អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ស្វែង​រក​កិច្ច​ការពារ​សន្តិ​សុខ​ពី​សហ​រដ្ឋ​អាមេរិក ​នៅ​ពេល​ក្រុម​របស់​លោក​មក​ដល់​កម្ពុជា​

លោក សម រង្ស៊ី និង​ក្រុម​មន្រ្តី​ស្និទ​របស់​លោកមួយក្រុម​កំពុង​តែ​មាន​វត្តមាន​នៅសហរដ្ឋអាមេរិក​តាំងពីថ្ងៃទី១៦​កញ្ញាកន្លងមកនេះ ដែល​ត្រូវ​បានគេ​អះអាងថា ​ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ការពារ​សន្តិសុខ​ដល់​​ក្រុម​មន្រ្តី​បក្សប្រឆាំង​នៅពេលពួកគេ មកដល់​កម្ពុជានៅថ្ងៃទី៩​វិច្ឆិកាខាងមុខ។ ក៏ប៉ុន្តែ​សម្រាប់មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​​ចាត់​ទុក​ការ​ផ្តល់​ទីតាំង​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​ធ្វើ​សកម្ម​ភាព​នៅសហរដ្ឋអាមេរិកបែបនេះថា ​អាមេរិក​កំពុងគាំ​ទ្រ​ចលនា​«ភេរវកម្ម»។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី និង​លោកស្រី ជូឡុង ស៊ូម៉ារ៉ា ព្រម​ទាំង​សហការី​មួយ​ចំនួន​ទៀត បាន​ជួប​តំណាង​រាស្ត្រ​អាមេរិកាំង លោក Ted Yoho នៅរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១៩​កញ្ញា​ ​បន្ទាប់​ពី​ក្រុម​លោក​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក កាល​ពី​រសៀល​ថ្ងៃ​ទី១៨​កញ្ញា​។

​ជំនួប​រវាង​ប្រធានស្តីទី​បក្សប្រឆាំងជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​នៅពេលនេះ ត្រូវបាន​គេអះ​អាង​ថា​ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ការពារ​សន្តិសុខ​ដល់​​ក្រុម​មន្រ្តី​បក្សប្រឆាំង​នៅពេលពួកគេមកដល់​កម្ពុជានៅថ្ងៃទី៩​វិច្ឆិកាខាងមុខ។

មន្ត្រី​ជាន់ខ្ពស់ម្នាក់​របស់គណបក្សប្រឆាំងនៅ​សហរដ្ឋអាមេរិកគឺ លោក ប៉ុន សៅរី ត្រូវបាន​ដក​ស្រង់​សំដីមកថា ក្រៅពីស្នើ​ឲ្យ​អាមេរិក​ជួយការពារសន្តិសុខ​ដល់​ក្រុម​មន្រ្តី​បក្សប្រឆាំងទាំងនោះ គណបក្សនេះ​ក៏បាន​ស្នើ​ឱ្យ​សមាជិកសភា និង​ព្រឹទ្ធិ​សភា​សហរដ្ឋអាមេរិក​ឱ្យ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ និង​ជួយ​តាមដាន​លើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ផង​ដែរ។

ក៏ប៉ុន្តែក្នុង​សន្និសិទសារព័ត៌មាន​ កាលពីថ្ងៃព្រហស្បតិ៍ អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ​អាមេរិក​កំពុង​គាំទ្រ​ដល់​ចលនា​ភេរវកម្ម ​ប្រឆាំង​រដ្ឋមួយ ​តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទីតាំង​ក្នុងប្រទេស​ខ្លួន ហើយ​អនុញ្ញាត​ឱ្យ​ក្រុម​នេះ​ ប្រមូល​លុយ​ ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

បើតាមលោក​ ផៃ ស៊ីផាន ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​អាមេរិក ​ចំពោះ​ការ​គាំទ្រចលនា​​នេះ តែ​ដោយ​សារ​កម្ពុជា​នៅ​តែ​ចាត់​ទុក​អាមេរិក​ជា​ដៃ​គូ​សហការ​ល្អ​​ ទើប​រក្សា​សិទ្ធិ​មិន​ប្ដឹង​ប្រទេសមហាអំណាច​មួយនេះទេ​។

តែ​សម្រាប់ លោកស្រី មូរ សុខហួរ គណបក្ស​សង្រ្គោះ​ជាតិ មិន​មាន​គោល​បំណង​ណា​មួយ​ក្នុង​ការ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​នោះ​ទេ ខណៈ​លោក​ស្រី​បញ្ជាក់​ថា ថវិកា​ដែល​ប្រមូល​បាន​ក៏​មិន​មែន​ជា​ថវិកា​របស់​រដ្ឋា​ភិបាល​អាមេរិក​ដែរ ពោល​គឺ​ជា​ថវិកា​របស់​ពលរដ្ឋខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ