អានតួអត្ថបទ
កម្ពុជា

លោក​ម៉ៅ មុនី​វណ្ណ នឹង​ចុះទៅពិនិត្យ​ព្រំដែន​រតនគីរី បើទោះជា​មានការ​គំរាម​បាញ់សម្លាប់

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជា៦រូប ដឹកនាំ​ដោយ​លោក ម៉ៅ មុន្នី​វណ្ណ កំពុង​ស្ថិតនៅលើ​ដងផ្លូវ​ឆ្ពោះទៅកាន់​ខេត្ត​រតនគីរី ដើម្បី​ពិនិត្យមើល​ស្រះ​ទឹក​ចំនួន៥ ដែល​ប្រជាពលរដ្ឋ​ខេត្ត​រតនគីរី​បាន​អះអាងថា វៀតណាម​បាន​ជីក​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​ត្រង់ចំណុច​​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគីរី។ ក្រុម​អ្នកតំណាងរាស្ត្រ​បាន​អះអាងថា នឹង​មិន​​បារម្ភ​​ពី​សុវត្ថិភាព​របស់ខ្លួន​នោះទេ បើទោះបីជា​ទាហាន​វៀតណាម​​បាន​ព្រមាន​​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ក្តី។

លោក ម៉ៅ មុនីវណ្ណ (ឈរពាត់ដៃទៅក្រោយ) អនុប្រធាន​គណៈកម្មការ​ទី​៩​របស់​សភាជាតិ ​និង​សមាជិក​បាន​ទៅ​ដល់​ព្រំដែន​កម្ពុជា​វៀតណាម ​មើល​ការ​ខូចខាត​នៃ​ដំនាំ​របស់​កសិករ​កម្ពុជា។​
លោក ម៉ៅ មុនីវណ្ណ (ឈរពាត់ដៃទៅក្រោយ) អនុប្រធាន​គណៈកម្មការ​ទី​៩​របស់​សភាជាតិ ​និង​សមាជិក​បាន​ទៅ​ដល់​ព្រំដែន​កម្ពុជា​វៀតណាម ​មើល​ការ​ខូចខាត​នៃ​ដំនាំ​របស់​កសិករ​កម្ពុជា។​ ហ្វេសបុករបស់លោក ម៉ៅ មុនីវណ្ណ
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការប្រែប្រួល​នោះទេ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក ម៉ៅ មុន្នី​វណ្ណ នឹងធ្វើ​ដំណើរ​ទៅដល់​ចំណុច​ព្រំដែន​កម្ពុជា-វៀតណាម ត្រង់ចំណុច​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ​ខេត្ត​រតនគីរី នៅ​ព្រឹក​ថ្ងៃទី៨មិថុនា​ខាងមុខនេះ ដើម្បី​ពិនិត្យមើល​ស្រះ​ទឹក​ចំនួន៥ ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគីរី​បាន​អះអាងថា វៀតណាម​បាន​ជីក​ចូលក្នុង​ទឹកដី​កម្ពុជា។ មុន​មានដំណើរ​ទៅនេះ អាជ្ញាធរ​វៀតណាម​បាន​ព្រមាន​កាលពី​បី​ថ្ងៃមុន​ថា នឹង​ប្រើ​កាំភ្លើង​បាញ់​មកលើ​ក្រុម​អ្នកតំណាងរាស្ត្រ ប្រសិនបើ​មានការ​ចុះទៅ​មែន។ ប៉ុន្តែ លោក ម៉ៅ មុន្នី​វណ្ណ បាន​អះអាងថា លោក​មិន​បារម្ភ​ពី​ការព្រមាន​នេះ​ទេ ព្រោះថា អ្វីដែល​លោក​និង​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ធ្វើ​នៅពេលនេះ គឺជា​ការអនុវត្ត​ទៅតាម​តួនាទី​របស់លោក​ជា​អ្នក​តំណាងរាស្ត្រ ការពារ​ផលប្រយោជន៍ និង​បូរណភាព​ទឹកដី​កម្ពុជា។

លោក ម៉ៅ មុនី​វណ្ណ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ភ្នំពេញ​ចំនួន៧រូប រួមជាមួយ​នឹង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​រតនគីរី​ប្រមាណ​ជា១០០នាក់ នឹង​ចុះទៅ​ពិនិត្យមើល​ស្រះ​ទឹក​ទាំង៥ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូ​យ៉ាង​ដាវ​ខេត្ត​រតនគីរី​បាន​អះអាងថា អាជ្ញាធរ​វៀតណាម​បាន​ជីក​ចូលក្នុង​តំបន់​ហាម​ឃាត។ ជា​តំបន់ហាមឃាត់ ដោយសារតែ​នៅ​ចំណុច​ខ្សែបន្ទាត់​ព្រំដែន​លេខ៦២៣ចន្លោះ​ពី​បង្គោល​ព្រំដែន​លេខ៣០-៣១នេះ ភាគី​កម្ពុជា-វៀតណាម នៅ​មិន​ទាន់​បាន​ឯកភាពគ្នា​បោះបង្គោល​នៅឡើយ ស្រាប់តែ​អាជ្ញាធរ​វៀតណាម បាន​ជីក​ស្រះ​ជា​ឯកតោ​ភាគី​ដើម្បី​យកទៅ​ស្រោចស្រប​ដំណាំ​ម្រេច​និង​កៅស៊ូ​នៅក្បែ​នោះ​ទៅវិញ។

បើតាម​លោក ឆាយ ធី មន្ត្រី​សម្របសម្រួល​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត​រតនគីរី បាន​បញ្ជាក់ថា មាន​ស្រះ​ទឹក​ដល់​ទៅ៧ឯណោះ ដែល​វៀតណាម​បាន​ជីក នៅ​តំបន់​ហាម​ឃាត់​​នេះ ប៉ុន្តែ​ស្រះ​បី​ទើបតែ​ជីក​កាលពីពេលថ្មីៗនេះ។ មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​អាដហុក​រូប​នេះ ​បាន​បញ្ជាក់ថា លោក​នឹង​តាមដាន​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី៨មិថុនា ព្រោះ​បារម្ភ​ពី​អំពើហិង្សា​កើតឡើង។

គួរ​កត់សំគាល់ថា បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម មិនទាន់​ស្ងប់ស្ងាត់​នោះទេ បើទោះបីជា រដ្ឋាភិបាល​ទាំងពីរ បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន​តាម​កិច្ចព្រមព្រៀងថ្មីៗនេះ​ក្តី។ ចំណុច​មួយចំនួន​បានចាប់ផ្តើម​កំរើក​ឡើងវិញ ដូចជា​ករណី​នៅ​ភូមិ​ជាំ ស្រុក​មេមត់​ខេត្ត​ត្មូ​ង​ឃ្មុំ និង​ករណី​នៅ​ខេត្តតាកែវ​ជាដើម។

បើតាម​គម្រោង ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​ដំណើរ​ទៅដល់​ខេត្ត​រតនគីរី​នៅ​យប់​នេះ​សម្រាក​មួយ​យប់ មុនពេល​ពួកគេ​ធ្វើដំណើរ​ចុះទៅ​តំបន់​ព្រំដែន​នៅ​ចំណុច​​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ​ខេត្ត​រតនគីរី ដែលមាន​ចម្ងាយ​ប្រមាណ​ជា៧០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ