ជូន​ថា​ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បារាំង ​ប៊ែល​ហ្សិក​ អាល្លឺម៉ង់ ​និង​ប្រទេស​ស្វីស​ កាល​ពី​ចុង​ខែ​វិច្ឆិកា​ និង​ដើម​ខែ​ធ្នូ​កន្ល​ង​ទៅ​នេះ​ ដើម្បី​ជួប​ជុំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ​និង​ដើម្បី​រៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​តំបន់​អឺរ៉ុប។ ​ប៉ុន្តែ​មាន​ព័ត៌មាន​លេច​ឮថា ​លោក ហ៊ុន ម៉ាណែត បាន​នាំ​យក​លុយ​៦​លាន​ដុល្លារ​ (ខ្លះ​ថា​៣​លាន​ដុល្លារ​) ទៅ​​ជាមួយ ​ដើម្បី​យក​ទៅ​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង។​ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ​ក្រុម​ការងារ​របស់​លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ ​និង​ផ្តល់​ថវិកា​ចំនួន​៣០០អឺរ៉ូ ដល់​អ្នក​ចូលរួម​ក្នុង​ពិធី​ម្នាក់​ៗ ​ហើយ​ថា ​លុយ​នោះ​ត្រូវ​បាន​គយ​បារាំង​ចាប់ ​ប៉ុន្តែ​ត្រូវ​ប្រគល់​មក​ឲ្យ​ក្រុម​ការងារ​វិញ ​ក្រោយ​ពីមាន​អន្តរាគមន៍​ពីស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង។ ​យ៉ាង​ណាក៏​ដោយ​ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​ បាន​ចេញ​មុខ​មក​ច្រាន​ចោល​ព័ត៌មាន​នេះ​រួច​ហើយ ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០១៥ ​តាម​រយៈ​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​លោក។

​នៅ​ក្នុងសំណេរ​ចុង​ក្រោ​យរប​ស់តំណាង​ទូត​ខ្មែរ​នៅ​ប្រទេស​បារាំង​ បាន​ថ្កោល​ទោស​យ៉ាង​ពេញ​ទំហឹង​ចំពោះ​អ្នក​ដែល​បាន​បំផុស​ព័ត៌មាន​នេះ​ឡើង​ និង​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​ខ្មែរ​រក្សា​ឲ្យ​បាន​នូវ​សេចក្តី​ថ្លៃថ្នូ ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ដើម្បី​ជាតិ​ខ្មែរ​គង់វង្ស។​ លោក​នុត ណារ៉ាង ​បាន​លើក​ឡើង​ថា ​សង្គម​ខ្មែរ​ត្រូវ​ការ​រួមគ្នា​ ថែ​ទាំ​គ្នា ​ទោះ​ជា​មិន​មាន​និន្នាការ​នយោបាយ​ស្រប​គ្នា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ