អានតួអត្ថបទ
កម្ពុជា

របាយការណ៍៖​ស្ប៉ត​ពាណិជ្ជកម្ម​តាម​TV បង្ហាញ​ហិង្សា​លើ​ស្ត្រី​ច្រើន​ជាង​គេ​

តាម​របាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា របស់​មូលធិនិ​អាស៊ី Asian Foundation បាន​បង្ហាញ​ឲ្យ​ដឹងថា កម្មវិធី​ដែល​លាយ​អំពើ​ហិង្សា​លើ​ស្ត្រី​ខ្លាំង​ជាង​គេ គឺ​ស្ប៉ត​ពាណិជ្ជកម្ម ជា​ពិសេស​គឺ​ទាក់ទង​នឹង​គ្រឿង​ស្រវឹង វីដេអូ​ចម្រៀង និង​រឿង​ភាគ​ដែល​នាំ​មក​ពី​បរទេស​។ របាយការណ៍​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ១៦​ថ្ងៃ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា នា​ព្រឹក​ថ្ងៃ​ទី ៣០​វិច្ឆិកា​នេះ នៅ​រាជធានី​ភ្នំពេញ​។

កម្មវិធីទូរទស្សន៍ ដែលកំពុងពេញនិយម។​
កម្មវិធីទូរទស្សន៍ ដែលកំពុងពេញនិយម។​ @RFI
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​ធ្វើការ​តាមដាន និ​ង​ស្រាវជ្រាវពិនិត្យទិន្នន័យ​ ទៅលើ​ទូរទស្សន៍ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅកម្ពុជា ចំនួន ៤ ចាប់​ពីខែមិនា ឆ្នាំ ២០១៦ ដល់ ខែកុម្ភៈ ឆ្នាំ ២០១៧ មូលនិធិអាស៊ី ឬ Asian Foundation បាន​ចេញ​ផ្សាយ​របាយការណ៍ ដែល​បញ្ជាក់ថា ការផ្សព្វផ្សាយ​ស្ប៉តពាណិជ្ជកម្ម​ទាក់ទងនឹងគ្រឿងស្រវឹង មាន​លាយ​ឡំដោយ​អំពើហិង្សា​លើស្ត្រី ច្រើនជាងកម្មវិធីផ្សេងៗទាំងអស់។ ហិង្សា​លើស្ត្រី ដែល​អង្គការនេះ កំណត់​ថា មាន ៣ គឺហិង្សា​ផ្លូវកាយ ផ្លូវភេទ និង​ហិង្សា​ផ្លូវចិត្ត។ តាម​មូលនិធិអាស៊ី ការ​ផ្សាយ​បែបនេះ គឺប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយសស្ត្រី ដែល​ត្រូវបាន​ចាត់​ទុកថា វាស្ថិនៅក្នុងអំពើហិង្សា​ផ្លូវចិត្ត ដោយ​អចេតនា។

បើ​និយាយ​ពីកម្មវិធីព័ត៌មានវិញ Asian Foundation ក៏បាន​បង្ហាញ​ថា មាន​ប្រព័ន្ធផ្សព្វផ្សាយ​មួយចំនួន បាន​​ផ្តល់​ព័ត៌មានពិស្តារ​ពីជនរងគ្រោះ ឬ ជនសង្ស័យ​ដែល​អាច​ធ្វើឲ្យមានការ​កំណត់​អត្តសញ្ញាណបាន ​រហូត​ ៨៩ ភាគរយនៃការផ្សាយ​សរុប។ ការ​បង្ហាញ​រូបភាព​ច្បាស់​របស់​ជនរងគ្រោះ ឬ ជនសង្ស័យ មាន​រហូតដល់ ៨៨ភាគរយ។ ការ​ស្តីបន្ទោស​ដល់​ជនរងគ្រោះ តាមរយៈសំណេរ ឬ ការ​អត្ថាធិប្បាយ មាន​សរុប ៦.៦ភាគរយ។ ការ​ផ្តល់​ព័ត៌មាន​ដោយ​មានភាពលម្អៀងយេនឌ័រ មាន​ ១.៣ភាគរយ។ និង​ការ​ផ្តល់​ព័ត៌មានពិស្តារ រហូ​ត​ហួសហេតុពេក មាន ០.៦ភាគរយ។

ក្រសួងព័ត៌មាន ​ក្រសួងកិច្ចការនារី និង​ដៃគូអភិវឌ្ឍ គឺអង្គការ UNDP ដែលបាន​ចូលរួម​ក្នុង​សិក្ខាសាលានោះ ក៏បាន​លើកឡើងពី​ភាពអវិជ្ជមាន​របស់​ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបញ្ចប់​អំពើហិង្សា​លើស្ត្រី និង​កុមារីផងដែរ។ ហើយ​ភាគីទាំងអស់ សំណូម​ពរឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេសកម្ពុជា ត្រូវ​​តែ​គិត​គូឲ្យ​មែនទែន ពីបញ្ហានេះ មុនពេល​ដែល​ក្រសួង​ពាក់ព័ន្ធ មាន​ចំណាត់​ការ​ផ្លូវច្បាប់ ដោយ​អាចជាការ​ផ្អាក ឬ បិទស្ថាប័នសារព័ត៌មានទាំងនោះ​ មិន​ឲ្យ​ដំណើរការ​តែម្តង ក្នុងហេតុផលនេះ។

សូម​បញ្ជាក់ថា សិក្ខាសាល​ពង្រឹងការរាយការណ៍តាម​ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីអំពើហិង្សា​លើ​ស្ត្រី នាពេលនេះ គឺធ្វើ​ឡើង ដើម្បីជា​ផ្នែកមួយ​នៃយុទ្ធនាការ​ ១៦ថ្ងៃ ដើម្បីបញ្ចប់​អំពើហិង្សាលើ​ស្ត្រី ឆ្នាំ២០១៧ ដែល​ជាកម្មវិធីសកល ធ្វើឡើងក្នុងអំឡុង​ថ្ងៃទី ២៥វិច្ឆិកា ដល់​ថ្ងៃទី ១០ខែធ្នូ ជារៀងរាល់​ឆ្នាំ។ ជាទូទៅ យុទ្ធនាការនេះ តែងតែ​បង្កើត​ការជួបជុំ​រវាង​រាជរដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល សកម្មជន និង​អង្គការ​សហប្រជាជាតិ ដើម្បីអំពាវនាវ​ឲ្យ​មនុស្សគ្រប់​រូប បញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ