អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ប្រាប់​សកម្មជន​ទាំង​១១​នាក់​ថា​ប្រទេស​មហា​អំណាច​នឹង​ជួយ​ពួក​គេ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ប្រាប់​សកម្មជន​ទាំង​១១​ថា ពួកគេ​មិន​ឯកោ​ទេ​ពោល​គឺ​ប្រទេស​មហា​អំណាច​នឹង​ជួយ​រក​យុត្តិធ៌ម​ជូន​ពួក​គេ។ លោក កឹម សុខា ក៏​បាន​បង្ហើប​ពី​គម្រោង​ត្រៀម​ជួប​ជាមួយ​លោក ស ខេង ផង​ដែរ ដើម្បី​អន្តរាគមន៍​ករណី​នេះ។

លោក ​កឹម សុខា មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ។​
លោក ​កឹម សុខា មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​លូក​ដៃ​ពី​ប្រទេស​មហា​អំណាច​ក្នុង​ការ​ជួយ​រក​យុត្តិធម៌​ជូន​សកម្មជន​ទាំង​១១​នាក់​ដើម្បី​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ត្រូវ​បាន​លោក កឹម សុខា បញ្ជាក់​ទៅ​កាន់​ពួកគេ​ទាំង​នោះ​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​កក្ដដា​នេះ។

បន្ថែម​ពី​លើ​កិច្ច​អន្តរាគមន៍​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បើ​តាម លោក កឹម សុខា មាន​យុទ្ធសាស្ត្រ​ចំនួន​បី ដើម្បី​ឲ្យ​អ្នក​ទាំង​១១​នាក់​នោះ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ទី​១-ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់​តាម​រយៈ​ការ​បណ្ដឹង​ឧទ្ទរណ៍ ទី២- សើរើ​ឡើង​វិញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​បិទ​បញ្ចប់​វិបត្ត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន ទី៣-ជជែក​បន្ថែម​ទៅ​លើ​វប្បធម៌​សន្ទនា។   

ទាក់​ទង​វប្បធម៌​សន្ទនា​នេះ​លោក កឹម សុខា ក៏​គ្រោង​នឹង​ជួប​ជាមួយ​លោក ​ស ខេង ផងដែរ តែ​មិន​ទាន់​កំណត់​ថ្ងៃ។

ប្រធាន​ស្ដី​ទី​គណបក្ស​រូប​នេះ​ហាក់​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​វប្បធម៌​សន្ទនា​និង​កិច្ច​ព្រមព្រៀង​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន។ លោក​ជឿថា វា​អាច​នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​សេរីភាព​ឡើង​វិញ។ បើ​តាម លោក កឹម សុខា មុន​មាន​កិច្ច​ព្រម​ព្រៀង​២២​កក្ដដា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​មក​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក៏​ដោយសារ​តែ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។ 

ទាក់ទង​នឹង​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី ចំ​ថ្ងៃ​ឃុំ​ខ្លួន​សកម្មជន​ចំនួន​១១​នាក់​ លោក កឹម សុខា ថា លោក សម រង្ស៊ី មាន​គម្រោង​យូរ​ហើយ មិនមែន​ជា​ការ​គេច​វេស​នោះ​ទេ។ ចំណែក​ការ​រិះគន់​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​កូន​ស្រី​លោក​ទាំងពីរ​ លោក កឹម សុខា ថា នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​មិន​ផ្លូវ​ការ​នៅ​ក្នុង​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ថា ពេល​ខ្លះ​ហ្វេសប៊ុក​មាន​រឿង​ពិត​និង​មិន​ពិត។

គួរ​រំលឹក​ដែរ​ថា ​សកម្មជន ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ រួម​ទាំង​លោក​ មាជ​ សុវណ្ណារ៉ា ​ផង​នោះ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស ​កាល​ពី​ថ្ងៃទី២១ ខែកក្កដា ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ ​ពី​៧​ទៅ​២០ឆ្នាំ​ ពី​បទ​ដឹក​នាំ​កុប្បកម្ម បង្ក​ឲ្យ​មាន​ហិង្សា​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤ កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ