អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន ម៉ាណែត​៖ មិន​ទាន់​ដែល​គិត​​នៅឡើយទេ​ថា​នឹង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​

លោក​ ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ថា ​លោក​មិន​ទាន់​ដែល​បាន​គិត​នៅឡើយទេ​​ថា​នឹង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ ធ្វើ​ជា​មេដឹកនាំ​ប្រទេស​។ ​ការ​បញ្ជាក់​របស់​លោក​បែប​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ពេល​ដែល​មតិ​សាធារណៈ​បាន​ចាត់​ទុក​រូប​លោក​ និង​លោក​ ហ៊ុន ម៉ានី កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ​

លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស កាលពីថ្ងៃ​​ទី៣ ធ្នូ ២០១៥
លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស កាលពីថ្ងៃ​​ទី៣ ធ្នូ ២០១៥ RFI/Dyna Seng
ផ្សាយពាណិជ្ជកម្ម

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​នឹង​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ ​ថា​លោក​មិន​ទាន់​បាន​គិត​នៅ​ឡើយ​ទេ ​អំពី​រឿង​ចង់​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​ ហើយ​លោក​បាន​បន្ត​ថា​អ្វី​ដែល​លោក​កំពុង​តែ​គិត​នៅ​ពេល​នេះ​ គឺ​ទី​១​ ថា​តើ​លោក​បាន​បំពេញ​តួនាទី ​និង​ការ​ទទួល​ខុស​ត្រូវ​បាន​កម្រិ​ត​ណា​ហើយ? ​ហើយ​ត្រូវ​តែ​បំពេញ​ភារៈកិច្ច​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ជោគជ័យ។ ​ទី២ ​លោក​កំពុង​តែ​គិត​ពិចារណា​ថា​អ្វី​ដែល​លោក​នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត​សម្រាប់​ពេល​ខាង​មុខ​ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​របស់​លោក ​និង​ការ​ចូលរួមកា​រងារ​សង្គម។​

សូម​បញ្ជាក់​ថា​លោក ហ៊ុន ម៉ាណែត ពេល​នេះ​កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ក្រៅ​ផ្លូវ​ការ​មួយ ​ដើម្បី​ជួបជា​មួយ​នឹង​សមាជិក ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​បារាំង ​ប៊ិលហ្ស៊ិក ស្វីស និង​ប្រទេស​អាល្លឺម៉ង់​។ ដំណើរ​ទស្សនៈកិច្ច​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល ​ដែល​សភា​សហភា​អឺរ៉ុប​ទាមទារ​ឲ្យ​កម្ពុជា​លុប​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី។​

ចំពោះ​ការ​ដាក់​សម្ពាធ​ពី​សភា​សហភាព​អឺរ៉ុប ​ទាក់ទង​នឹង​លោក​ សម រង្ស៊ី ​នេះ​ដែរ ​លោក ​ហ៊ុន ​ម៉ាណែត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ លោក​គ្មាន​អ្វី​ដែល​ត្រូវ​អធិប្បា​យ​ទេ ​ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មួយ ​ដែល​មាន​អធិបតេយ្យភាព​របស់​ខ្លួន​។ ហើយ​លោក​ក៏​គ្មាន​គំរោង​ជួប​ជាមួយ​នឹង​មន្ត្រី​សហភាព​អឺរ៉ុប​ណាមួយដែ​រ។

​ទាក់ទង​នឹង​ការ​ងារ​យុវជន ​លោក​ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ​យុវជនក​ម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​ ទាំង​ស្ថាប័នរដ្ឋ​ ឯកជន ​និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន។​ ហើយ​រដ្ឋាភិបាល​បាន​បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​យុវជន​គ្រប់​ៗ​គ្នា ​តែ​ចំពោះ​លទ្ធភាព​ជោគជ័យ​កម្រិត​ណា ​គឺ​អាស្រ័យ​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​យុវជន។​

ដំណើរ​ទស្សនៈ​កិច្ច​​ជា​បន្ត​បន្ទាប់​របស់​គណបក្ស​កាន់​អំណាច​ទៅ​ក្រៅ​ប្រទេស ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​តែ​ប្រជែង​ទៅ​នឹង​គណបក្ស​ប្រឆាំង ​ដែល​កន្លង​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​គឺ​ជា​មូលដ្ឋាន​មួយ​របស់​គណបក្ស​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ