MRC៖ ទឹកទន្លេមេគង្គឆ្នាំនេះ ស្ថិតក្នុងកម្រិតទាបបំផុតក្នុងកំណត់ត្រា២៧ឆ្នាំ
កម្ពស់ទឹកទន្លេមេគង្គក្នុងកំឡុងពេលរដូវទឹកជំនន់ នៅដើមខែមិថុនាដល់ខែកក្កដានេះ ស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងកំណត់ត្រា ដែលមិនធ្លាប់មាននារយៈពេល២៧ឆ្នាំចុងក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ MRC។ មន្ត្រីធនធានទឹកកម្ពុជាមិនជឿថា បញ្ហានេះជាប់ពាក់ព័ន្ធទៅនឹងការបង្ខាំងទឹកទុក សម្រាប់ដំណើរការវារីអគ្គិសនីនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៦
គណៈកម្មការទន្លេមេគង្គតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៨ ខែកក្កដា បានឲ្យដឹងថាកម្ពស់ទឹកទន្លេមេគង្គនាពេលនេះ គឺស្ថិតក្រោមកម្រិតទាបបំផុត ដែលធ្លាប់កត់ត្រា ប៉ុន្តែស្ថានភាពនេះ ត្រូវបានព្យាករណ៍ថានឹងល្អប្រសើរឡើងវិញនាចុងខែកក្កដាខាងមុខនេះ។
ស្ថានភាពទឹក ដែលមានកម្រិតទាបនេះ គឺគិតចាប់ពីស្រុកឆាងសែន ភាគខាងជើងប្រទេសថៃ មកខេត្តលួងព្រះបាង និងក្រុងវៀងចន្ទន៍របស់ប្រទេសឡាវ ហើយបន្តចុះមកអ្នកលឿងប្រទេសកម្ពុជា។ កម្ពស់ទឹកទន្លេមេគង្គ ដែលហូរកាត់តំបន់ខាងលើនេះ គឺស្ថិតក្នុងកម្រិតទាបជាងកម្ពស់ទឹកកាលពីឆ្នាំ១៩៩២ ដែលកាលពេលនោះគឺជាកម្ពស់ទឹកទាបបំផុតក្នុងទន្លេមេគង្គ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ស្ថានភាពជាក់ស្តែងនាពេលនេះ គឺទឹកទន្លេមេគង្គមានកម្រិតទាបជាងបណ្តាឆ្នាំកន្លងទៅ មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ។
បើតាមលោក ចាន់ យុត្ថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាប ដោយសារតែបាតុភូតអ៊ែលនីញូ(El Niño) ដែលកើតឡើងស្ទើរគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្វើឲ្យកម្តៅឡើងខ្ពស់ រំហួតខ្លាំង និងគ្មានភ្លៀង។
ឆ្លើយនឹងសំនួរ ដែលថាអាចមានការបង្ខាំងទឹកទុកសម្រាប់ដំណើរការរបស់វារីអគ្គិសនី ដែលស្ថិតនៅប៉ែកខាងលើទន្លេមេគង្គ ឬយ៉ាងណា លោក ចាន់ យុត្ថា បញ្ជាក់ថា ប្រសិនបើមានវារីអគ្គិសនីត្រូវបង្ខាំងទឹកទុក ក៏មិនមែនបង្ខាំងទុករហូតដែរ ពោលគឺគេត្រូវតែបើកទឹក ដើម្បីឲ្យដំណើរការទួប៊ីន ក្នុងគោលដៅផលិតជាថាមពលអគ្គិសនី។
ស្រដៀងគ្នានេះដែរ, គណៈកម្មការទន្លេមេគង្គក៏បានលើកឡើងពីមូលហេតុថា ដោយសារតែមានភ្លៀងធ្លាក់តិចចាប់ពីដើមឆ្នាំមក នៅផ្នែកខាងលើនៃអាងទន្លេមេគង្គក្រោម។ ក្រៅពីនេះក៏ដោយសារតែបរិមាណទឹកហូរពីផ្នែកខាងលើនៃអាងទន្លេមេគង្គ ដែលគេស្គាល់ថាទន្លេឡានឆាងបានថយចុះដោយសារតែទំនប់វារីអគ្គិសនីជីងហុងក្នុងប្រទេសចិនបន្ថយបរិមាណបង្ហូរទឹក ក្រោមហេតុផលជួសជុលវារីអគ្គិសនី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ