អានតួអត្ថបទ
កម្ពុជា

វាសនា​​សកម្មជន​​បក្ស​ប្រឆាំង​​ មិន​ទាន់​​ក្លាយ​ជា​​របៀប​វារៈ​​នៃ​​ការ​ជជែក​​គ្នា​​របស់​​បក្ស​​ទាំង​ពីរ​

គណបក្ស​​ជាប់ឆ្នោត​​ទាំងពីរ​​បាន​​បិទ​​បញ្ចប់​​រួចរាល់​​ហើយ​​នូវ​​ការ​ជជែក​​គ្នា​​អំពី​​ការកែ​ទម្រង់​​ច្បាប់​បោះឆ្នោត​ ។​ ប៉ុន្តែ​​ការ​ជជែក​​គ្នា​​អំពី​​វាសនា​​របស់​​លោកមា​ជ សុវណ្ណារ៉ា ​និង​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន​១០នាក់​​ផ្សេង​ទៀត​​វិញ​​នោះ​ នៅ​​មិន​ទាន់​​ត្រូវ​បាន​​បក្ស​​ទាំងពីរ​​កំណត់​​កាល​បរិច្ឆេទ​​ច្បាស់លាស់​​ណាមួយ​ ដើម្បី​​ជួបគ្នា​​នោះ​ទេ​​មក​ដល់​ពេលនេះ។​

លោកកឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ចុះ​ទៅ​សួរ​សុខទុក្ខ​សកម្មជន​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ មីនា
លោកកឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ចុះ​ទៅ​សួរ​សុខទុក្ខ​សកម្មជន​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ មីនា @Kem Sokha's Facebook Page
ផ្សាយពាណិជ្ជកម្ម

មកដល់ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​លើកសំណើ​ជួបគ្នា​ជា​ផ្លូវការ​ណាមួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​ទាំង១១នាក់​ដែល​ខ្លះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​ខ្លះទៀត​កំពុង​ស្ថិតក្រោម​ការឃ្លាំមើល​ពី​សំណាក់​តុលាការ។ តែ​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ខ្លួន​មិនបាន​នៅ​ស្ងៀម​ទេ​ចំពោះ​បញ្ហា​នេះ។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រិះរក​មធ្យោបាយ​ស្របច្បាប់​ដោយ​សន្តិវិធី ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ទាំងអស់នោះ។ ក៏ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា​រូបនេះ មិនបាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ ដើម្បី​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

សូមបញ្ជាក់ថា លោកមា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ចំនួន១០នាក់​ទៀត ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​ដឹកនាំ​កុបកម្ម និង​អំពើ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​ដែល​បាន​បណ្តាល​ឲ្យ​​​កើតមាន​អំពើហិង្សា​នៅក្បែរ​​ទីលាន​ប្រជាធិបតេយ្យ​កាល​ថ្ងៃទី១៥ កក្កដា​ឆ្នាំ២០១៤កន្លងទៅ។ ក្នុងចំណោម​នោះ​លោកមា​ជ សុវណ្ណារ៉ា និង សកម្មជន​បួន​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​ចាប់ឃុំខ្លួន​បណ្តោះ​អាសន្ន រីឯ៦នាក់​ទៀត​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ។ លោកមា​ជ សុ​ណ្ណា​រ៉ា ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​របស់លោក​ជា​បន្តបន្ទាប់។ កាលពី​ថ្ងៃ​ពុធ តុលាការ​កំពូល​ក៏បាន​ទាត់​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក​ផងដែរ។ គឺ​នៅ​តុលាការ​កំពូល​នេះហើយ លោកមា​ជ សុវណ្ណារ៉ា ត្អូញត្អែរថា លោក​គ្មាន​សង្ឃឹមថា នឹង​បាន​នៅក្រៅ​ឃុំ​នោះទេ បើសិនជា​មេដឹកនាំ​គណ​ប​បក្ស​ទាំងពីរ​មិន​ព្រម​ចរចា​គ្នា​នោះ។

ចំពោះ​ការលើកឡើង​នេះ លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្នុងពេល​ចុះទៅ​សួរសុខទុក្ខ​សកម្មជន​របស់ខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃ​ព្រហស្បតិ៍ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា គណបក្ស​ប្រឆាំងនឹង​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​គ្នា​ជាមួយ​គណបក្ស​កាន់អំណាច ប៉ុន្តែ​លោក​ក៏​មិនបាន​បង្ហាញ​កាលបរិច្ឆេទ​ច្បាស់លាស់​នោះដែរ។ ទាំង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា សុទ្ធតែ​សង្ឃឹមថា បញ្ហា​សកម្មជន​បក្សប្រឆាំង​នេះ​នឹង​បញ្ចប់​ព្រម​គ្នា​ជាមួយ​ច្បា​ប់គ.ជ.ប និង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី​តែម្តង។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ បាន​បង្ហើប​ប្រាប់​វិ​ទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ទាំងពីរ​អាច​នឹង​ជួប​ជជែក​គ្នា​ពី​រឿង​សកម្មជន​បក្សប្រឆាំង​នៅ​ខែក្រោយ​នេះ បន្ទាប់​លោក​កឹម សុខា វិលត្រឡប់​មកពី​សហ​រដ្ឋ​អាមេរិក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ